(ភ្នំពេញ)៖ សត្វនាគ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌និងអរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា «វប្បធម៌សត្វនាគ» ពិសេសវប្បធម៌សត្វនាគបានជ្រាបចូលជីវភាពរស់នៅរបស់ប្រជាជនចិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ អាស្រ័យហេតុនេះមកទល់បច្ចុប្បន្នជនជាតិចិននៅតែហៅខ្លួនឯងថាជា «ទាយាទសត្វនាគ»។ បុណ្យចូលឆ្នាំចិនខាងមុខ២ថ្ងៃទៀតនេះ គឺជាឆ្នាំរោង ដូច្នេះតើសត្វនាគតំណាងឱ្យអ្វីក្នុងវប្បធម៌ចិន?

កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ពន្ធជនជាតិហួរសៀ (Huaxia) ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹម (Totem) របស់ខ្លួន។ ក្រោយមក កុលសម្ពន្ធជនជាតិហួរសៀបានបង្រួបបង្រួមជាមួយកុលសម្ពន្ធដទៃទៀត ហើយក៏ស្រូបយកតូតឹមរបស់កុលសម្ពន្ធដទៃ បង្កើតបានជារូបសញ្ញាសត្វនាគដែលមានខ្លួនពស់ ក្បាលជ្រូក ស្នែងប្រើស ត្រចៀកគោ ពុកមាត់ពពែ ក្រញាំឥន្ទ្រី និងស្រកាត្រី ដូចជារូបសត្វនាគដែលយើងបានឃើញបច្ចុប្បន្ន។

តាំងពីដើមមក នាគចិនបានតំណាងឱ្យសិរីសួស្តី អំណាច សេចក្តីថ្លៃថ្នូរ សំណាងល្អ បញ្ញា ថាមពល និងភាពអង់អាចក្លាហាន។ល។ ក្នុងសម័យបុរាណចិន សត្វនាគជាសញ្ញាសម្គាល់នៃព្រះរាជវង្សានុវង្ស ដែលបង្ហាញពីឫទ្ធានុភាព និងកិត្យានុភាពស្តេចផែនដី ហើយព្រះចៅផែនដីតែងហៅខ្លួនឯងថាជា «នាគរាជចុះពីឋានសួគ៌» អាស្រ័យហេតុនេះ មានតែស្តេចផែនដីនិងព្រះរាជវង្សានុវង្សប៉ុណ្ណោះដែលអាចប្រើរូបសញ្ញាសត្វនាគ ដូចជាការប៉ាក់រូបនាគនៅលើព្រះពស្ត្រា ការដាក់បញ្ចូលធាតុនាគទៅក្នុងរចនាបថសំណង់ របស់របរប្រើប្រាស់នៅក្នុងព្រះរាជដំណាក់ និងផ្សេងៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរាជបល្ល័ង្ក ដែលជាការស្តែងពីឫទ្ធានុភាពរបស់អ្នកគ្រប់គ្រងផែនដី។

ក្នុងសម័យបច្ចុប្បន្ន រូបសត្វនាគត្រូវបានប្រជាជនចិនប្រើប្រាស់ជាទូទៅ ពោលគឺលែងជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាទៀតឡើយ។ ប្រជាជនចិនជឿជាក់ថា សត្វនាគអាចនាំមកនូវសិរីមង្គល និងសំណាងល្អ ដូចនេះទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីសំខាន់ៗគេតែងឃើញមានវត្តមាននៃរូបសត្វនាគនៅលើសម្ភារៈផ្សេងៗ។

ក្នុងពិធីអាពាហ៍ពិពាហ៍ រូបនាគនិងហង្សជារបស់មិនអាចខ្វះបាន ព្រោះសត្វនាគតំណាងឱ្យកូនប្រុស ឯសត្វហង្សតំណាងឱ្យកូនស្រី ដែលនាំមកនូវសិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មី ហើយនេះក៏ជាការរំលេចពីវប្បធម៌ចិនដែលជនជាតិចិនតែងហៅខ្លួនឯងថាជា «ទាយាទសត្វនាគ» ផងដែរ។

ក្នុងអក្សរសិល្ប៍ចិន ពាក្យ «នាគ» ត្រូវបានប្រើប្រាស់គួបផ្សំជាមួយនឹងពាក្យជាច្រើនបង្កើតជាកន្សោមពាក្យដែលប្រៀបធៀបអំពីរឿងរ៉ាវផ្សេងៗ ពិសេសតំណាងឱ្យភាពខ្លាំងក្លា រឹងមាំ ឫទ្ធានុភាព និងស្មារតីអង់អាចក្លាហានជាដើម ដែលជាធាតុផ្សំដ៏សំខាន់នៃអក្សរសិស្ប៍ដែលត្រូវបានប្រជាជនចិន និងអ្នករៀនសូត្រអក្សរចិនប្រើប្រាស់យ៉ាងទូលំទូលាយ។

គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះត្រូវជាឆ្នាំរោង ដូចនេះប្រជាជនចិនដែលមានវប្បធម៌សត្វនាគដ៏សម្បូរបែប និងមានមនោសញ្ចេតនាដ៏ពិសេសចំពោះសត្វនាគ ពួកគេជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសជាតិនឹងរឹតតែរុងរឿងថ្កុំថ្កើង មានសុខសន្តិភាព ប្រជាជនរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពក្សេមក្សាន្ត៕