(ភ្នំពេញ)៖ នៅចុងសតវត្សទី៨ ប្រទេសចាម្ប៉ារងនូវការវាយលុកពីពួកជ្វានៃចក្រភពស្រីវិជ័យ (Sri Vijaya Empire) ប៉ុន្តែនៅសតវត្សទី៩ ព្រះមហាក្សត្រចាមក៏បានស្រោចស្រង់ប្រទេសជាតិឡើងវិញ និងបានវាយដណ្ដើមយកខេត្តភាគខាងជើងពីប្រទេសដាយវៀតវិញ ហើយក៏បានតាំងរាជធានីថ្មីនៅក្រុងអមរវតី (Amaravati)។
ប៉ុន្តែសតវត្សទី១០ ពួកយួនដាយវៀតបានចាប់ផ្ដើមវាយលុកមកលើនគរចាម្ប៉ាជាថ្មីទៀត និងបានវាយលុកចូលក្រុងអមរវតីនៅប្រហែលឆ្នាំ១០០០។ ប្រទេសជាតិវឹកវរក្នុងភ្លើងសង្គ្រាម ប្រឈមមុខខ្លាំងជាមួយសត្រូវនៅខាងជើងផង និងខាងលិចផងអស់ជាច្រើនឆ្នាំ ព្រះមហាក្សក្រោយៗក៏បានប្ដូរទៅតាំងរាជធានីនៅក្រុងវិជយៈ (Vijaya) វិញនៅឆ្នាំ១០៦៩។
ទីតាំងរបស់ក្រុងអមរវតី ត្រូវបានវៀតណាមប្ដូរឈ្មោះថា ក្វាងណាម (Quang Nam) និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញស្ថិតនៅភាគកណ្ដាលប្រទេស៕