(ភ្នំពេញ)៖ លោក Tommy Cooper គឺជាតារាកំប្លែងអង់គ្លេសមួយរូបដែលបានស្លាប់នៅពេលរូបគាត់កំពុងសម្តែងលើឆាក អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគាត់ជាតារាកំប្លែងមួយរូបដែលធ្វើឱ្យទស្សនិជនផ្ទុះសំណើចរាល់ការសម្តែងរបស់គាត់ រហូតដល់នាទីចុងក្រោយនៃជីវិតរបស់គាត់។
លោក Thomas Frederick Tommy Cooper កើតនាថ្ងៃទី៩ មីនា ១៩២១ នៅប្រទេសវែល ចក្រភពអង់គ្លេស។ គាត់គឺជាតារាកំប្លែង ជាគ្រូសៀក និងជាគ្រូវេទមន្តមួយរូបដ៏ល្បីល្បាញនៅវែល។ លោកបានប្រឡូកចូលក្នុងវិស័យសិល្បៈនៅឆ្នាំ១៩៤៨ រហូតដល់ថ្ងៃទី១៥ មេសា ១៩៨៤ ជាថ្ងៃដែលរូបលោកកំពុងធ្វើការសម្តែងផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍។ មានមនុស្សរាប់រយនាក់បានចូលរួមមើលការសម្ដែងផ្ទាល់របស់គាត់នៅក្នុងមហាស្រព Her Majesty’s Theatre នៅក្នុងទីក្រុងឡង់ដ៍ ចក្រភពអង់គ្លេស និងមានទស្សនិជនរាប់លាននាក់ទៀតនៅតាមគេហដ្ឋាន ដែលបានតាមដានការសម្ដែងផ្ទាល់របស់គាត់។
ទស្សនិជនបានសើចក្អាកក្អាយនឹងពាក្យសម្តី និងកាយវិការរបស់គាត់ពីដើមរហូតដល់ចប់ដូចសព្វដង ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះ គឺកាយវិការដួលសន្លប់របស់គាត់នៅចុងបញ្ចប់នៃសាច់រឿងវាជាការស្លាប់ពិតប្រាកដរបស់គាត់ ដោយសារជំងឺគាំងបេះដូង។ ចំណែកទស្សនិជននៅតែសើចនឹងសកម្មភាពធ្វើទុក្ខដោយជំងឺរបស់គាត់រហូតដល់គាត់ស្លាប់បាត់បង់ជីវិតតែម្ដង ដោយពួកគេគិតថាសកម្មភាពនោះជាឈុតមួយនៃការសម្ដែងរបស់គាត់៕