(ភ្នំពេញ)៖ ប្រាសាទខាវណយ (Prasat Khao Noi) ជាប្រាសាទបុរាណខ្មែរមួយស្ថិតនៅក្នុងស្ថានីយបុរាណវិទ្យាជាតិខាវណយ នាស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ពោលគឺមានចម្ងាយប្រមាណ១២គីឡូម៉ែត្រទីប្រជុំជនស្រុក និង៣គីឡូម៉ែត្រពីព្រំដែនខេត្តបន្ទាយមានជ័យ ដែលជាទីបន្សល់ស្នាដៃរបស់បុព្វបុរសខ្មែរច្រើនសម័យកាលនៅកន្លែងតែមួយ គឺតាំងសម័យចេនឡា សម័យអង្គរ រហូតដល់សម័យកណ្ដាល។
ដើមឡើយ ប្រាសាទនេះមានតួប៉មចំនួន៣បែរមុខទៅទិសខាងកើត ដែលតំណាងឱ្យត្រីមូរតិ (ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម)។ ស្នាដៃស្ថាបត្យកម្មនៅទីបុរាណស្ថាននេះ គឺឆ្លងកាត់ច្រើនជំនាន់ដែរ ដោយចាប់ផ្ដើមពីសម័យចេនឡា ក្នុងរជ្ជកាលព្រះបាទឦសានវម៌្មទី១ (៦១៦-១៣៥) ព្រះបាទភវវម៌្មទី២ (៦៣៥-៦៥៧) និងព្រះបាទជយវម៌្មទី១ (៦៥៥-៦៨១)។ ប្រាសាទនេះមានលក្ខណៈពិសេសត្រង់ថា មកដល់សម័យអង្គរ ព្រះបាទសូយ៌្យវម៌្មទី១ (១០០២-១០៥០) ក៏បានបន្តសាងសង់តួប៉មថ្មីឡើងវិញតាមរចនាបទឃ្លាំង ប៉ុន្តែស្ថាបត្យករនៅរក្សាតម្កល់ផ្ដែរដែលសល់ពីសិល្បៈសំបូរព្រៃគុក និងសិល្បៈព្រៃក្មេង តាំងពីសម័យចេនឡានដដែល។
បច្ចុប្បន្ន ប្រាសាទខាវណយនៅសល់តែតួប៉មកណ្ដាលប៉ុណ្ណោះដែលនៅមានរូបរាងស្អាតល្អ ខណៈតួប៉មខាងជើងនិងខាងត្បូងបាក់រលំស្ទើរតែអស់ទៅហើយ។ គេបានធ្វើកំណាយរកឃើញវត្ថុបុរាណមួយចំនួននៅទីប្រាសាទបុរាណខ្មែរមួយនេះ ដែលមានដូចជា ផ្ដែរចំនួន៥ផ្ទាំង ដែលមានឆ្លាក់ក្បាច់តាមទម្រង់រចនាបថសំបូរព្រៃគុក និងរចនាបថព្រៃក្មេង រំលេចបាននូវរូបសត្វមករៈទល់មុខគ្នាសងខាង ខ្ជាក់ចេញជាអ្វីៗសព្វសារពើ មានសត្វទេពជាដើម អន្លាយកោងដូចដងធ្នូ។ គួរជម្រាបថា រចនាបថសំបូរព្រៃគុក គឺមានទម្រង់សិល្បៈដូចក្រុមប្រាសាទសំបូរ នាតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដែលមានការនិយមនៅក្នុងរជ្ជកាលព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម ព្រះបាទឦសានវម៌្មទី១ និងព្រះបាទភវវម៌្មទី២ ចន្លោះចាប់ពីពាក់កណ្ដាលសតវត្សទី៦ ដល់ពាក់កណ្ដាលសតវត្សទី៧ ចំណែករចនាបថព្រៃក្មេង មានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថសំបូរព្រៃគុកដែរ គឺមានទម្រង់សិល្បៈដូចប្រាសាទព្រៃក្មេង នាខេត្តសៀមរាប ដែលមានការនិយមនៅក្នុងរជ្ជកាលព្រះបាទជយវម៌្មទី១ (៦៥៥-៦៨១)។
ក្រៅពីនេះ គឺបានរកឃើញសិលាចារឹកចំនួន២ផ្ទាំង ចារជាអក្សរខ្មែរសម័យចេនឡា និងជាភាសាសំស្ក្រឹត ចុះបញ្ជី K.506 និង K.1150 ក្នុងនោះក៏មានបញ្ជាក់អំពីឆ្នាំសាងសង់ប្រាសាទនេះនៅឆ្នាំ៦៣៧ ត្រូវនឹងរជ្ជកាលព្រះបាទភវវម៌្មទី២ (៦៣៥-៦៥៧) ដែលជាបុត្ររបស់ព្រះបាទឦសានវម៌្មទី១ (៦១៦-១៣៥)។ ជាមួយគ្នានោះ គេក៏បានរកឃើញបំណែកកុលាល៍ភាជន៍ និងចានសេរ៉ាមិចដែលមានដើមកំណើតមកពីប្រទេសចិន នេះសរបញ្ជាក់ថា ទីសក្ការបុរាណនេះនៅតែមានវឌ្ឍនាការរហូតមកដល់សម័យកណ្ដាល សតវត្សទី១៦។
តាមរយៈសំណល់សិលា និងបំណែកព្រះសិវលិង្គដែលរងការខូចខាតនៅទីនោះ គេសន្និដ្ឋានបានថា ទីតាំងប្រាសាទខាវណយនេះក៏រងការបំផ្លិចបំផ្លាញដោយសារឥទ្ធិពលជម្លោះសាសនានាចុងសម័យអង្គរផងដែរ។
រាល់បុរាណវត្ថុនៅប្រាសាទខាវណយ មានដូចជាផ្តែរទាំង៥ផ្ទាំង សិលាចារឹកទាំង២ផ្ទាំង បំណែកព្រះសិវលិង្គ និងកុលាល៍ភាជន៍ផងនោះ ត្រូវបានគេយកទៅតម្កល់ទុកនៅក្នុងសារមន្ទីរជាតិខេត្តប្រាជិនបុរី ភាគកណ្ដាលប្រទេសឯណោះវិញ។
សូមជម្រាបថា ប្រជាជនតែងនិយមហៅប្រាសាទខាវណយនេះដោយបន្ថែមពាក្យ ស៉ីឈុំភូ ឬស៉ីជម្ពូ ក៏ព្រោះតែឥដ្ឋប្រាសាទកណ្ដាលមានពណ៌ផ្កាឈូកស្រស់បំព្រម ដែលត្រូវបានសាងសង់នាសតវត្សទី១១៕