(ភ្នំពេញ)៖ ដូចយើងដឹងហើយថា កាក់ដំបូងបង្អស់របស់ខ្មែរត្រូវបានផលិតឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (610-635) សតវត្សទី៧ ដែលជាព្រះមហាក្សត្រមួយអង្គនៅសម័យចេនឡា ប៉ុន្តែកាក់សម័យទំនើបរបស់ខ្មែរត្រូវបានផលិតឡើងក្នុងសតវត្សទី១៩ សម័យឧដុង្គ។
លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ ព្រះបាទអង្គដួង បានឱ្យដឹងថា នៅពេលបានឡើងសោយរាជ្យ ព្រះបាទអង្គឌួងយល់ឃើញថា ស្ថានភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា (នាសម័យឧដុង្គ) កំពុងតែដុនដាប់កាន់តែខ្លាំង ហើយអធិបតេយ្យជាតិក៏ស្ទើរតែបាត់បង់អស់ ដោយសារតែមានសង្គ្រាមផ្ទៃក្នុង ខណៈប្រទេសជិតខាងក៏ចេះតែកាត់យកខេត្តខណ្ឌជាជុំវិញជាបន្តបន្ទាប់ ទើបព្រះអង្គមានព្រះរាជតម្រិះថា ត្រូវតែស្ដារប្រទេសជាតិឡើងវិញ ក្នុងនោះការពង្រឹងផ្នែកសេដ្ឋកិច្ចក៏ជាកត្តាសំខាន់ដែលព្រះអង្គបានអនុវត្ត។
ព្រះអង្គក៏បានបញ្ជាទិញម៉ាស៊ីនសង្កត់ពុម្ភកាក់សម្រាប់ផលិតចេញជាកាក់ប្រើប្រាស់ទូទាំងដែនដីដែលគ្រប់គ្រងដោយព្រះអង្គ កាក់នេះគេតែងហៅថា «កាក់ប្រាសាទ»។
លោក ប្លែស គីលីយ៉ង់ បានបន្តថា ម៉ាស៊ីនសង្កត់ពុម្ភកាក់នេះត្រូវបាននាំចូលនៅឆ្នាំ១៨៥០ ដោយព្រះបាទអង្គដួងបានបញ្ជាទិញពីពួកអង់គ្លេសតាមរយៈដែនដីសិង្ហបុរី ពីព្រោះកាលណោះអាណានិគមអង់គ្លេសកំពុងត្រួតត្រាលើដែនដីសិង្ហបុរី ម៉ាឡេស៊ី និងផ្នែកខ្លះនៃឥណ្ឌូណេស៊ីបច្ចុប្បន្ន។
គួរជម្រាបថា នៅលើកាក់ថ្មីនេះ នៅផ្នែកម្ខាងមានការបោះអក្សរ «កម្ពូជា» ដែលជាឈ្មោះប្រទេសកម្ពុជា ព្រមទាំងឆ្នាំរជ្ជកាលរបស់ព្រះអង្គ និងផ្នែកម្ខាងទៀតមានបោះអក្សរ «អង្គដួង» ដែលជាព្រះនាមរបស់ទ្រង់ផ្ទាល់តែម្ដង។ នៅលើកាក់ក៏មានរូបសត្វហង្ស រូបប្រាសាទកំពូលបី (ត្រីសូល៍)៕