(ភ្នំពេញ)៖ កាមេរ៉ាក្នុងទូរស័ព្ទដៃដែលយើងកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ ត្រូវបានអភិវឌ្ឍសមត្ថភាពយ៉ាងសម្បូរបែបពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីបំពេញតម្រូវការជូនអ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ ក៏មានចម្ងល់មួយបានលើកឡើងថា កាមេរ៉ាទូរស័ព្ទដំបូងដែលបានបំពាក់នៅលើទូរស័ព្ទនោះ ត្រូវបានបង្កើតឡើងដោយអ្នកណា?
ចម្ងល់នេះនឹងត្រូវបកស្រាយដូចតទៅ៖
អ្នកដែលបង្កើតកាមេរ៉ាទូរស័ព្ទដៃដំបូងគេបង្អស់នោះគឺ លោក ហ្វីលីប កាន់ (Philippe Kanh) ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៧។ រូបភាពដំបូងដែលលោកបានថតនោះ គឺកូនស្រីរបស់លោកដែលទើបនឹងកើត ទារិកានេះមានឈ្មោះថា សុហ្វី (Sopie)។
លោក កាន់ បានបញ្ចប់គម្រោងបង្កើតកាមេរ៉ាទូរស័ព្ទរបស់ខ្លួន បន្ទាប់ពីប្រពន្ធរបស់លោក គឺអ្នកស្រី សូនីយ៉ា (Sonia) វិលត្រលប់ទៅកន្លែងធ្វើការវិញ ពោលគឺក្រោយពេលអ្នកស្រីសម្រាលកូន សូហ្វី បានមួយរយៈ។
លោកបានតភ្ជាប់ខ្សែទូរស័ព្ទដៃទៅកាន់កាមេរ៉ា និងកុំព្យូទ័រយួរដៃមួយរបស់លោក រួចបានបញ្ជូនរូបភាពដំបូងរបស់លោកភ្លាមទៅមិត្តភក្តិ និងក្រុមគ្រួសារនៅជុំវិញពិភពលោក ហើយរូបថតដែលបានចែកចាយនេះ គឺជាជំហាននៃការបើកចំហ «សករាជចែករំលែកប្រព័ន្ធផ្សព្វផ្សាយសង្គមសម័យទំនើប»៕