(ភ្នំពេញ)៖ គ្រុឌ (Garuda) ក្លាយមកពីពាក្យបាលីនិងសំស្រ្កឹត (គរុឌ, គរូឌ > គ្រុឌ) សត្វសសេះ ជាឈ្មោះសត្វបក្សីមានក្នុងរឿងបុរាណ និងជាជំនិះរបស់ព្រះវិស្ណុ គូសត្រូវនឹងសត្វនាគ។
បើតាមលោក ហ្សង់ បូសយេ (Jean Boisselier) និយាយថា នៅក្នុងសិល្បៈខ្មែរ ប្រសិនបើចម្លាក់សត្វទាំងនេះមានលក្ខណៈនិមិត្តរូបសំខាន់ គឺត្រូវបានគេឆ្លាក់រចនាច្រើន ដូចជា តោ នាគជាដើម។ ចំណែកចម្លាក់គ្រុឌមកពីប្រាសាទធំ គឺមានចលនារស់រវើក ម៉្យាងវិញទៀតមានការតុបតែងលម្អយ៉ាងលម្អិតនៃស្លាប និងគ្រឿងអលង្ការផ្សេងៗដែលព័ទ្ធដងខ្លួននិងដៃ។ នៅប្រាសាទធំខាងក្រោយចម្លាក់សត្វនាគក្បាលពីរ ចម្លាក់សត្វគ្រុឌត្រដាងស្ថាបវែងលេចឡើងជាលើកដំបូងក្នុងសិល្បៈខ្មែរ។ ចម្លាក់គ្រុឌបានបង្ហាញក្រោមទិដ្ឋភាពពីរយ៉ាង គឺជាសត្វរំពាតំណាងឱ្យព្រះអាទិត្យ ពីព្រោះគ្រុឌក្លាយជាយានជំនិះព្រះវិស្ណុដែលជាអាទិទេពតំណាងព្រះអាទិត្យ និងជាអ្នកសម្លាប់សត្វនាគដែលត្រូវជាបងប្អូនម្តាយទទៃពីគ្នា។
ចម្លាក់គ្រុឌនេះត្រូវបានយកចេញពីប្រាសាទធំនៅអំឡុងទសវត្សឆ្នាំ១៩៣០ ខណៈបច្ចុប្បន្នត្រូវបានតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ៕