(ភ្នំពេញ)៖ នៅលើភពផែនដីយើងនេះមានខ្សែបន្ទាត់អរូបីមួយហៅថា ខ្សែកំណត់កាលអន្តរជាតិ International Date Line (IDL) ដែលត្រូវបានបង្កើតឡើងសម្រាប់ការកំណត់ព្រំដែនរវាង «ថ្ងៃចាស់» និង «ថ្ងៃថ្មី»។ ខ្សែបន្ទាត់នេះស្ថិតនៅខ្សែស្របទី១៨០ ចន្លោះដែនដីរបស់ប្រទេសរុស្ស៉ី និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក។
គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះដេញមកខាងឆ្វេងដៃ គឺដូចជាដំណើរនៃផែនដីវិល ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះ ត្រូវចាត់ទុកជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃចន្ទ នៅថ្ងៃស្តាំវិញគឺនៅថ្ងៃអាទិត្យនៅឡើយទេ។
យើងអាចមើលលក្ខណៈខ្សែបន្ទាត់កំណត់កាលអន្តរជាតិនេះនៅលើផែនទី ឬភូគោលដែលជាអង្គតំណាងឱ្យផែនដីរបស់យើង គឺឃើញថាខ្សែនេះមិនរត់ត្រង់ពីប៉ូលខាងជើងចុះមកប៉ូលខាងត្បូងនោះឡើយ គឺមានលក្ខណៈកាច់បត់បែននៅចំណុចមួយចំនួន។
* ហេតុអ្វីបានជាខ្សែបន្ទាត់នេះមិនរត់ត្រង់ស្មើដូចខ្សែស្របទី១៨០តែម្តង?
ខ្សែបន្ទាត់ International Date Line ត្រូវបញ្ឆិតទៅនេះបន្តិច និងទៅនោះបន្តិច។ មូលហេតុគឺដោយសារតែដើម្បីបញ្ចៀសកុំឱ្យប៉ះពាល់ដល់ព្រំដែនប្រទេសមួយចំនួន ដូចជារុស្ស៉ី និងសហរដ្ឋអាមេរិកជាដើម។ ព្រោះថាបើវារត់ត្រង់តាមខ្សែស្របទី១៨០តែម្តង នោះរុស្ស៉ី សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប្រជុំកោះនៅមហាសមុទ្រប៉ាស៉ីហ្វិកនឹងមានដែនដីខ្លះស្ថិតនៅថ្ងៃខុសគ្នា ដូច្នេះដើម្បីឱ្យប្រទេសពួកគេមានថ្ងៃដូចគ្នា គេត្រូវកំណត់ខ្សែ IDL កាច់បត់បែនតាមព្រំដែននៃប្រទេសនីមួយៗ។
គួរជម្រាបថា ប្រទេសនានានៅក្បែរខ្សែបន្ទាត់ IDL មានសិទ្ធិក្នុងការជ្រើសរើសនូវ «ថ្ងៃ» និង «ល្វែងម៉ោង» ដែលពួកគេចង់បានដោយសេរី។ ឧទាហរណ៍ នៅពេលសាធារណរដ្ឋគីរីបាស (Kiribati) ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៧៩ ផ្នែកខ្លះនៃប្រទេសកោះនេះ គឺស្ថិតនៅចំហៀងខុសគ្នានៃខ្សែបន្ទាត់ IDL។ ដូច្នេះហើយទើបនៅឆ្នាំ១៩៩៥ ប្រទេសនេះបានសម្រេចរំកិលបន្ទាត់ IDL ទៅខាងស្តាំឱ្យផុតតែម្តង ដើម្បីឱ្យប្រទេសខ្លួនស្ថិតនៅក្នុងល្វែងម៉ោងដូចគ្នាតែមួយ។ ចាប់តាំងពីនោះមក Kiribati បានក្លាយជាប្រទេសដែលឆ្លងចូលថ្ងៃថ្មី ឬឆ្នាំថ្មីមុនគេបង្អស់។ នៅឆ្នាំ២០១១ ប្រទេសដែនកោះសាម័រ (Samoa) បានផ្លាស់ប្តូរពីល្វែងម៉ោង GMT-11 ទៅ GMT+13 វិញ តាមរយៈការរំកិលបន្ទាត់ IDL ទៅខាងស្តាំដៃ គឺមានគោលបំណងដើម្បីសម្របសម្រួលការធ្វើពាណិជ្ជកម្មជាមួយប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ហើយប្រទេសដែនកោះមួយទៀត គឺតូកេលូ (Tokelau) ក៏បានធ្វើតាមប្រទេសសាម័រ ក្រោមហេតុផលដូចគ្នាផងដែរ។
* តើខ្សែបន្ទាត់ IDL ត្រូវបានគូសឡើងតាំងពីពេលណា?
ទាំងខ្សែ International Date Line ទាំងម៉ោងសកល GMT រួមនិងល្វែងម៉ោងទាំង២៤ គឺត្រូវបានបង្កើតឡើងនាអំឡុងសន្និសីទអន្តរជាតិ International Meridian Conference ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ១៨៨៤ នៅសហរដ្ឋអាមេរិក ក្រោមការចូលរួមពីប្រទេសចំនួន២៦។
ខ្សែស្របទី១៨០ ត្រូវបានជ្រើសរើសធ្វើជាទីតាំងនៃខ្សែ IDL ដោយសារតែវារត់កាត់ភាគកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក ដែលមិនសូវមានមនុស្សរស់នៅច្រើនឡើយ ហើយវានៅមួយចំហៀងម្ខាងទៀតនៃផែនដី បើធៀបជាមួយខ្សែស្របទី០ នៅសង្កាត់ Greenwich នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលជាកន្លែងម៉ោងសកល GMT (Greenwich Mean Time Zone)៕