(ភ្នំពេញ)៖ ក្រុងបុរាណបាកាន ឬផាកាន (Bagan/Pagan) គឺជាតំបន់បេតិកភណ្ឌដ៏ធំមួយនៅប្រទេសមីយ៉ាន់ម៉ាភូមា និងជាអតីតរាជធានីនៃចក្រភពបាកាន (Bagan Empire) កាលពីអតីតកាល ពោលគឺចាប់ពីសតវត្សទី៩-១៣។
ក្នុងប្រវត្តិសាស្ត្រជាង១,២០០ឆ្នាំមកនេះ ក្រុងបុរាណបាកានបានបន្សល់ទុកនៅវត្តអារាម ប្រាសាទបុរាណ និងចេតិយដល់ទៅជាង២,២០០ឯណេះ ស្ថិតនៅលាយឡំជាមួយព្រៃព្រឹក្សានាដងទន្លេឥស្សរាវតី (Irrawaddy River) ឬអរិយវតី (Ayeyarwady River)។
ប្រាសាទដែលខ្ពស់ជាងគេបង្អស់នៅក្រុងបុរាណបាកាននេះ គឺប្រាសាទ Thatbyinnyu ដែលមានកម្ពស់៦៦ម៉ែត្រ ហើយក៏ជាប្រាសាទបុរាណដែលខ្ពស់ជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ផងដែរ។
ប្រសិនបើអ្នកស្គាល់ទីក្រុងបាកាន អ្នកគួរតែស្គាល់ព្រះចៅអនុរុទ្ធា (Anawrahta) ដែលក្សត្រដ៏អង់អាចជាងគេនៃរាជវង្សភូមាដំបូង និងជាបិតាស្ថាបនិកបង្កើនឫទ្ធានុភាពអាណាចក្របាកានឱ្យក្លាយជាចក្រភពបាកាន។ ព្រះចៅអនុរុទ្ធាសោយរាជ្យនៅចក្រភពបាកានចាប់ពីឆ្នាំ១០៤៤-១០៧៧ ដែលយុគសម័យមាសនៃប្រវត្តិសាស្ត្រភូមា៕