(ភ្នំពេញ)៖ បឹងទន្លេសាប ត្រូវបានចាត់ទុកថាជាបេះដូងនៃប្រទេសកម្ពុជា ដែលបានផ្ដល់ភោគផលយ៉ាងសម្បូរបែប ដល់ប្រជាជនក្នុងប្រទេសនេះ។ ប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនកម្ពុជា បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសមុទ្រទឹកសាបដ៏ធំមួយនេះ ខណៈមនុស្សជាច្រើនបានបង្ហាញការចង់ដឹងថា តើបឹងទន្លេសាបមានបង្កប់នូវអាថ៌កំបាំងអ្វីខ្លះ និងបានកកើតតាំងពីពេលណា?
យោងតាមការស្រាវជ្រាវរបស់ក្រុមការងារចម្រុះកម្ពុជា-ជប៉ុន បានបង្ហាញឱ្យឃើញថា បឹងទន្លេសាបបានលេចរូបរាងឡើងនៅចន្លោះ ៦០០០ ឬ ៥០០០ ឆ្នាំមុន។ ប្រសិនបើប្រៀបធៀបនឹងអាយុរបស់ភពផែនដី បឹងទន្លេសាបរបស់យើងគឺនៅក្មេងខ្ចីខ្លាំងណាស់។
អ្នកស្រាវជ្រាវបានកំណត់ដំណាក់កាលនៃការកកើតបឹងទន្លេសាបជា ៨ ដំណាក់កាល ដោយគិតទាំងមុនពេលកកើត ពេលកកើត និងក្រោយពេលកកើត ក្នុងនោះរួមមាន៖
* នៅប្រហែល ១៥,០០០ ឆ្នាំមុន ទ្រនង់ទ្វីបបានងើបឡើងខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ ធ្វើឱ្យបាតសមុទ្រមានកម្ពស់ទាបជាងទន្លេមេគង្គខ្លាំង ហើយទឹកទន្លេមេគង្គក៏បានហូរពីផ្នែកខាងលើធ្លាក់ទៅដល់សមុទ្រចិនខាងត្បូង។ ក្នុងពេលនោះដែរ កម្រិតនីវ៉ូទឹកសមុទ្រ គឺទាបជាងនីវ៉ូទឹកសមុទ្រនាពេលបច្ចុប្បន្នដល់ទៅ ១០០ ម៉ែត្រឯណោះ។
* ប្រហែល ១៣,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្របានកើនឡើងប្រហែល ២៥ ម៉ែត្រ មានន័យថា វាទាបជាងនីវ៉ូទឹកសមុទ្របច្ចុប្បន្ន ៧៥ ម៉ែត្រ។ រីឯទ្រនង់ទ្វីបនៅក្រោមទឹកសមុទ្រចាប់ផ្ដើមរីកធំឡើង ហើយផុសចេញពីសមុទ្របន្តិចម្ដងៗ។ ក្នុងពេលនោះ បឹងទន្លេសាបយើងនៅមិនទាន់លេចរូបរាងឡើងច្បាស់នៅឡើយទេ។
* ប្រហែល ១១,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្របានបន្តកើនឡើងកម្ពស់ប្រមាណ ២៥ ម៉ែត្រទៀត មានន័យថា ទាបជាងនីវ៉ូទឹកសមុទ្របច្ចុប្បន្នប្រមាណ ៥០ ម៉ែត្រ។ រីឯទ្រនង់ទ្វីបក្រោមសមុទ្រក៏កាន់តែរីកធំថែមទៀត ហើយឈូងសមុទ្រថៃបច្ចុប្បន្នក៏បានចាប់ផ្ដើមកកើតឡើងតាំងពីពេលនោះមក។ នៅពេលនោះដែរ ទន្លេមេគង្គក្រោមហាក់ដូចជាបែងចែកផ្លូវទឹកជាពីរផ្នែក គឺមួយផ្នែកជាទន្លេបាសាក់ និងមួយផ្នែកទៀតជាទន្លេមេគង្គក្រោមដូចយើងហៅនាពេលបច្ចុប្បន្ន។ ស្ថានភាពបឹងទន្លេសាបនាពេលនោះ ក៏មិនទាន់មានរូបរាងច្បាស់លាស់នៅឡើយដែរ។
* ប្រហែល ៩,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្រឡើងកម្ពស់ ២៥ ម៉ែត្រទៀត មានន័យថា ទាបជាងនីវ៉ូទឹកសមុទ្របច្ចុប្បន្នតែ ២៥ ម៉ែត្រប៉ុណ្ណោះ។ នៅដំណាក់កាលនេះ ទោះបីមិនទាន់កើតមានបឹងទន្លេសាប ក៏ប៉ុន្តែនៅតំបន់ដីទំនាបជុំវិញនោះ ក៏ចាប់កើតមានបឹងតូចៗ និងតំបន់លិចទឹកជាច្រើនទៀត។
* ប្រហែល ៧,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្រក៏បានឡើងស្មើនឹងនីវ៉ូទឹកសមុទ្រនាពេលបច្ចុប្បន្ន បឹងតូចៗជាច្រើន និងតំបន់លិចទឹកខាងលើនោះ ក៏ត្រូវបានចាក់បំពេញដោយដីល្បាប់ដែលមានប្រភពមកពីតំបន់ភ្នំ និងតំបន់ទំនាបៗនៅជុំវិញនោះ។
* ប្រហែល ៦,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្របានកើនឡើងខ្ពស់ជាងពេលបច្ចុប្បន្ន ១ ម៉ែត្រថែមទៀត ពោលគឺទឹកសមុទ្របានឡើងដល់ព្រំដែនកម្ពុជា-វៀតណាមបច្ចុប្បន្ន។ រីឯបឹងតូចៗ និងតំបន់លិចទឹកទាំងនោះក៏បានរួមតូចទៅៗ តាមរយៈការចាក់បំពេញដោយដីល្បាប់។
* ប្រហែល ៥,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្រក៏បានបញ្ឈប់សកម្មភាពកើនឡើង តំបន់ឆ្នេរសមុទ្រក៏បាននៅត្រឹងត្រឹមព្រំដែនកម្ពុជា-វៀតណាមបច្ចុប្បន្ន។ ប៉ុន្តែនៅពេលរដូវវស្សាម្ដងៗ សមុទ្រតែងរុញទឹកឱ្យឡើងចូលទៅទន្លេមេគង្គវិញ ជាហេតុធ្វើឱ្យទឹកទន្លេមេគង្គចាល់ហូរហៀរ ហើយហូរធ្លាក់ទៅរកតំបន់ទំនាបលិចទឹក ដែលជាកន្លែងបឹងទន្លេសាបបច្ចុប្បន្ន។ ទឹកដែលចូលទៅបំពេញនៅតាមបឹងតូចៗ និងតំបន់លិចទឹកទាំងនោះបានបង្កើតទៅជាបឹងដ៏ធំមួយ។ លុះដល់រដូវប្រាំង ទឹកបឹងដ៏ធំនេះក៏បានហូរចូលទៅទន្លេមេគង្គវិញ រីឯផ្លូវទឹកដែលហូរនាំទឹកពីទន្លេមេគង្គចូល និងចេញពីក្នុងបឹងយក្សនោះ គឺជាទន្លេសាបដែលយើងហៅដូចពេលបច្ចុប្បន្ននេះឯង។ នេះហើយជាដើមកំណើតនៃបឹងងទន្លេសាប។
* ប្រហែល ៣,០០០ ឆ្នាំមុន កម្រិតនីវ៉ូទឹកសមុទ្របានចាប់ផ្ដើមថយចុះបន្ដិចម្ដងៗ រហូតស្មើនឹងកម្រិតនីវ៉ូទឹកសមុទ្របច្ចុប្បន្ន ចំណែកឯដីសណ្ដរទន្លេមេគង្គក៏បានចាប់កកើតបន្តិចម្ដងៗ នៅកំលុងពេលនៃការថយចុះកម្រិតនីវ៉ូទឹកសមុទ្រនោះ។ តាមរយៈការថយចុះនៃទឹកសមុទ្រនេះហើយ ទើបធ្វើឱ្យបឹងទន្លេសាបមានសភាពរីកមាឌនៅរដូវវស្សា និងរួមមាឌនៅរដូវប្រាំងរៀងរាល់ឆ្នាំ៕