(ភ្នំពេញ)៖ អធិរាជ ក្រៅពីមានអំណាចខ្លាំងក្លា មានទឹកដីធំទូលាយ មានកងទ័ពច្រើនមហាសាល

ក៏មានរាជទ្រព្យសម្បូរស្តុកស្ដម្ភណាស់ដែរ។

ខាងក្រោមនេះជាអធិរាជទាំង១០អង្គដែលមានព្រះរាជទ្រព្យច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ៖

១០. ព្រះចៅអធិរាជណាប៉ូឡេអុង (Napoleon Bonaparte ១៧៦៩-១៨២១) ជាអធិរាជដ៏ខ្លាំងក្លាមួយអង្គនៃចក្រភពបារាំង។ ព្រះអង្គមានព្រះរាជទ្រព្យសរុប៤០០លានដុល្លារអាមេរិក ($ 400,000,000)។ ចក្រភពបារាំងក្នុងរជ្ជកាលអធិរាជណាប៉ូឡេអុង ប៉ូណាប៉ាត ប្រសិនបើគិតក្នុងពេលបច្ចុប្បន្នគឺលាតសន្ធឹងលើប្រទេសបារាំង អេស្ប៉ាញ អង់ដូរ៉ា ម៉ូណាកូ អ៉ីតាលី វ៉ាទីកង់ ស្វីស អូទ្រីស ហុងគ្រី អាល្លឺម៉ង់ ប៊ែលហ្ស៉ិក លុចសំបួ ដាណឺម៉ាក នែតដឺឡង់ (ហូឡង់) ផ្នែកភាគច្រើននៃប្រទេសប៉ូឡូញ (អតីតអាណាចក្រព្រុសស៉ី) សាធារណរដ្ឋឆែក ស្លូវ៉ាគី ស្លូវេនី ក្រូអាស៉ី និងកោះធំមួយរបស់ប្រទេសអាល់បានី។

៩. ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ (Queen Elizabeth II ១៩២៦-២០២២) ព្រះអង្គគឺជាអតីតអធិរាជនីនៃចក្រភពអង់គ្លេស ដែលមានព្រះរាជទ្រព្យសរុប៥០០លានដុល្លារអាមេរិក ($ 500,000,000)។ គួរជម្រាបថា ក្រៅពីចក្រភពអង់គ្លេស ក៏នៅមានប្រទេសសរុប១៤ផ្សេងទៀត ដែលនៅទទួលស្គាល់ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ជាព្រះប្រមុខរដ្ឋរបស់ខ្លួន ក្នុងនោះរួមមានកាណាដា អូស្រ្តាលី នូវែលសេឡង់ ហ្សាម៉ាអ៉ិក ប៉ាពូអាស៉ីនូវែលហ្គីណេជាដើម។

៨. ព្រះចៅវីល្លៀមទី១ (William I ១០២៨-១០៨៧) ព្រះអង្គមានព្រះនាមផ្សេងទៀតថា វីល្លៀម ដឹ ខង់កូរឺរ (William the Conqueror) ដែលជាព្រះបឋមក្សត្រនៃអាណាចក្រន័រម៉ាន់ឌី (Normandy kingdom) ហើយន័រម៉ានឌីនេះទៀតសោតគឺជាអាណាចក្របុរាណមួយនៃប្រទេសអង់គ្លេសបច្ចុប្បន្ន។ ព្រះអង្គមានព្រះរាជទ្រព្យសរុប២២៨ពាន់លានដុល្លារអាមេរិក ($ 228,000,000,000)

៧. ព្រះចៅទូតានខាមុន (Tutankhamun ១៣៥៥-១៣៣៧មុនគ.ស) គឺជាក្សត្រមួយអង្គនៃអាណាចក្រអេហ្ស៉ីបបុរាណ។ ព្រះអង្គមានព្រះរាជទ្រព្យសរុប៣៥០ពាន់លានដុល្លារអាមេរិក ($ 350,000,000,000)

៦. ព្រះចៅអធិរាជម៉ានសា មូសា (Mansa Musa ១៣១២-១៣៣៧) ជាអធិរាជមួយអង្គនៃចក្រភពម៉ាលី (Mali empire) នៅអាហ្វ្រិកខាងលិច ដែលព្រះអង្គមានព្រះរាជទ្រព្យសរុប៤១៥ពាន់លានដុល្លារអាមេរិក ($ 415,000,000,000) ភាគច្រើនគឺជាមាស។ អាណាចក្រនេះធ្លាប់ជាប្រភពផលិតមាសដ៏ធំមួយនៅលើពិភពលោក។ នៅក្នុងនគរម៉ាលីបុរាណនេះមានអណ្ដូងរ៉ែមាស និងកន្លែងផលិតមាសធំៗជាច្រើនកន្លែង ក្នុងរជ្ជកាលរបស់ព្រះចៅមូសា មាសផលិតបានប្រហែល១តោនក្នុងមួយឆ្នាំ។ គេបានកត់ត្រាពីការចាយវាយយ៉ាងខ្ជះខ្ជាយរបស់ព្រះចៅមូសាក្នុងពេលដែលទ្រង់បានទៅទស្សនកិច្ចនៅទីក្រុងម៉េចកា (បច្ចុប្បន្ននៅអារ៉ាប់ប៊ីសាអូឌីត) ក្នុងនោះមានសត្វអូដ្ឋរាបសិបក្បាលដែលជាយានដឹកជញ្ជូនមាសរបស់ព្រះចៅមូសាទៅទីនោះ។

៥. ព្រះចៅសូឡូម៉ុន (King Solomon ៩៩០-៩៣១មុនគ.ស) ជាក្សត្រនៃអាណាចក្រអ៉ីស្រាអែលបុរាណ ដែលមានព្រះរាជទ្រព្យសរុប២.២ពាន់ពាន់លានដុល្លារអាមេរិក ($ 2,200,000,000,000)

៤. ព្រះចៅអធិរាជអ៊ូហ្គូស្ទូស ស៉ីសា (Augustus Caesar ៦៣មុនគ.ស-១៤គ.ស) ជាអធិរាជដំបូងនៃចក្រភពរ៉ូម ដែលមានព្រះរាជទ្រព្យសរុប៤.៦ពាន់ពាន់លានដុល្លារអាមេរិក ($ 4,600,000,000,000)។ រ៉ូម៉ាំង ដើមឡើយគឺជាប្រទេសប្រកាន់របបសាធារណរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ មេដឹកនាំរ៉ូមត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតរបស់សភារ៉ូម។ នៅចុងបញ្ចប់នៃរបបសាធារណរដ្ឋ រ៉ូមមានមេដឹកនាំដ៏ល្បីល្បាញម្នាក់មានឈ្មោះថា ស្យូល្យូស ស៉ីសា (Julius Caesar)។ កូនប្រុសរបស់ស្យូល្យូស ស៉ីសា ឈ្មោះ អ៊ូហ្គូស្ទូស ស៉ីសា (Augustus Caesar) បានឡើងធ្វើជាស្ដេច ហើយផ្លាស់ប្ដូរពីសាធារណរដ្ឋទៅជាចក្រភពរ៉ូម។ អ៊ូហ្គូស្ទូស ស៉ីសា គឺជាអធិរាជផ្លូវការដំបូងបង្អស់របស់ចក្រភពរ៉ូម ហើយក៏ត្រូវបានប្រវត្តិវិទូភាគច្រើនចាត់ទុកជាអធិរាជរ៉ូម៉ាំងដ៏អស្ចារ្យជាងគេ។ ព្រះអង្គគឺជាអធិរាជដែលមានព្រះរាជទ្រព្យច្រើនជាងគេក្នុងចំណោមមេដឹកនាំ និងអធិរាជរបស់រ៉ូម៉ាំង។

៣. ព្រះចៅអធិរាជអាក់បារ (Akbar I ១៥៤២-១៦០៥) ជាអធិរាជមួយអង្គនៃចក្រភពមុហ្កាល់នៅឥណ្ឌា (Mughal empire) ដែលមានព្រះរាជទ្រព្យសរុប២១ពាន់ពាន់លានដុល្លារអាមេរិក ($ 21,000,000,000,000)។ នៅក្នុងរជ្ជកាលព្រះចៅអាក់បារ ប្រជាជនឥណ្ឌាមានភាពសម្បូរសប្បាយច្រើន បណ្ដាឥស្សរជននាសម័យនោះគឺសុទ្ធតែជាអ្នកមានស្តុកស្ដម្ភ ហើយរាជការក៏ប្រមូលពន្ធពីប្រជារាស្ត្របានច្រើនណាស់ដែរ ហើយទ្រព្យសម្បត្តិរាជការក៏ដូចជាព្រះរាជទ្រព្យរបស់ព្រះរាជា។

២. ព្រះចៅអធិរាជសិនចុង (Shenzong ១០៤៨-១០៨៥) ជាអធិរាជទី៦នៃមហាសុង (Song dynasty) ដែលមានព្រះរាជទ្រព្យសរុប៣០ពាន់ពាន់លានដុល្លារអាមេរិក ($ 30,000,000,000,000)។ ទ្រព្យសម្បត្តិរបស់រាជការគឺជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ដែលភាគច្រើនបានពីការប្រមូលពន្ធ ហើយការប្រមូលពន្ធនោះគឺធ្វើឡើងតាមកំណែទម្រង់ទំនើបមួយ។ មុនឈានដល់ការសម្រេចបានកំណើនពន្ធនេះ រាជការសុងក្នុងរជ្ជកាលព្រះចៅសិនចុង គឺបានធ្វើកំណែទម្រង់ច្រើនលើវិស័យសេដ្ឋកិច្ច កសិកម្ម និងកងទ័ព ដោយបានធ្វើឱ្យប្រជាជនមានការងារធ្វើ មានប្រព័ន្ធធារាសាស្ត្រស្រោចស្រពកសិកម្ម មានស្រូវអង្ករហូបគ្រប់គ្រាន់ បង្កើនចំណូលពន្ធ រាជឃ្លាំងសម្បូរហូរហៀ ជំនាញមានការរីកចម្រើន ប៉ុន្តែទន្ទឹមនឹងនោះ រាជការសុងក៏ត្រូវពង្រឹងវិស័យយោធាដើម្បីធ្វើសង្គ្រាមពង្រីកទឹកដី និងទប់ទល់ការឈ្លានពានរបស់នគរស៊ានៅខាងលិច នគរជីងនៅខាងជើង នគរលាំងនៅភាគឦសាន និងវៀតណាមនៅភាគខាងត្បូង ដូច្នេះហើយការចំណាយភាគច្រើនគឺត្រូវប្រើប្រាស់ក្នុងការធ្វើសង្គ្រាម។ គួរចាប់អារម្មណ៍ថា អធិរាជសិនចុងបានរឹតចំណងមិត្តភាពជាមួយចក្រភពខ្មែរសម័យអង្គរ និងចាម្ប៉ាផងដែរ ដើម្បីរួមដៃគ្នាបង្ក្រាបយួនដាយវៀត។

១. ព្រះចៅអធិរាជសង់ស៉ីខាន់ (Genghis Khan ១១៦២-១២២៧) ជាអធិរាជដំបូងនៃចក្រភពម៉ុងហ្គោល ដែលមានព្រះរាជទ្រព្យសរុប១០០ពាន់ពាន់លានដុល្លារអាមេរិក ($ 100,000,000,000,000)។ ក្នុងរជ្ជកាលរបស់ព្រះអង្គ កុលសម្ពន្ធទាំងឡាយនៅម៉ុងហ្គោលបានបង្រួបបង្រួមគ្នារហូតវាយត្រួតត្រាលើនគរជីង នគរស៊ា នគរលាំង និងភាគខាងជើងមហាសុង។ ក្រៅពីនេះ ម៉ុងហ្គោលក៏បានបើកការឈ្លានពានយកទឹកដីនានានៅតំបន់អាស៉ី រុស្ស៉ី មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត រហូតចូលដល់អេហ្ស៉ីប។ ទឹកដីដ៏ធំល្វឹងល្វើយនេះហើយដែលនាំឱ្យម៉ុងហ្គោលទទួលបានទ្រព្យធនដ៏មហាសាល។ សង់ស៉ីខាន់តែងបែងចែកទ្រព្យសម្បត្តិទាំងនោះជាមួយកងទ័ព និងមន្ត្រីរបស់ព្រះអង្គ ប៉ុន្តែទោះជាយ៉ាងណា ព្រះអង្គបានចេញបម្រាមដល់កងទ័ពមិនឱ្យឆក់ប្លន់ពីប្រជាជនចាញ់សឹកឡើយ។ ក្រៅពីនេះ ព្រះចៅសង់ស៉ីខាន់ក៏តែងមានចិត្តសប្បុរសជួយអ្នកទន់ខ្សោយផងដែរ ដែលនេះហើយគឺជាគន្លឹះនៃភាពជោគជ័យរបស់ទ្រង់។ តើលោកអ្នកដែលឃើញមានមហាវិមាន ឬរាជវាំងមហាសាលណាមួយរបស់ព្រះចៅសង់ស៉ីខាន់ដែលឬទេ? អ្នកប្រវត្តិសាស្ត្របានស្រដីថា «តេមុជីនកើតនៅក្នុងរោងចៀម ហើយសង់ស៉ីខាន់ក៏សោយទិវង្គតនៅក្នុងរោងចៀមដែរ»