(ភ្នំពេញ)៖ ផ្លូវសូត្រ គឺជាបណ្ដាញផ្លូវពាណិជ្ជកម្មបុរាណមួយដែលបានរីកចម្រើនដំបូងចាប់ពីឆ្នាំ១០០មុនគ្រិស្ដសករាជ ដល់ឆ្នាំ១៥០០នៃគ្រិស្ដសករាជ។ ការធ្វើជំនួញសូត្រនេះរាប់ចាប់ពីប្រទេសចិនប៉ែកខាងកើតទៅដល់តំបន់អាស៉ីកណ្ដាល មជ្ឈិមបូព៌ា និងសមុទ្រមេឌីទែរ៉ាណេ។ នេះគឺជាផ្លូវសូត្រនៅលើគោក ប៉ុន្តែនៅមានផ្លូវសូត្រសមុទ្រថែមទៀត។
ផ្លូវសូត្រសមុទ្រ សំដៅលើផ្លូវពាណិជ្ជកម្មតាមសមុទ្ររវាងបូព៌ាប្រទេសនិងបស្ចិមប្រទេសនាបុរាណសម័យ ហើយមានជាប់ទាក់ទងនឹងផ្លូវជំនួញសូត្រនៅលើគោកដែរ។ ខុសពីផ្លូវសូត្រនៅលើគោក ទំនិញផ្លូវសូត្រនៅលើសមុទ្រមានការជួញដូរទំនិញច្រើនប្រភេទ។ ក្រៅពីក្រណាត់សូត្រ ក៏មានពរ្សឺឡែន គ្រឿងក្រអូប និងតែទៀតដែរ ដែលជាទំនិញជួញដូរភាគច្រើន ម្ល៉ោះហើយផ្លូវសូត្រសមុទ្រក៏ត្រូវគេហៅម្យ៉ាងទៀតថា ផ្លូវពរ្សឺឡែន ឬផ្លូវគ្រឿក្រអូប។
យោងតាមទិសដៅភូមិសាស្ត្រចាប់ផ្ដើមពីប្រទេសចិន ផ្លូវសូត្រសមុទ្រត្រូវបានបែងចែកជា២ខ្សែ គឺផ្លូវសូត្រខាងកើត និងផ្លូវសូត្រខាងលិច។ ផ្លូវខាងកើតចេញពីឆ្នេរសមុទ្រចិនភាគខាងកើតឈៀងខាងជើង ឆ្លងកាត់សមុទ្រប៉ហាយ (Bohai sea) សមុទ្រលឿង សមុទ្រចិនខាងត្បូង ដល់ច្រកសមុទ្រកូរ៉េខាងជើង ហើយបន្តទៅដល់ប្រទេសជប៉ុន។ ចំណែកឯផ្លូវខាងលិចត្រូវ ក៏គេហៅម្យ៉ាងទៀតថាផ្លូវសូត្រសមុទ្រខាងត្បូង សំដៅលើផ្លូវពាណិជ្ជកម្មពីឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន កាត់តាមរយៈសមុទ្រចិនខាងត្បូង តំបន់អាស៉ីអាគ្នេយ៍ មហាសមុទ្រឥណ្ឌា តទៅតំបន់អាស៉ីខាងលិច និងទ្វីបអាហ្វ្រិក។
ក្រោយពីសតវត្សទី១៦ រួមនឹងការមកដល់របស់ជនជាតិអឺរ៉ុប ផ្លូវសូត្រប៉ាស៉ីហ្វិកបានបង្កើតឡើង និងបានក្លាយជាផ្លូវពាណិជ្ជកម្មពីចិនទៅកាន់ហ្វីលីពីន ហើយបន្ទាប់មកឆ្លងកាត់មហាសមុទ្រប៉ាស៉ីហ្វិកទៅទ្វីបអាមេរិក។
ក្នុងនាមជាបណ្ដាញដ៏សំខាន់សម្រាប់ពាណិជ្ជកម្មនាបុរាណសម័យរវាងចិននិងបរទេស ផ្លូវសូត្រសមុទ្របានបង្កើតឡើងតាំងពីសម័យរាជវង្សឈីង (Qin dynasty) និងសម័យរាជហាន (Han dynasty)។ នៅពេលកងទ័ពអធិរាជឈីង ស៉ឺហ័ង (Emperor Qin Shi Huang) បានបង្រួបបង្រួមប្រទេសទាំង៦ (នគរឈី នគរឈូ នគរវ៉ី នគរហាន នគរយាន នគរចាវ) ប្រជាជនឈី ប្រជាជនយាន ប្រជាជនចាវ និងប្រជាជនដទៃដែលនៅជាប់សមុទ្រខាងកើតបានភៀសខ្លួនរត់ទៅរស់នៅទឹកដីប្រទេសកូរ៉េបច្ចុប្បន្ន ហើយនាំយកបច្ចេកទេសចិញ្ចឹមដង្កូវនាង និងការផលិតក្រណាត់សូត្រទៅជាមួយផងដែរ។
នៅកំលុងរាជវង្សហានខាងលិច ផ្លូវសមុទ្ររវាងនគរណានយាក (Nanyue State) ឬវៀតណាមភាគខាងត្បូងសម័យបុរាណ អាណាចក្រភ្នំ (Funan Kingdom) រហូតមកដល់ឧបទ្វីបឥណ្ឌា ត្រូវបានបើកចំហ។ បន្ទាប់ពីអធិរាជហាន អ៊ូ (Emperor Wu of Han) បានធ្វើសញ្ជ័យយកនគរណានយាកនោះមក ការធ្វើពាណិជ្ជកម្មសមុទ្រត្រូវបានពង្រីក។ យោងតាមសៀវភៅហាន កំណត់ត្រាភូមិសាស្ត្រផ្លូវពាណិជ្ជកម្មសមុទ្រ គឺពីស្រុកស៉ីវិន ខេត្តក្វាងទុង ទៅស្រុកហឺភូ ខេត្តក្វាងស៉ី ចូលទៅកាន់កំពង់ផែព្រៃនគរ ឧបទ្វីបម៉ាឡេ ឈូងសមុទ្រសៀម ឈៀងសមុទ្របង់ក្លាដេស តាមរយៈសមុទ្រខាងត្បូង ហើយឈានទៅដល់ប្រទេសហួងជឺ និងប្រទេសអ៉ីឈឹងពូ ដែលស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌា និងប្រទេសស្រីលង្កាបច្ចុប្បន្ន។ នៅចុងរជ្ជកាលហានខាងកើត នាវាជំនួញមកពីចក្រភពរ៉ូមបានចូលចតនៅនៅកំពង់ផែក្វាងចូវជាលើកដំបូង ហើយឈ្មួញជនជាតិចិនក៏បានទៅដល់ចក្រភពរ៉ូមវិញដែរ ដែលជាអត្ថន័យពិតនៃការបង្កើតផ្លូវសូត្រសមុទ្រកាត់ទ្វីបអាស៉ី អាហ្វ្រិក និងទ្វីបអឺរ៉ុប។
ចាប់ពីសម័យសាមកុក បន្តដល់សម័យរាជវង្សជីង សម័យនគរខាងជើង-ខាងត្បូង រាជវង្សសួយ រាជវង្សថាង រាជវង្សសុង និងរាជវង្សយាន ដោយមានការរីកចម្រើនខាងបច្ចេកវិទ្យាធ្វើនាវា និងបច្ចេកវិទ្យានាវាចរណ៍ ការប្រើប្រាស់ត្រីវិស័យ ការបង្កើតសមត្ថភាពដឹកជញ្ជូនតាមសមុទ្រ ជំនួញពាណិជ្ជកម្មដែនសមុទ្រឯកជនមានការរីកចម្រើន ផ្លូវសូត្រសមុទ្រក៏បានឈានដល់កម្រិតកំពូល។ សូត្រ សេរ៉ាមិក គ្រឿងក្រអូប តែ និងវត្ថុផ្សេងៗទៀតរបស់ប្រទេសចិនបានដឹកចេញពីកំពង់ផែឆ្នេរសមុទ្រភាគអាគ្នេយ៍ ហើយត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអារ៉ាប់ និងបណ្ដាប្រទេសអាស៉ីនិងអាហ្វ្រិកដទៃទៀត តាមរយៈសមុទ្រចិនខាងត្បូង ឈូងសមុទ្រព័ស៉ឺ និងសមុទ្រក្រហម និងនាំត្រឡប់មកវិញនូវផលិតផលបរទេស។
ដើមសម័យរាជវង្សម៉េង នៅពេលដែលមេទ័ព ចឹង ហឺ (Zheng He) បានធ្វើដំណើរទៅមហាសមុទ្រភាគខាងលិច ផ្លូវសូត្រសមុទ្របានរីកចម្រើនឡើងដល់កំពូល។ មកដល់ចុងរាជវង្សម៉េង និងដើមរាជវង្សឆេង ឧស្សាហកម្មនាវាចរណ៍របស់ចិនបានចាប់ផ្ដើមធ្លាក់ចុះដោយសារការអនុវត្តគោលនយោបាយបិទសមុទ្រ។ ផ្លូវសូត្រសមុទ្រដែលបានរួមចំណែកដ៏ធំធេងចំពោះទំនាក់ទំនងរវាងបូព៌ាប្រទេសនិងបស្ចិមប្រទេសក៏បានបាត់បន្តិចម្ដងៗ៕