(ពិភពលោក)៖ Hourglass ត្រូវបានគេស្គាល់ជាទូទៅថាជា «នាឡិកាខ្សាច់ ឬ នាឡិកាកែវ» ដែលជាឧបករណ៍ម្យ៉ាងសម្រាប់វាស់ពេលវេលា (រយៈពេលខ្លី) ខណៈនាឡិកាខ្សាច់ដែលធំជាងគេនៅលើពិភពលោកនោះ គឺស្ថិតនៅប្រទេសជប៉ុនបច្ចុប្បន្ន។ តើអ្នកដឹងទេថា នាឡិកាខ្សាច់ដំបូងមានប្រភពមកពីណា និងប្រើប្រាស់យ៉ាងដូច្នេះ?
ដើមកំណើតនៃនាឡិកាខ្សាច់នេះមិនត្រូវបានគេដឹងច្បាស់លាស់នោះទេ ដោយមតិខ្លះយល់ថាវាមានប្រភពមកពីប្រទេសអេហ្ស៉ីប ប៉ុន្តែគេប្រាកដថាវាត្រូវបានណែនាំឱ្យប្រើប្រាស់នៅទ្វីបអឺរ៉ុបនាអំលុងសតវត្សទី៨ ដោយសង្ឃកាតូលិកមួយព្រះអង្គព្រះនាម ល្វីតហ្វ្រង់ (Liutprand) នៅក្នុងព្រះវិហារហ្សាតស៍ នៃប្រទេសបារាំង (Chartres of France)។ នាឡិកាប្រភេទនេះទទួលបានការពេញនិយមប្រើប្រាស់ខ្លាំងនាអំឡុងដើមសតវត្ស៍ទី១៤។
Hourglass មានបំពង់ពីរធ្វើអំពីកែវតភ្ជាប់គ្នាជាទម្រង់បញ្ឈរ ដើម្បីឱ្យខ្សាច់ហូរពីបំពង់កែវផ្នែកខាងលើចុះទៅផ្នែកខាងក្រោមតាមរន្ធដ៏តូចមួយនៅផ្នែកកណ្តាល។ នៅពេលដែលខ្សាច់ហូរអស់ពីបំពង់កែវផ្នែកខាងលើ គេអាចត្រលប់ឧបករណ៍នេះបញ្ច្រាស់មកវិញ គឺបំពង់ដែលនៅផ្នែកខាងក្រោមត្រលប់មកផ្នែកខាងលើវិញ ហើយចាប់គិតរយៈពេលដែលខ្សាច់ហូរចុះមកបំពង់ខាងក្រោមឡើងវិញ។
កត្តាដែលធ្វើឱ្យនាឡិកាខ្សាច់វាស់ពេលវេលាបានត្រឹមត្រូវមិនលំអៀងនោះ គឺគេត្រូវគិតអំពីចំនួនខ្សាច់ដែលត្រូវដាក់បញ្ចូលក្នុងបំពង់កែវនោះ រួមទាំងទំហំរបស់បំពង់កែវ ទំហំផ្នែកកណ្តាល គឺផ្នែកកនៃកែវដែលខ្សាច់ត្រូវហូរចុះ និងគុណភាពរបស់ខ្សាច់ផងដែរ។ គេក៏អាចប្រើម្សៅសំបកស៊ុត ឬម្សៅម៉ាប ឬម្សៅសំណបាហាំងជំនួសគ្រាប់ខ្សាច់ក៏បាន។ ភាគច្រើនគេប្រើនាឡិកាខ្សាច់នេះសម្រាប់វាស់រយៈពេលស្ងោរស៊ុត ឬវាស់រយៈពេលក្នុងការលេងល្បែងមួយចំនួន ដូចជា ល្បែងអុក តអក្សរ ឬរៀបអក្សរជាដើម។
ចំពោះនាឡិកាខ្សាច់ដែលធំជាងគេនៅលើពិភពលោក ត្រូវបានផលិតឡើងនៅឆ្នាំ១៩៩១ ដែលបច្ចុប្បន្នស្ថិតនៅក្នុងសារមន្ទីររាងពីរ៉ាមីតមួយនៃប្រទេសជប៉ុន ដែលមានឈ្មោះថា Nima Sand Museum៕