(ភ្នំពេញ)៖ ដើមឡើយ អ្នកវិទ្យាសាស្ត្របានអះអាងថា មានតែភពព្រហស្បតិ៍ទេដែលមានព្រះចន្ទច្រើនជាងគេក្នុងចំណោមភពទាំង៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ ពោលគឺភពព្រហស្បតិ៍មានព្រះចន្ទចន្លោះពី៨០-៩៥ដួង ប៉ុន្តែបច្ចុប្បន្នសម្មតិកម្មក៏បានប្រែប្រួលខុសពីមុនវិញ។
តាមការប្រកាសរបស់ក្រុមតារាវិទូ និងអង្គការណាសា គេបានរកឃើញព្រះចន្ទថ្មីៗរបស់ភពសៅរ៍ចំនួន៦២ដួងទៀត បន្ថែមពីលើព្រះចន្ទដែលបានរកឃើញពីមុនចំនួន៨៣ដួង ដែលត្រូវបានទទួលស្គាល់ដោយអង្គការសកលលោកអន្តរជាតិ (IAU) ដូច្នេះនាំឱ្យចំនួនព្រះចន្ទរបស់ភពសៅរ៍មានដល់ទៅ១៤៥ដួងឯណោះ។
ព្រះចន្ទទាំងនេះត្រូវបានរកឃើញនៅក្នុងចំណោមខ្សែក្រវាត់ដែលវណ្ឌជុំវិញភពសៅរ៍ជាច្រើនស្រទាប់នោះ ខណៈព្រះចន្ទខ្លះមានពន្លឺស្រអាប់ខ្លាំងពិបាកក្នុងការអង្កេតផងដែរ នេះបើតាមការអះអាងរបស់ក្រុមតារាវិទូ។
គួរជម្រាបថា ភពសៅរ៍ គឺជាភពដែលមានលក្ខណៈពិសេសជាងគេមួយក្នុងចំណោមភពទាំង៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយសារវាជាភពធំជាងគេទី២បន្ទាប់ពីភពព្រហស្បតិ៍ ជាភពដែលមានពណ៌ឆើតឆាយស្រស់ស្អាត។ ភពសៅរ៍ ឆ្ងាយពីព្រះអាទិត្យលំដាប់ទី៦ ភាពលេចធ្លោរបស់វាគឺដោយសារតែវាមានខ្សែក្រវាត់វ័ណ្ឌជុំវិញជាច្រើនស្រទាប់។
ព្រះចន្ទដែលល្បីឈ្មោះជាងគេរបស់ភពសៅរ៍ គឺព្រះចន្ទទីតាន៕