(ភ្នំពេញ)៖ ជារឿងមិនគួរឱ្យជឿសោះថា ប្រាសាទបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ ត្រូវបានគេរុះរើផ្លាស់ទៅតាំងនៅកន្លែងថ្មីទៅរួច ដោយមិនខ្លាចពីហានិភ័យខូចខាតប្រាសាទ ឬខុសទម្រង់ដើម ខណៈប្រាសាទនេះនៅតែមានភាពល្បីល្បាញដដែល។
ប្រាសាទនោះមានឈ្មោះថា ប្រាសាទអាប៊ូស៉ីមបែល (Abu Simbel) ស្ថិតនៅភាគខាងត្បូងប្រទេសអេហ្ស៉ីប ដែលត្រូវបានសាងសង់ដោយព្រះចៅរ៉ាមសែសទី២។ តាំងពីការដួលរលំចក្រភពអេហ្ស៉ីបថ្មីនោះមក ប្រាសាទនេះត្រូវបានកប់ទៅក្នុងវាលខ្សាច់អស់ពេលជាង៣០០០ឆ្នាំមកហើយ។ ពួកបស្ចិមលោកពុំបានដឹងស្គាល់សោះឡើយពីវត្តមានប្រាសាទនេះ តែមកដល់ឆ្នាំ១៨១២ ក៏មានអ្នកស្រាវជ្រាវជនជាតិស្វ៉ីសម្នាក់បានប្រទះឃើញប្រាសាទនេះ តាមរយៈក្បាលរូបសំណាកធំៗកម្ពស់ជាង២០ម៉ែត្រលេចចេញផុតពីដីខ្សាច់។
រយៈពេល៤ឆ្នាំបន្ទាប់ពីការរកឃើញនោះ រដ្ឋាភិបាលអេហ្ស៉ីបក៏បានអនុវត្តគម្រោងកាយយកខ្សាច់ចេញពីបរិវេណប្រាសាទ ក៏ប៉ុន្តែដោយសារតែទីតាំងដាច់ស្រយាល ទើបធ្វើឱ្យការងារនេះប្រព្រឹត្តទៅយឺតយ៉ាវ និងលំបាកជាទីបំផុត ហើយប្រាសាទនេះពុំបានរៀបចំឱ្យពេញលក្ខណៈឡើងវិញឡើយរហូតទៅដល់ឆ្នាំ១៨៨០។
ក្នុងឆ្នាំ១៩៦០ ដើម្បីជួយអភិវឌ្ឍផ្នែកថាមពលវារីអគ្គិសនីនៅប្រទេសអេហ្ស៉ីប សហរដ្ឋអាមេរិកបានជួយដល់ប្រទេសនេះធ្វើទំនប់វារីអគ្គិសនីនៅអាសវ៉ាន ដើម្បីទប់ទឹកបឹងណាស័រ។ ក្រោយពីការធ្វើទំនប់វារីអគ្គិសនីនោះរួចមក ជារៀងរាល់ឆ្នាំតែងមានគ្រោះទឹកជំនន់នៅជុំវិញបឹងណាស័រនោះ ក្នុងនោះមហាប្រាសាទអាប៊ូស៊ីមបែលក៏រងគ្រោះមហន្តរាយដែរ។
ដោយសារតែមូលហេតុខាងលើនេះហើយ ទើបជំរុញឱ្យមានការបើកកិច្ចប្រជុំមួយដើម្បីបង្កើតគម្រោងជួយសង្គ្រោះប្រាសាទអាប៊ូស៉ីមបែល។ នៅឆ្នាំ១៩៦៤ គម្រោងអន្តរជាតិមួយក៏បានចាប់ផ្តើមដំណើរការសង្គ្រោះប្រាសាទនេះ ដោយមានការផ្តល់មូលនិធិជំនួយពីប្រទេសប្រហែល៥០លើសកលលោក។ ក្រោមថ្វីដៃវិស្វកម្មដ៏ជំនាញ ប្រាសាទនេះត្រូវបានគេកាត់ចេញជាចំណែកៗជាង១០០០ផ្នែក ហើយយត្រូវបានដឹកជញ្ជូនផ្លាស់ទៅខាងក្រោយបន្តិច ដែលមានកម្ពស់៦៤ម៉ែត្រពីទឹកទន្លេនីល ហើយប្រាសាទត្រូវបានគេតភ្ជាប់ឡើងវិញនៅឆ្នាំ១៩៦៨៕