(ភ្នំពេញ)៖ គេហទំព័រដែលឯកទេសខាងណែនាំគោលដៅទេសចរណ៍ Trip Advisor បានណែនាំគោលដៅវិស្សមកាលពិសេសៗទាំង១០ សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទូទាំងសកលលោក ក្នុងនោះក៏មានគោលដៅនៅប្រទេសកម្ពុជាយើងដែរ។
គោលដៅវិស្សមកាលពិសេសៗទាំង១០នោះ រួមមាន៖
១០. ក្រុងក្រាកូវ (Kraków) ប្រទេសប៉ូឡូញ
ទីក្រុងក្រាកូវជាទីក្រុងដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដំបូងគេរបស់អង្គការយូណេស្កូ។ ទីនោះគឺមានទីតាំងប្រវត្តិសាស្ត្រ និងសំណង់ស្ថាបត្យកម្មដ៏សម្បូរបែប ដូចជា The Wawel Castle, Main Square, St. Mary's Church និង Kazimierz District ដែលត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលវប្បធម៌របស់អឺរ៉ុប។
៩. ក្រុងកោដ្ឋមណ្ឌល (Kathmandu) ប្រទេសនេប៉ាល់
កុដ្ឋមណ្ឌលជារដ្ឋធានីនៃប្រទេសនេប៉ាល់ ដែលហ៊ុំព័ទ្ធដោយជ្រលងភ្នំ និងពោរពេញដោយទីតាំងប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ទីសក្ការបូជានៃព្រះពុទ្ធសាសនា និងភូមិដ្ឋានប្លែកជាច្រើនទៀត។
៨. ក្រុងបាគូ (Baku) ប្រទេសអាហ្ស៊ែបៃហ្សង់
នៅក្នុងទីក្រុងនេះគឺមានទីទស្សនាជាច្រើន ដូចជា កំពង់ផែផ្លូវសូត្រ (ផ្លូវសូត្រសមុទ្រ) ទីក្រុងបុរាណ វិហារឥស្លាម សំណង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ កំពែងទីក្រុង រួមទាំងវិមានប្រណីតៗផ្សេងទៀត ហើយក៏មានទស្សនីយភាពសិល្បៈ វប្បធម៌ និងសកម្មភាពអាជីវកម្មដ៏រស់រវើក។
៧. ក្រុងហ្វេស (Fes) ប្រទេសម៉ារ៉ុក
ទស្សនីយភាពវប្បធម៌នៅទីក្រុងហ្វេស (Fes) នឹងនាំលោកអ្នកទៅកាន់មជ្ឈិមសម័យ (សម័យកណ្ដាលនៃប្រវត្តិសាស្ត្រពិភពលោក)។ សាកលវិទ្យាល័យចំណាស់ជាងគេបំផុត គឺសាកលវិទ្យាល័យ Al-Karaouine ដែលស្ថិតនៅទីក្រុងនេះឯង ពោលមិនមែនជាសាកលវិទ្យាល័យ Oxford ឬ Sorbonne នោះទេ។
៦. ខាយម៉ាន (Grand Cayman) កោះខាយម៉ាន
ទៅដល់ Grand Cayman អ្នកនឹងចាសផុតពីភាពមមាញឹក លែងរវល់ពីកិច្ចការងារអ្វីទាំងអស់ ដោយទីនោះពោរពេញសន្តិភាព ភាពស្ងប់ស្ងាត់ អមជាមួយសេវាកម្មម៉ាស្សាយ៉ាងពេញចិត្ត ទស្សនាកម្សាន្តនៅតាមឆ្នេរខ្សាច់ជាដើម។ កោះខាយម៉ានជាកោះតូចមួយនៅក្នុងលម្ហសមុទ្រការីបង់។
៥. ក្រុងឈៀងម័យ (Chiang Mai) ប្រទេសថៃ
ឈៀងម័យគឺជាគោលដៅទេសចរណ៍វប្បធម៌និងធម្មជាតិមួយនៅភាគខាងជើងប្រទេសថៃ។ នៅទីនោះក៏សម្បូរទៅដល់សំណង់បុរាណចម្រុះវប្បធម៌ អមដោយទេសភាពធម្មជាតិគួរជាទីទាក់ទាញ។ ទីក្រុងនេះធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌បុរាណ និងជារាជធានីរបស់អាណាចក្រឡានណា (Lanna Kingdom) មុនក្លាយជាផ្នែកមួយនៃប្រទេសថៃបច្ចុប្បន្ន។
៤. ក្រុងសៀមរាប ប្រទេសកម្ពុជា
អ្នកណាក៏ល្បីអំពីប្រាសាទអង្គរវត្ត និងតំបន់អង្គរនៃខេត្តសៀមរាបនេះដែរ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ធំមួយរបស់អង្គការយូណេស្កូ (១៩៩២)។ គ្មានតំបន់ណាមានសំណង់ស្ថាបត្យកម្មបុរាណច្រើនដូចតំបន់អង្គរនេះឡើយ គ្មានប្រាសាទណាទាក់ភ្នែកទាក់ចិត្តដូចប្រាសាទអង្គរវត្តនោះឡើយ ហើយក៏គ្មានក្បូរក្បាច់ចម្លាក់បុរាណឯណា ស្រស់ស្អាតនិងរស់រវើកដូចក្បូរក្បាច់ចម្លាក់បុរាណនៅតាមប្រាសាទនានានៃតំបន់អង្គរនេះដែរ។ តាមរយៈការទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ក្រុងអង្គរធំ បារាយណ៍ ទស្សនាថ្ងៃរៀបលិចនៅភ្នំបាខែង ប្រាសាទបន្ទាយស្រី ភ្នំគូលែន ប្រាសាទបាគង សហគមន៍នៅបឹងទន្លេសាប ភ្ញៀវទេសចររឹតតែជក់ចិត្តចំពោះគុណតម្លៃដ៏មហស្ចារ្យនៃមរតកបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរសម័យបុរាណ។
៣. កោះម៉ូរីស (Mauritius)
កោះម៉ូរីសជាកោះធំមួយនៅជិតទ្វីបអាហ្វ្រិក និងនៅភាគខាងលិចមហាសមុទ្រឥណ្ឌា។ កំពង់ផែល្វី (Port Louis) គឺជាកំពង់ផែដែលមានសកម្មភាពពាណិជ្ជកម្មដ៏មមាញឹក។ អ្នកទស្សនាភាគច្រើនងាកទៅរកតំបន់រមណីយដ្ឋាន ដូចជា Mont Choisy ដែលមានភាពស្ងប់ស្ងាត់ និងនៅ Trou-aux-Biches និង Flic en Flac ដែលពោរពេញដោយភាពអ៊ូអរ។ បើនិយាយអំពីទេសភាពវិញ កោះម៉ូរីសគឺប្រៀបដូចឋានសួគ៌ត្រូពិកយ៉ាងដូច្នេះដែរ។
២. ក្រុងហួយអាន (Hoi An) ប្រទេសវៀតណាម
ហួយអានគឺជាទីក្រុងបេតិកភណ្ឌនិងប្រវត្តិសាស្ត្រនៅភាគកណ្ដាលប្រទេសវៀតណាម ដោយសារតែទីនោះធ្លាប់ជាទីក្រុងបុរាណ និងជាកំពង់ផែពាណិជ្ជកម្មរបស់អាណាចក្រដាយវៀតនាមជ្ឈិមសម័យ (Dia Viet Kingdom) ចាប់ពីសតវត្សទី១៥-១៩។ ក្រៅពីនេះក៏មានទីកម្សាន្តនៅតាមឆ្នេរសមុទ្រ និងបណ្ដាកោះផងដែរ។
១. ទីក្រុងហាវ៉ាណា (Havana) ប្រទេសគុយបា
ទីនោះគឺជាគោលដៅទស្សនាសំណង់ស្ថាបត្យកម្មអាណានិគមអេស្ប៉ាញ ជាមួយនឹងបរិយាកាសក្បែរមាត់សមុទ្រដ៏ស្រស់ថ្លា ដែលប្រៀបដូចជាពិភពវប្បធម៌បុរាណសល់នៅកណ្ដាលទីក្រុងទំនើប ព្រមទាំងមានការរៀបចំយ៉ាងអស្ចារ្យសម្រាប់ទទួលភ្ញៀវទេសចរ។ ទីក្រុងហាវ៉ាណានេះហើយ ដែលធ្លាប់តម្កល់អដ្ឋិធាតុរបស់លោក គ្រីស្ដុប កូឡុំ (Christopher Columbus) អ្នករុករកដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយសារទឹកដីគុយបាក៏ជាទីដែលលោកបានធ្វើដំណើទៅដល់ និងចូលចតនាវាផងដែរ៕