(ភ្នំពេញ)៖ នៅក្នុងជំនឿពុទ្ធសាសនា ប្រេត ត្រូវបានព្រះពុទ្ធបរមគ្រូត្រាស់សម្ដែងថាមានដល់ទៅ១២អម្បូរ ដែលអាស្រ័យទៅតាមកម្រិតនៃបាបកម្មដែលពួកគេបានសាងរៀងៗខ្លួន។
* អម្បូរទី១៖ វន្តាសប្រេត (ប្រេតស៉ីកំហាក)
អម្បូរប្រេតនេះមានភ្នែកក្រលួង មុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀច ខ្នងកោង សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ រូបរាងខ្ពស់ជង្គ្រោង តែស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក។ កម្មផលនៃអម្បូរប្រេតទាំងនេះ មកពីកាលនៅរស់មិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឱ្យអ្នកមានសីលខ្ពស់។
* អម្បូរទី២៖ កុណបាសប្រេត (ប្រេតស៊ីសាកសព)
អម្បូរប្រេតនេះមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោត ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច។ អម្បូរប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច តែបើស៊ីណាស់ក៏កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង។
* អម្បូរទី៣៖ គូថខាទកប្រេត (ប្រេតស៉ីលាមក)
អម្បូរប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសម្ញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង។ ក្បាលធំគម្រាំង សក់ដុះខាងៗ កណ្តាលរលីង ស្លឹកត្រចៀកកំប៉ិត ពោះធំ រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំៗ ខំដើរស្កាត់រកគំនរលាមកធ្វើចំណី។ អម្បូរប្រេតនេះរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្មពៀរវេរាពីជាតិមុនដែលជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ។
* អម្បូរទី៤៖ អគ្គិជាលមុខប្រេត (ប្រេតត្រូវភ្លើងឆេះមុខមាត់)
អម្បូរប្រេតនេះមានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំគគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅ ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន។
* អម្បូរទី៥៖ សូចិមុខប្រេត (ប្រេតមាត់ប៉ុនម្ជុល)
អម្បូរប្រេតនេះមានមុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ដៃជើងស្រែងស៊ីសុះដុំៗ សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា។ ប្រេតពួកនេះច្រើនរស់នៅបុព្វតាព្រៃជ្រៅ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ។ ប្រេតនេះចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ដោយកាលពីជាតិមុនមិនបានធ្វើបុណ្យមានទ្រព្យច្រើន តែចិត្តកំណាញ់មិនដាក់ទានឱ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតាក៏មិនឱ្យលោកពិសាគ្រប់ដែរ។
* អម្បូរទី៦៖ តណ្ហដ្តិតប្រេត (ប្រេតវេទនាលំបាក)
អម្បូរប្រេតនេះមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសម្ញេញ បបូរមាត់ស្ពែះយាធ្លាក់សំយែះ ពោះប៉ោង ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ។
* អម្បូរទី៧៖ សុនិជ្ឈាមកប្រេត (ប្រេតភ្លើងឆេះខ្មៅដូចគល់ឈើ)
អម្បូរប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ។ ប្រេតពួកនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឱ្យលោកនិយាយពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឱ្យអាប់កិត្តិយស។
* អម្បូរទី៨៖ សត្ថង្គប្រេត (ប្រេតមានក្រចកដូចកាំបិត)
អម្បូរប្រេតប្រភេទនេះមានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯងយកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លានណាស់ ព្រោះវាមានកម្មក្រាស់ណាស់។ នៅក្នុងព្រៃជៅលើកោះក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យមានចិត្តកាច។ ប្រេតពួកនេះទៀតសោតច្រើនរស់នៅឫស្យា ប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬញាតិសន្តាន បំភ្លេចគុណគេបែរជាឱ្យទោសគេទៅវិញ។
* អម្បូរទី៩៖ បព្វតង្គប្រេត (ប្រេតមានកាយដូចភ្នំ)
អម្បូរប្រេតប្រភេទនេះមានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើន និងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀតលុះអស់កម្មពៀរ។ ប្រេតពួកនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ។ កាលពីជាតិមុន គឺមនុស្សមានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែក និងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង។
* អម្បូរទី១០ អជគរង្គប្រេត (ប្រេតមានកាយដូចពស់ថ្លាន់)
អម្បូរប្រេតប្រភេទនេះមានក្បាលច្រើនប្រភេទ ដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី។ ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវៀនលើដី ធំវែងដូចភ្នំ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រ លើដុំសិលា។ ប្រេតពួកនេះ កាលពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែឪ ជីដូនជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ចំពោះព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឱ្យប្រេតនេះមានក្បាលច្រើនបែបនេះឯង ត្រូវភ្លើងឆេះកាយគ្រប់ពេលវេលាបែបនេះ។
* អម្បូរទី១១ វិមានកប្រេត (ប្រេតមានវិមាននៅ)
អម្បូរប្រេតប្រភេទនេះមានរូបធំ រាងធាត់ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើម ប៉ុន្តែសុខទុក្ខស្ទើរគ្មាន។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ទៅកាប់សត្វនរកឈាមប្រឡាក់ពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះនៅក្នុងឋានសួគ៌ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ។ ប្រេតពួកនេះ កាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិអំពើពាលា បានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្មសងទាំងពីបែបនេះ។
* អម្បូរទី១២ មហិទ្ធិកប្រេត (ប្រេតមានឫទ្ធិច្រើន)
អម្បូរប្រេតនេះភារៈជាអ្នកមើលខុសត្រូវប្រេតទាំងឡាយ មានរូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិល្អឥតមានពីរស្មើរូបទេព្តា មានគ្រឿងស្លៀកពាក់ស្រស់ស្អាត ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ បែរប្រែជាភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះទៅចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែកក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ក្ដៅក្រហល់ក្រហាយ ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ល្អតែរូបកាយ តែមានក្លិនស្អុយ។ ប្រេតពួកនេះ កាលពីជាតិមុនបួសក្នុងសាសនា តែមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភមិនប្រតិបត្តិតាមវិន័យ។
ដោយមានការត្រាស់សម្ដែងយ៉ាងនេះហើយ ទើបនាឱកាសរដូវភ្ជុំបិណ្ឌនេះ ប្រជាពុទ្ធបរិស័ទតែងតែប្រារព្ធនូវកិច្ចទំនៀមកាន់បិណ្ឌរយៈពេល១៥ថ្ងៃ ព្រមទាំងមានរៀបចំកិច្ចបង្សុកូល វេរចង្ហាន់ គ្រឿងទេយ្យទានប្រគេនព្រះសង្ឃ អាចារ្យ អ្នកមានសីលជាដើម ដើម្បីឧទ្ទិសមគ្គផលបុណ្យកុសលជូនដល់ញាតិកាទាំង៧សណ្ដាន ក្រែងថាញាតិទាំងនោះធ្លោយបុណ្យធ្លាក់កាយទៅចាប់កំណើតជាប្រេត នរក ឬកើតនៅទីមិនសមគួរណាមួយ ដើម្បីឱ្យអស់លោកទាំងនោះបានទទួលនូវអានិសង្ស និងឆាប់រួចចាកទុក្ខអកុសលនាទីដ្ឋានដ៏វេទនាទាំងនោះ៕
រូបភាព៖ Kampucheers