(ភ្នំពេញ)៖ ផ្ទៃផែនដីរបស់យើងគឺផ្គុំឡើងពីផ្លាក (Plate) ឬផ្ទាំងតូចធំជាច្រើន ដែលហៅថា ផ្លាកទិចតូនិក (Plate Tectonics) ប្រដូចបានទៅនឹងស្នូកអណ្ដើក។ ផ្លាកទាំងនោះបានធ្វើចលនាដោយល្បឿនយឺតៗ (ជាមធ្យម២-៣សង់ទីម៉ែត្រក្នុងមួយឆ្នាំ) ចលនាទាំងនេះហើយដែលបង្កឱ្យមានការប៉ះទង្គិចគ្នា បង្កជាគ្រោះរញ្ជួយដី បំណាក់ស្រុតជាដើម។
នៅមុនពេលមានរង្វាស់រញ្ជួយដី «រិចទ័រ» គេប្រើការសន្និដ្ឋានកម្រិតរញ្ជួយដីជា៣កម្រិត គឺកម្រិតធំ កម្រិតមធ្យម និងកម្រិតតូច ប៉ុន្តែដោយមើលឃើញរបៀបចាស់នេះលែងមានលក្ខណៈវិទ្យាសាស្ត្រទៀតហើយនោះ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក លោក ឆាល រិចទ័រ (Charles Richter) ក៏បានស្រាវជ្រាវរកឃើញរូបមន្តវាស់កម្រិតរញ្ជួយដីនៅឆ្នាំ១៩៣៥។ លោកបានកំណត់ខ្នាតរង្វាស់នេះដោយយកតាមឈ្មោះរបស់ខ្លួនថា «រិចទ័រ» ដែលគណនាចេញពីចន្លោះចលនាដី ភាសាបច្ចេកទេសហៅថា amplitude des mouvements du sol តាមរយៈការវាស់ដោយឧបករណ៍ ហើយបញ្ជូនមកកុំព្យូទ័រជាសញ្ញារលកញ័រៗ។
តាមរូបមន្តរបស់លោក ឆាល រិចទ័រ រញ្ជួយដីចាប់ពី៦.៥រិចទ័រឡើងទៅ គឺជារញ្ជួយកម្រិតធ្ងន់ធ្ងរ ហើយប្រសិនបើលើសពី៨រិចទ័រ នោះគឺជាមហន្តរាយខ្លាំងណាស់សម្រាប់មនុស្ស។ រហូតមកដល់សព្វថ្ងៃនេះ កម្រិតធ្ងន់បំផុតដែលគេបានវាស់តាមរូបមន្តរិចទ័រ គឺមានដល់៩.៥រិចទ័រ ដែលបានកើតឡើងនៅប្រទេសស៊ីលី (ឈីលី) អំឡុងខែឧសភា ឆ្នាំ១៩៦០ ពោលគឺកាលពីជាង៨០ឆ្នាំមុន៕