(ភ្នំពេញ)៖ យោងតាមសៀវភៅ «ប្រាសាទបុរាណខ្មែរដែលបន្សល់ទុកនៅប្រទេសថៃបច្ចុប្បន្ន» បានឱ្យដឹងថា មានប្រាសាទបុរាណខ្មែរជាង១០០ទីតាំងដែលកំពុងស្ថិតនៅប្រទេសថៃបច្ចុប្បន្ន ក្នុងនោះប្រាសាទខ្មែរនៅស្ថានីយប្រវត្តិសាស្ត្រដនមឿងទើយ នៃខេត្តយសោធរ គឺជាប្រាសាទខ្មែរចំណាស់ជាងគេមួយស្ថិតនៅប្រទេសថៃ ដែលកសាងឡើងនៅរជ្ជកាលព្រះបាទភវវម៌្មទី១ (៥៥០-៦០០) នាដើមសម័យចេនឡា។
Don Muang Toei Ancient City ប្រែមកជាភាសាខ្មែរថា ក្រុងបុរាណដនមឿងទើយ ស្ថិតនៅក្នុងបរិវេណស្ថានីយបុរាណវិទ្យាដនមឿងទើយ (Don Mueang Toei Archaeological) នៃស្រុកខាំឃឿនកែវ (Kham Khuean Kaeo) ខេត្តយសោធរ (Yasothon យ៉សូថន) ភាគឦសានប្រទេសថៃ។ ក្នុងបរិវេណក្រុងបុរាណនេះមាននៅសេសសល់ខឿនប្រាសាទទោលមួយសង់អំពីឥដ្ឋ បែរមុខទៅទិសខាងកើត ប៉ុន្តែរងនូវការបែកបាក់អស់ភាគច្រើនគួរឱ្យសង្វេគ។
តាមរយៈកំណាយបុរាណវត្ថុនៅជុំវិញនោះ គេបានរកឃើញសំណល់កុលាល៍ភាជន៍ និងគ្រោងឆ្អឹងមនុស្សសម័យបុរេប្រវត្តិ ដែលបង្ហាញថាទីបុរាណស្ថានមួយនេះគឺមានមនុស្សរស់នៅតាំងពីសម័យបុរេប្រវត្តិ ហើយមកដល់សម័យប្រវត្តិសាស្ត្រ ទីនេះមានទំនាក់ទំនងជាមួយអារ្យធម៌ខ្មែរផង និងអារ្យធម៌ទ្វារវតីផង ក៏ចេះតែមានវឌ្ឍនាការក្លាយជាទីប្រជុំជនមួយចាប់ពីសម័យអាណាចក្រភ្នំ សម័យចេនឡា រហូតមកដល់សម័យអង្គរ ក្រោមការគ្រប់គ្រងរបស់រាជអំណាចខ្មែរ។
សំណង់ប្រាសាទឥដ្ឋដែលនៅសល់ត្រឹមខឿនមួយនេះ គឺជាស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរនាសម័យចេនឡា ពោលគឺចាប់ផ្ដើមពីរជ្ជកាលព្រះបាទភវវម៌្មទី១ ដែលសោយរាជ្យចាប់ពីពាក់កណ្ដាលសតវត្សទី៦ ប្រហែលអំឡុងឆ្នាំ៥៥០-៦០០។ ក្រៅពីនេះក៏មានស្នាដៃសិល្បៈនារជ្ជកាលក្រោយៗមកទៀតដែរ ដូចជារជ្ជកាលព្រះបាទមហេន្ទ្រវម៌្ម (៦០០-៦១៦) រជ្ជកាលព្រះបាទឦសានវម៌្មទី១ (៦១៦-៦៣៥) និងរំលងមកដល់រជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨)។
* វត្ថុបុរាណសំខាន់ៗដែលរកឃើញនៅប្រាសាទដនមឿងទើយ
១. សំណល់កុលាល៍ភាជន៍ និងគ្រោងឆ្អឹងមនុស្សសម័យបុរេប្រវត្តិ គេក៏បានប្រើប្រាស់បច្ចេកវិទ្យាស្កេនពីលើអាកាស និងរកឃើញថាទីបុរាណស្ថានមួយនេះមានមនុស្សរស់នៅតាំងពីជាង២៥០០ឆ្នាំមុនមកម្ល៉េះ។
២. ក្រៅពីភស្តុតាងកំណាយនៅសម័យបុរេប្រវត្តិខាងលើ គេក៏បានរកឃើញបំណែកថ្មភក់តូចធំដែលជារចនាសម្ពន្ធរបស់ប្រាសាទឥដ្ឋដនមឿងទើយ បំណែកសិលាខ្លះមានឆ្លាក់ក្បាច់ផ្កា។ មិនតែប៉ុណ្ណោះនៅជាប់នឹងខឿនប្រាសាទ ក៏មានឆ្លាក់ក្បាច់ត្របកមួយចំនួនផងដែរ។
៣. សន្លឹកសីមា១ផ្ទាំងធ្វើអំពីថ្មភក់ ដែលមិនមានក្បាច់លម្អច្រើននោះឡើយ។
៤. ចម្លាក់ក្បាច់គូឌុ១ផ្ទាំង បញ្ជាក់អំពីសិល្បៈរចនាបថសំបូរព្រៃគុក។ គូឌុ គឺជាក្បាច់ចម្លាក់ម្យ៉ាងនៅលើប្រាសាទខ្មែរបុរាណ ពិសេសរចនាបថភ្នំដា រចនាបថសំបូរព្រៃគុក រចនាបថព្រៃក្មេង រចនាបថកំពង់ព្រះជាដើម ដែលខ្មែរយើងនៅទទួលឥទ្ធិពលពីឥណ្ឌាច្រើននៅឡើយ គ្រាន់តែមានការខុសគ្នាខ្លះៗ (មានរឿងនិយាយលម្អិតច្រើនទៀតពាក់ព័ន្ធនឹងចម្លាក់គូឌុនេះ)។
៥. ប្រាសាទអណ្ដែត២ផ្ទាំង ដែលដាច់ចេញពីតួប៉មប្រាសាទ ព្រោះធម្មតាសិល្បៈស្ថាបត្យសម័យមុនអង្គរ ខ្មែរយើងនិយមធ្វើប្រាសាទអណ្ដែតនៅជាប់នឹងតួប៉មប្រាសាទ។ ដំបូលប្រាសាទអណ្ដែតភាគច្រើនគឺមានចម្លាក់គូឌុជាគ្រឿងលម្អ ហើយគូឌុខាងលើនេះក៏ប្រហែលជាដាច់ចេញពីប្រាសាទអណ្ដែតណាមួយនោះដែរ។
៦. សិលាចារឹក ឬចារឹកដនមឿងទើយ១ផ្ទាំង ដែលចារនៅលើស៊ុមទ្វារនៃប្រាសាទ ដោយស៊ុមទ្វារនេះបានដួលរលំ និងបែកបាក់ខ្លះទៅហើយ។ សិលាចារឹកនេះគឺចារជាអក្សរខ្មែរសម័យចេនឡាតែជាភាសាសំស្ក្រឹត តាំងពីសតវត្សទី៦-៧ ពោលគឺក្នុងរជ្ជកាលព្រះបាទភវវម៌្ម ឬព្រះបាទមហេន្ទ្រវម៌្ម ដែលសោយរាជ្យបន្តបន្ទាប់គ្នានោះ ខណៈអត្ថន័យសិលាចារឹកក៏មានរៀបរាប់អំពីឈ្មោះបុគ្គលសំខាន់ៗចំនួន២ គឺ «ព្រះស្រីប្រវេសេនៈ» និង «ព្រះស្រីធម្មសេនៈ» ដែលប្រវត្តិវិទូសន្មតថា ជាព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ២អង្គខាងលើនេះឯង។ ក្រៅពីនេះ សិលាចារឹកក៏បានចារអំពីឈ្មោះទីក្រុង «សង្ខបុរៈ» និងការសាងសង់ព្រះសិវលិង្គសម្រាប់ជាទីសក្ការនៅទីក្រុងសង្ខបុរៈនេះ។
៧. ចម្លាក់សិង្ហធ្វើអំពីថ្មភក់ចំនួន១ ចម្លាក់នេះត្រូវបានបុរាណវិទូពិនិត្យឃើញថា ជាសិល្បៈរចនាបថប្រែរូប ពោលគឺក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ ជាព្រះមហាក្សត្រខ្មែរយើងនាសម័យអង្គរ។ គេបានធ្វើកំណាយរកឃើញចម្លាក់សិង្ហនេះនៅក្រោមដីមុខប្រាសាទដនមឿងទើយ កាលពីឆ្នាំ១៩៩១។
ចំពោះបុរាណវត្ថុទាំងអម្បាលម៉ាននេះត្រូវបានរក្សាទុក និងតាំងពិព័រណ៍នៅក្នុងសារមន្ទីរបុរាណវិទ្យាដនមឿងទើយនាស្រុកខាំខឿនកែវនោះរហូតដល់សព្វថ្ងៃ។ ពិតណាស់ ក្នុងចំណោមប្រាសាទបុរាណខ្មែរទាំងជាង១០០កន្លែងនៅប្រទេសថៃ ប្រាសាទដនមឿងទើយនេះត្រូវបានចាត់ទុកថាជាប្រាសាទចំណាស់ជាងគេមួយរបស់ខ្មែរដែលស្ថិតនៅប្រទេសនេះ៕