(ភ្នំពេញ)៖ ផ្កាដែលមានដុះនៅលើផែនដីយើងនេះគឺមានច្រើនមុខច្រើនប្រភេទណាស់ ប៉ុន្តែតើអ្នកដឹងទេថា តើផ្កាប្រភេទណាដែលមានទំហំធំជាងគេនៅលើពិភពលោក?
ផ្កាធំៗបំផុតលើពីពិភពលោក គឺស្ថិតនៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ ក្នុងនោះមានដូចជាផ្ការ៉ាហ្វហ្វលឡេស៉ី-អារណុលឌី (Rafflesia Arnoldii) ជាប្រភេទរុក្ខជាតិប៉ារ៉ាសិតដែលមិនមានស្លឹក ដើម និងឫសឡើយ។ ផ្កានេះមានស្រទាប់ធំៗចំនួន៥ផ្ទាំង ហើយអាចរីកបានធំដល់ទំហំជាង១០០សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជិត៧គីឡូក្រាម។ ដោយសារវាតែជារុក្ខជាតិប៉ារ៉ាសិត ជាទូទៅ ផ្កាយក្សនេះតែងភ្ជាប់ខ្លួនវាទៅនឹងរុក្ខជាតិធំៗដទៃទៀត ដើម្បីបឺតយកទឹក និងអំបិកខនិកមកចិញ្ចឹមសរីរាង្គរបស់វា ពោលគឺដូចទៅនឹងបញ្ញើក្អែកនៅស្រុកយើងដែរ។
ជាធម្មតា ផ្ការ៉ាហ្វហ្វលឡេស៉ី-អារណុលឌី ប្រើពេលប្រហែល៩ខែទើបអាចរីកបាន ប៉ុន្តែវានឹងងាប់ទៅវិញក្នុងរយៈពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ។ នៅពេលរីក ផ្កានេះបញ្ចេញក្លិនស្អុយដូចសាកសពរលួយ ទើបគេឱ្យឈ្មោះវាម្យ៉ាងទៀតថា «ផ្កាសាកសព»។ ក្លិនស្អុយរបស់វា គឺបានទាក់ទាញសត្វរុយម៉្យាង ដែលជាទីភ្នាក់ងារពាំលម្អងរបស់វា។
ផ្ការ៉ាហ្វហ្វលឡេស៉ី-អារណុលឌី ស្ថិតក្នុងចំណោមត្រកូលផ្ការ៉ាហ្វហ្វលឡេស៉ី (Rafflesia) ដែរ ដែលមានដល់ទៅជិត៣០ប្រភេទ។ អម្បូរផ្កានេះមានវត្តមាននៅតំបន់អាស៉ីអាគ្នេយ៍ ភាគច្រើននៅក្នុងប្រទេសឥណ្ឌូណេស៉ី ម៉ាឡេស៉ី ថៃ និងហ្វីលីពីន។
ផ្ការ៉ាហ្វហ្វលឡេស៉ីនេះទៀត គឺហៅតាមឈ្មោះរបស់លោក ស្តេមហ្វដ រ៉ាហ្វហ្វលស៍ (Stamford Raffles) ដែលជាអគ្គទេសាភិបាលអាណានិគមចក្រភពអង់គ្លេសម្នាក់ គ្រប់គ្រងលើទឹកដីអាស៉ីអាគ្នេយ៍ដែនកោះ ដូចជា ឥណ្ឌូណេស៉ី ម៉ាឡាស៉ី សិង្ហបុរី ព្រុយណេជាដើម។ ផ្ការ៉ាហ្វហ្វលឡេស៉ីក៏ជាផ្កាតំណាងជាតិរបស់ប្រទេសឥណ្ឌូណេស៉ី ដូចទៅនឹងផ្កាម្លិះ និងផ្កាកេសរកូលរាត្រីផងដែរ។
ផ្កាយក្សមួយទៀតមានឈ្មោះថា អាម៉ូរហ្វូហ្វាលលូស-ទីតាញ៉ូម (Amorphophallus titanum) ឬ ទីតាន-អារ៉ូម (Titan arum)។ ដោយសារតែក្លិនដ៏អាក្រក់របស់វា ផ្កាទីតាញ៉ូមក៏ជាប់រហស្សនាមថាជាផ្កាសាកសពផងដែរ។ ផ្កានេះអាចលូតដល់កម្ពស់ជាង២ម៉ែត្រទៅ៣.៦ម៉ែត្រ ហើយអាចមានទម្ងន់ដល់ជិត៨០គីឡូក្រាម។ ផ្កាទីតានអារ៉ូមច្រើនតែដុះនៅកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៉ី៕