(ភ្នំពេញ)៖ ការចម្លងស្ថាបត្យកម្មមិនមែនទើបតែមាននោះទេ ហើយឱ្យតែមានការចម្លងស្ថាបត្យកម្ម គឺភាគច្រើនតែងតែផ្ទុះការតវ៉ាពីសំណាក់ប្រទេសម្ចាស់ស្ថាបត្យកម្ម។
អគារដែក Tour Eiffel របស់បារាំង ត្រូវបានប្រទេសជាច្រើនចម្លងតាម ដូចជាសហរដ្ឋអាមេរិក ជប៉ុនជាដើម ដោយខ្លះសាងសង់ខុសខ្នាតបន្តិច ខុសពណ៌បន្តិច ហើយខ្លះក៏ដូចបេះបិទ។ មួយវិញទៀត ការសាងសង់ដូចបេះបិទលើស្នាដៃស្ថាបត្យកម្ម Taj Mahal របស់ឥណ្ឌា ដែលប្រទេសបង់ក្លាដេសសាងសង់លំនាំតាម ធ្វើឱ្យផ្ទុះការតវ៉ារបស់ប្រទេសឥណ្ឌា។ កាលណោះ ខាងភាគីឥណ្ឌាបារម្ភខ្លាចការសាងសង់ Taj Mahal នៅប្រទេសបង់ក្លាដេស ធ្វើឱ្យបាត់បង់ភ្ញៀវទេសចរនៅ Taj Mahal ដើម ហើយខាងភាគីឥណ្ឌាក៏ត្រូវបានឱ្យដឹងថាគ្រោងដាក់ពាក្យបណ្ដឹងផងដែរ។ ប៉ុន្តែដោយសារតែ Taj Mahal នេះត្រូវបានសាងសង់រាប់រយឆ្នាំមកហើយ នោះការការពារកម្មសិទ្ធិបញ្ញាក៏ផុតនឹងការការពារដោយច្បាប់អន្តរជាតិដែរ។ យ៉ាងណាមិញ បន្ទាប់ពីវត្ដមាន Taj Mahal ទី២មក ភ្ញៀវទេសចរកាន់តែច្រើននៅតែបន្តទៅទស្សនា Taj Mahal ដើម រហូតដល់រដ្ឋាភិបាលឥណ្ឌាកំណត់ចំនួនភ្ញៀវទេសចរ និងកំណត់ពេលវេលាឱ្យភ្ញៀវទេសចរដើម្បីទស្សនា។ នេះទំនងដោយសារភ្ញៀវទេសចរជាច្រើនប្រហែលជាចង់ទស្សនា Taj Mahal ដើមច្រើនជាង Taj Hahal ចម្លងថ្មី ដែល Taj Mahal ដើមមានតម្លៃប្រវត្ដិសាស្ត្រជាង និងមានភាពអស្ចារ្យជាងស្នាដៃចម្លង។ Taj Mahal នេះមិនត្រឹមតែមានប្រទេសបង់ក្លាដេសចម្លងទេ ប្រទេសអារ៉ាប៊ីសាអូឌីតក៏ចម្លងដែលមានទំហំធំជាងរបស់ដើមទៀត។
* តើការចម្លងស្ថាបត្យកម្មខុសច្បាប់អន្តរជាតិដែរឬទេ?
ដើម្បីឆ្លើយនឹងសំណួរខាងលើ យើងគួរយល់ដឹងបន្តិចពីច្បាប់អន្តរជាតិ។ នៅពេលដែលមានបញ្ហាវិវាទលេចឡើង អ្វីដែលគេសិក្សាមុនគេនោះគឺតើប្រទេសនោះមានជាប់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀង ឬអនុសញ្ញា ដែលទាក់ទងនឹងបញ្ហវិវាទនោះដែរឬទេ ពីព្រោះទាំងអស់នេះគឺជាប្រភពនៃច្បាប់អន្តរជាតិ ដែលបានចងប្រទេសដែលជាសមាជិក ឬប្រទេសដែលព្រមព្រៀងឱ្យជាប់នឹងកាព្វកិច្ចគតិយុទ្ធ និងគោរពតាមការព្រមព្រៀង។
ការចម្លងស្នាដៃស្ថាបត្យកម្មគឺត្រូវបានការពារដោយអនុសញ្ញាធំៗចំនួន២ គឺអនុសញ្ញា Berne Convention 1886 និងអនុសញ្ញា Universal Copyright Convention 1952។ អនុសញ្ញា Berne Convention for the Protection of Literary and Artistic Works គឺជាអនុសញ្ញាដែលអនុម័តនៅខែកញ្ញា ឆ្នាំ១៨៨៦ ក្រោមគោលបំណងការពារស្នាដៃ និងសិទ្ធិរបស់អ្នកនិពន្ធ (Authors)។ ក្រោមអនុសញ្ញានេះ អ្នកនិពន្ធសំដៅដល់អ្នកបង្កើតស្នាដៃដែលទាក់ទងនឹងផ្នែកស្ថាបត្យកម្ម អក្សរសាស្ត្រ សិល្បៈ គំនូរ របាំ ភ្លេងជាដើម។
យ៉ាងណាមិញ ការការពារទៅលើស្នាដៃរបស់អ្នកនិពន្ធក៏មិនមានរហូតដែរ ដែលជាទូទៅគឺការពារត្រឹម៥០ឆ្នាំ រាប់គិតចាប់ពីឆ្នាំដែលអ្នកនិពន្ធបានទទួលមរណភាព។ ក្នុងករណីដែលស្នាដៃមិនស្គាល់ពីអត្តសញ្ញាណរបស់អ្នកនិពន្ធ ឬស្នាដៃជនអនាមិក ការការពារនោះត្រូវបានការពាររយៈពេល៥០ឆ្នាំបន្ទាប់ពីស្នាដៃនេះបានចេញជាសាធារណៈ។ ក៏ប៉ុន្តែរយៈការការពារនេះ គឺអាស្រ័យទៅលើប្រភេទនៃស្នាដៃ។ ក្នុងករណីស្នាដៃប្រភេទជាខ្សែភាពយន្ដ គឺអាចត្រូវបានការការពាររហូតផុតកំណត់៥០ឆ្នាំបន្ទាប់ពីស្នាដៃនេះដាក់ជូនសាធារណជន។ ក្នុងករណីស្នាដៃផ្នែកថតរូប ការការពារមានរយៈពេលយ៉ាងហោចណាស់២៥ឆ្នាំចាប់ពីស្នាដៃត្រូវបានបង្កើតឡើង។ អ្នកនិពន្ធដែលការពារដោយអនុសញ្ញានេះមានសិទ្ធិផ្ដាច់មុខអនុញ្ញាតលើសិទ្ធិការបកប្រែ សិទ្ធិក្នុងការផលិតឡើងវិញ សិទ្ធិក្នុងការសម្ដែងជាសាធារណៈ សិទ្ធិក្នុងការផ្សព្វផ្សាយស្នាដៃជាដើម ដោយមិនប៉ះពាល់និងខូចខាតស្នាដៃរបស់អ្នកនិពន្ធ។ ក្នុងករណីដែលជាប្រភេទផ្សព្វផ្សាយ ដូចជាស្នាដៃអក្សរសាស្ត្រ ឬការស្រាវជ្រាវរបស់អ្នកនិពន្ធ ឬអត្ថបទសារព័ត៌មានជាដើម សាធារណៈជនអាចដកស្រង់អគតដ្ឋាន (Citation) ដោយភាពទៀងត្រង់ហើយមិនត្រូវហួសពីគោលដៅដែលត្រូវបំពេញ ដោយនៅពេលប្រើប្រាស់គឺត្រូវបញ្ជាក់ឈ្មោះអ្នកនិពន្ធ និងប្រភពឱ្យបានត្រឹមត្រូវ។
អនុសញ្ញា Universal Copy Right Convention គឺជាអនុសញ្ញាដែលអនុម័តនៅឆ្នាំ១៩៥២ ដែលស្ថិតនៅក្រោម UNESCO ហើយអនុវត្ដនៅឆ្នាំ១៩៥៥។ ប្រភេទស្នាដៃដែលអនុសញ្ញានេះការពារគឺមិនខុសពីអនុសញ្ញា Berne Convention for the Protection of Literary and Artistic Works ប៉ុន្មាននោះទេ ប៉ុន្តែមូលហេតុដែលមានអនុសញ្ញា Universal Copy Right Convention មួយបន្ថែមទៀត បើយោងតាមអង្គការ UKCCS គឺដោយសារតែប្រទេសមួយចំនួនមិនយល់ស្របទៅនឹងខ្លឹមសារខ្លះអនុសញ្ញា Berne Convention for the Protection of Literary and Artistic Works អនុសញ្ញា Universal Copy Right Convention អនុញ្ញាតប្រទេសដែលជាសមាជិកត្រូវផ្ដល់រយៈពេលឱ្យអ្នកនិពន្ធមិនមុនពេលអ្នកនិពន្ធទទួលមរណភាព និងយោងហោចណាស់២៥ឆ្នាំបន្ទាប់ពីអ្នកនិពន្ធទទួលមរណភាព។ ក៏ប៉ុន្តែសម្រាប់ស្នាដៃផ្នែកថតរូបវិញ គឺស្ថិតក្រោមការពារមិនក្រោម១០ឆ្នាំ។ សរុបមក ដើម្បីស្វែងយល់ឱ្យស៊ីជម្រៅទាក់ទិននឹងការពារស្នាដៃក្នុងក្របខណ្ឌច្បាប់អន្តរជាតិ យើងគួរសិក្សារអនុសញ្ញា Berne Convention 1886 និងអនុសញ្ញា Universal Copyright Convention 1952។
ក្នុងនោះរយៈកាលនៃការការពារស្នាដៃស្ថាបត្យកម្មកុំឱ្យមានការចម្លង ឬសាងសង់ឡើងវិញ គឺជាអ្វីដែលជាឧបសគ្គរបស់ប្រទេសម្ចាស់ស្ថាបត្យកម្មតែងតែតវ៉ា ដោយសារតែស្ថាបត្យកម្មបែបប្រវត្ដិសាស្ត្រដែលត្រូវបានគេចម្លងភាគច្រើន គឺត្រូវបានស្ថាបត្យករជំនាន់ដើមកសាងរាប់រយឆ្នាំមកហើយ ដែលនេះបានផុតរលុតនូវការការពារដោយច្បាប់។ ទោះបីជាបែបនេះក៏ដោយ យើងអាចប្រើប្រាស់យុទ្ធសាស្ត្រការទូតដើម្បីប្រតិកម្ម និងឆ្លៀតក្នុងឱកាសផ្សព្វផ្សាយឱ្យបានដឹងច្បាស់អំពីស្នាដៃរបស់យើងឱ្យកាន់តែទូលំទូលាយដើម្បីឱ្យពិភពលោកបានដឹង។ ក្នុងន័យនេះ យើងអាចទាញប្រយោជន៍អំពីការចម្លងស្ថាបត្យកម្មនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាប្រាប់ទៅពិភពលោកថាមួយណារបស់ពិត មួយណាជារបស់ចម្លង៕