(ភ្នំពេញ)៖ ប្រាសាទភូមិពរ (Prasat Phum Pon) មានទីតាំងស្ថិតនៅស្រុកសង្ខៈ (Sangkha District) ខេត្តសុរិន្ទ្រ ភាគឦសានប្រទេសថៃ ដែលមានតួមប៉មចំនួន៤ តែនៅសល់តែតួប៉មមួយប៉ុណ្ណោះដែលនៅសល់ភាគច្រើន។
សិល្បៈស្ថាបត្យកម្មប្រាសាទនេះគឺស្ថាបនាឡើងតាមរចនាបថព្រៃក្មេរ សតវត្សទី៧ ពោលគឺក្នុងរជ្ជកាលព្រះបាទជយវម៌្មទី១ បែរមុខទៅទិសខាងកើត ឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ក្រៅពីប្រាសាទនេះ ក៏មានទីទួលបុរាណ និងស្រះទឹកតូចធំមួយចំនួន ដែលបញ្ជាក់ថាទីនោះគឺជាទីប្រជុំជនបុរាណមួយដែលមានប្រជាជនខ្មែររស់នៅយ៉ាងច្រើន ហើយនៅតែរក្សាប្រពៃណី ភាសាខ្មែររហូតដល់សព្វថ្ងៃ។
គេបានរកឃើញសិលាចារឹកខ្មែរមុនអង្គរ ដែលសិលាចារឹកនោះមានការខូតខាតអស់ជាច្រើន នៅសល់តែបំណែកមួយដុំដែលមានសល់អក្សរាខ្លះ បន្ទាត់លើនៅសល់អក្សរ «វិនយស្តរៈ» ដែលមានន័យថា «នឹងដាក់ចុះ» បន្ទាត់កណ្ដាលនៅសល់អក្សរ «ខរយស្យ» បន្ទាប់ខាងក្រោមនៅសល់អក្សរ «វម»។
មានរឿងព្រេងដំណាល់ពាក់ព័ន្ធនឹងប្រាសាទបុរាណខ្មែរមួយនេះ ព្រមទាំងទីតាំងប្រវត្តិសាស្ត្រមួយចំនួន ដែលមានរំលេចអំពីបុត្រីព្រះមហាក្សត្រខ្មែរ អរិយធម៌ខ្មែរសម័យបុរាណ និងសិល្បៈរបាំរបស់ជនជាតិខ្មែរនៅតំបន់នេះ ខណៈបច្ចុប្បន្នក្លាយជាអាណាខេត្តរបស់ប្រទេសថៃ៕