(ភ្នំពេញ)៖ ជនជាតិជ្វីហ្វ ឬអ៉ីស្រាអែលទើបតែបង្កើតបានរដ្ឋជាផ្លូវការនៅឆ្នាំ១៩៤៨នោះទេ តែប្រវត្តិនៃការរស់នៅរបស់ប្រជាជន និងការបាត់បង់ទឹកដី គឺមានរឿងរ៉ាងតាំងពីជាង៥០០០ឆ្នាំមុនមកម្ល៉េះ។
នៅប្រមាណឆ្នាំ៣០០០មុនគ្រិស្តសករាជ ជនជាតិជ្វីហ្វបានធ្វើចំណាកស្រុកដំបូងបង្អស់ក្នុងនាមជាជនជាតិភាគតិច ដើម្បីភៀសខ្លួនចេញពីរបបទាសភាពនៅចក្រភពអេហ្ស៉ីប ដោយពួកគេបានធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ទឹកដីកាណាន (Canaan) ដែលបច្ចុប្បន្នជាទឹកដីប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន (ក្នុងឋានៈជារដ្ឋសង្កេតការណ៍)។ នៅក្នុងទឹកដីកាណាននេះ ជនជាតិជ្វីហ្វបានបង្កើតអាណាចក្រអ៉ីស្រាអែល ដែលមានរាជធានីនៅទីក្រុងហ្សេរុយសាឡិម (Jerusalem) ដែលមានន័យថា «ទីក្រុងសន្តិភាព» ប៉ុន្តែអ៉ីស្រាអែលបុរាណនេះក៏តែងមានជម្លោះជាមួយជនជាតិមួយផ្សេងទៀតដែលជាសត្រូវស៊ូពូជនឹងគ្នា នោះគឺជនជាតិហ្វីលីស្ទីន (Philistines)។
ទីក្រុងហ្សេរុយសាឡិមរបស់ជនជាតិជ្វីហ្វ ត្រូវបានពួកអាស៊ីរី (Assyria) នៅតំបន់មេសូប៉ូតាមី (Mesopotamia) ក្រោមការដឹកនាំរបស់ព្រះចៅនេប៊ូខឹដនេសហ្សាទី២ (Nebuchdnezzar II) លើកកងទ័ពមកកម្ទេចចោលនៅឆ្នាំ៥៨៨មុនគ្រិស្តសករាជ ហើយជនជាតិជ្វីហ្វស្ទើរតែទាំងអស់ត្រូវបានកងទ័ពអាស៊ីរីចាប់ជាឈ្លើយសឹកជម្លៀសយកទៅទីក្រុងបាប៊ីឡូន (Babylon)។ នៅឆ្នាំ៥៣៩មុនគ្រិស្តសករាជ ទីក្រុងបាប៊ីឡូនរបស់អាស៊ីរីត្រូវបានកងទ័ពចក្រភពពែរ្ស (Persian) វាយដណ្ដើមត្រួតត្រា ហើយព្រះចៅអធិរាជសាយរឺស (Cyrus the Great) នៃចក្រភពពែរ្សក៏បានប្រោសប្រទានឱ្យជនជាតិជ្វីហ្វមានសេរីភាព និងវិលត្រលប់ទៅទឹកដីកំណើតវិញ។ ជនជាតិដែលពូកែតស៊ូអំណត់ទាំងនេះ បានចាប់ផ្ដើមកសាងអាណាចក្ររបស់ខ្លួនសាជាថ្មី ដោយរាជធានីហ្សេរុយសាឡិមរបស់ពួកគេក៏បានលេចមុខមាត់រីកចម្រើនឡើងវិញដែរ។ មានគេនិយាយថា ពួកជនជាតិនេះពូកែធ្វើជំនួញណាស់ ហើយនិយមសន្តិភាព ចេះស្រលាញ់ជនជាតិឯង រីឯស្មារតីសាមគ្គីភាព ភាតរភាព ក៏តែងស្ថិតនៅក្នុងចិត្តរបស់ពួកគេជានិច្ច ទោះបីជាពួកគេចេញទៅក្រៅអាណាចក្រ ឬកំពុងជួបការលំបាកយ៉ាងណាក៏ដោយ។
លុះដល់ឆ្នាំ៦៣នៃគ្រិស្តសករាជ ទឹកដីអាណាចក្រអ៉ីស្រាអែល ក៏ដូចជាទឹកដីជាច្រើនផ្សេងទៀតនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ ត្រូវបានកងទ័ពចក្រភពរ៉ូមវាយដណ្ដើមកាន់កាប់ជាបន្តបន្ទាប់ សូម្បីតែចក្រភពពែរ្សដែលធ្លាប់តែមានអំណាចឥទ្ធិពលខ្លាំងក្លាក៏ត្រូវបរាជ័យក្រោមដៃរបស់រ៉ូមដែរ។ ក្នុងពេលស្ថិតក្រោមអំណាចត្រួតត្រារបស់ចក្រភពរ៉ូមនេះ ជនជាតិជ្វីហ្វបានរងទុក្ខវេទនាយ៉ាងខ្លាំង រហូតបង្កឱ្យមានចលនាបះបោរងើបឡើងប្រឆាំងជាមួយកងទ័ពរ៉ូម៉ាំងយ៉ាងពុះកញ្ជ្រោល ប៉ុន្តែអកុសលចលនាបះបោរនេះត្រូវបានកងទ័ពរ៉ូមវាយបង្ក្រាបឱ្យរាបទាបទៅវិញ ចំណែកឯទីក្រុងហ្សេរុយសាឡិមក៏ត្រូវកងទ័ពរបស់មហាអំណាចរ៉ូម៉ាំងដុតកម្ទេចចោលយ៉ាងព្រៃផ្សៃបំផុត។ នាកំលុងពេលនោះ ជនជាតិជ្វីហ្វទាំងអស់ត្រូវបានបណ្ដេញចេញពីទឹកដីកំណើតសាជាថ្មីម្ដងទៀត ហើយដែនដីអ៉ីស្រាអែលទាំងមូលត្រូវបានរាជការរ៉ូម៉ាំងផ្លាស់ប្ដូរឈ្មោះទៅជា «ដែនដីប៉ាឡេស្ទីន» វិញ។ ប៉ាឡេស្ទីន ជាឈ្មោះក្លាយមកពីពាក្យ ហ្វីលីស្ទីន ដែលយើងដឹងថាជាសត្រូវស៊ូពូជរបស់ជ្វីហ្វ។ ហេតុដែលរាជការរ៉ូមផ្លាស់ប្ដូរឈ្មោះបែបនេះ គឺដោយសារព្រះចៅអាឡិចសង់ចង់ដាក់ទោស និងសកសឹកចំពោះជនជាតិជ្វីហ្វដែលបះបោរប្រឆាំងនឹងអំណាចរ៉ូម។ ការបណ្ដេញជនជាតិជ្វីហ្វចេញពីទឹកដីកំណើតដូចបានរៀបរាប់ខាងលើនេះ បានធ្វើឱ្យពួកគេត្រូវបែកបាក់ខ្ចាត់ព្រាត់ពីសាច់ញាតិ ជនរួមជាតិ ធ្លាក់ខ្លួនក្លាយជាជនអន្តោប្រវេសន្តរស់នៅលើទឹកដឹកគេ មិនអាចវិលត្រលប់ទៅទឹកដីកំណើតជារៀងរហូត បានត្រឹមតែបង្កើតជាសហគមន៍ត្រង់នេះបន្តិចត្រង់នោះបន្តិច គ្មានមូលដ្ឋានច្បាស់លាស់ ចំណែកឯទឹកដីរបស់ខ្លួនឯណោះ ក៏ត្រូវក្លាយទៅជាទឹកដីរបស់សត្រូវទៅទៀត។
ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីអ៉ីស្រាអែលត្រូវបានពួកមហាអំណាចប្ដូរដៃគ្នាត្រួតត្រាទៅមកៗ។ ពួកមហាអំណាចទាំងនោះបានបំផ្លិចបំផ្លាញសមិទ្ធផលទីក្រុង ជិះជាន់កាប់សម្លាប់ជនជាតិជ្វីហ្វគ្មានត្រាប្រណី រហូតបង្ខំឱ្យចាកចេញពីមាតុភូមិរបស់ខ្លួនថែមទៀត ជាហេតុធ្វើឱ្យជនជាតិជ្វីហ្វលែងស្គាល់នូវអ្វីជាឯករាជ្យភាពអស់កាលជាង២,០០០ឆ្នាំ៕