(ភ្នំពេញ)៖ តំបន់ប្រាសាទកោះកេរ ធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណហៅថា «ឆោកគគ៌្យរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរនាសម័យអង្គរ ប៉ុន្តែនៅពេលព្រះបាទជយវម៌្មទី៤ (ជ័យវរ្ម័នទី៤) តាំងរាជធានីនៅតំបន់នេះ ព្រះអង្គក៏បានប្រសិទ្ធនាមថ្មីដល់រាជធានីនេះថា «លិង្គបុរៈ»។
នារយៈពេលចុងក្រោយមកនេះ គេបានរកឃើញប្រាសាទចំនួន៧៦ និងស្ថានីយបុរាណចំនួន៥១ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។ អតីតរាជធានីនេះស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានផ្ទៃក្រឡាប្រហែល៤,០០០ហិកតា។
លោក ហង់រី ប៉ារម៉ង់ជេ (Henri Parmentier) ធ្លាប់បានកំណត់ក្រុមប្រាសាទនៅតំបន់កោះកេរជា៤ក្រុមធំៗ៖
ទី១. ក្រុមប្រាសាទកោះកេរខាងត្បូង មានដូចជា ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទបល្ល័ង្កច្រាប ប្រាសាទទឹកក្រហម ប្រាសាទសោភី ប្រាសាទបាក់ ប្រាសាទបុះល្ហុង (ហៅប្រាសាទពន្លៃ) ប្រាសាទក្រោលចិន ប្រាសាទត្រពាំងខាងត្បូង ប្រាសាទត្រពាំងខាងជើង ប្រាសាទក្រហម ប្រាសាទអណ្ដូង ប្រាសាទខ្នារ (ប្រាសាទចាប់នាង) ប្រាសាទអង្គខ្នារ ប្រាសាទខ្ទុំ (ហៅប្រាសាទនាងផ្ទុំ) ប្រាសាទដំរីកណ្ដឹង ប្រាសាទបល្ល័ង្ក (ហៅទួលគ្រឹះ) ប្រាសាទពពិល (ហៅប្រាសាទតូច) ប្រាសាទសំភី ជាដើម។
ទី២. ក្រុមប្រាសាទកោះកេរខាងជើង មានដូចជា ប្រាសាទត្រពាំងឫស្សី ប្រាសាទត្រពាំងព្រៃ ប្រាសាទគោកក្រោល ប្រាសាទកកោះ ប្រាសាទបឹងវែង ប្រាសាទតាមាន ប្រាសាទដាន ប្រាសាទរលំ ប្រាសាទបី (ហៅប្រាសាទខ្យងហោង) ប្រាសាទដងទង់ខាងជើង (ប្រាសាទរាមកេរ្តិ៍) ប្រាសាទដងទង់ខាងត្បូង (ហៅប្រាសាទទួលថ្មបាយក្រៀម) ប្រាសាទក្រហម ប្រាសាទធំ ជាដើម។
ទី៣. ក្រុមប្រាសាទកោះកេរខាងកើត មានដូចជា ប្រាសាទច្រាប ប្រាសាទចម្រេះ (ហៅប្រាសាទឱបកូន) ប្រាសាទបន្ទាយពីរជាន់ (ហៅប្រាសាទអណ្ដូងគុក) ប្រាសាទផ្លូវបេង ប្រាសាទថ្នឹង (ហៅប្រាសាទលិង្គទី១) ប្រាសាទលិង្គទី៣ ប្រាសាទបល្ល័ង្ក (នៅសល់តែលិង្គនិងទម្រយោនីនៅលើដី) ប្រាសាទឆ្នាំង ជាដើម។
ទី៤. ក្រុមប្រាសាទកោះកេរខាងលិច មានដូចជា ទួលក្រួស ទួលបន្ដុប ខ្លោងទ្វារ គ្រឹះលិង្គ ប្រាសាទស្រោងស្រឡៅ ប្រាសាទគុកស្រគុំ ប្រាសាទលិង្គ ប្រាសាទព្រះបាទជ័យលិង្គ ទួលតាពេជ្រជាដើម។ ប្រាសាទទាំងអស់នេះស្ថិតនៅបរិវេណរួមដែលមានកំពែងជុំវិញប្រមាណ១០គីឡូម៉ែត្របួនជ្រុង ព្រមទាំងមានកំពែងមួយចំនួនដែលត្រូវខូចខាតទៅហើយ។