(ភ្នំពេញ)៖ នៅចុងសតវត្សទី១៨ ប្រជាជនបារាំងភាគច្រើនរស់នៅក្នុងសភាពក្រខ្សត់ លើកលែងតែពួកអភិជនដែលរស់នៅបែបស៉ីវិល័យ។ ដោយខកចិត្តនឹងរបបរាជានិយមដែលប្រមូលពន្ធលើសប្រមាណ ប្រជាជនរឹតតែមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់រាជការព្រះចៅល្វីទី១៦ (Louis XVI)។
ខណៈដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ព្រះចៅល្វីទី១៦បានបញ្ជាឱ្យដាក់ពង្រាយកម្លាំងយោធានៅកណ្តាលទីក្រុងប៉ារីស ដើម្បីទប់ទប់នឹងកម្លាំងតស៊ូដែលប្រឆាំងនឹងរបបរាជានិយម។ មិនយូរប៉ុន្មាន ជម្លោះរវាងអ្នកគាំទ្ររបបរាជានិយម និងអ្នកប្រឆាំងរបបរាជានិយមក៏បានផ្ទុះឡើងនៅទូទាំងទីក្រុងប៉ារីស ស្របពេលដែលស្តេចល្វីទី១៦ក៏មិនអាចគ្រប់គ្រងកម្លាំងតស៊ូដែលប្រឆាំងនឹងទ្រង់តទៅទៀតបានដែរ។
ទីបំផុត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ កម្លាំងអ្នកប្រឆាំងរបបរាជានិយមក៏បានចូលឡោមព័ទ្ធបន្ទាយប៉ាស្ទី (Bastille) ដើម្បីរំដោះអ្នកទោសនយោបាយដែលរាជការបានចាប់ឃុំឃាំងនោះ។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនម៉ោងតែមិនបានសម្រេចនោះ ហ្វូងមនុស្សប្រមាណជាង១,០០០នាក់បានតស៊ូច្បាំងជាមួយកងការពារបន្ទាយដើម្បីរំដោះអ្នកទោសក្នុងគុក។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងរួចមក កម្លាំងតស៊ូប្រឆាំងក៏បានបំបែកការការពារបន្ទាយបានសម្រេច ប៉ុន្តែពួកគេនៅសល់គ្នាប្រហែល១០០នាក់ប៉ុណ្ណោះ ចំណែកកងកម្លាំងរបស់ព្រះរាជាដែលនៅសល់ក៏សម្រេចចិត្តដកថយ។ ប៉ុន្តែក្ដីសង្ឃឹមហាក់រលាយសូន្យ ដោយសារនៅពេលក្រុមបះបោរចូលទៅដល់គុកនៅក្នុងបន្ទាយនោះ អ្នកទោសដែលនៅរស់រានសល់ត្រឹមតែ៧នាក់ប៉ុណ្ណោះ។
ការពិតទៅ ការទម្លាយចូលក្នុងបន្ទាយប៉ាស្ទីដើម្បីរំដោះអ្នកទោសហាក់សូវជាសំខាន់ប៉ុន្មានឡើយសម្រាប់ប្រវត្តិសាស្រ្តបារាំង ប៉ុន្តែព្រឹត្តិការណ៍នេះបានជំរុញឱ្យមានការរីកសាយភាយនូវចលនាបដិវត្តន៍ទូទាំងទីក្រុងប៉ារីស និងប្រទេសបារាំងទាំងមូល ដែលជំរុញឱ្យអំណាចរបស់ព្រះចៅល្វីទី១៦ និងកងយោធពលភូមិន្ទបារាំងត្រូវធ្លាក់ចុះ។ ផ្ដើមចេញពីព្រឹត្តិការណ៍ខាងលើនេះ ក៏បានបន្តជំរុញឱ្យមានការផ្តួលរំលំរបបរាជានិយមនៅប្រទេសបារាំងបានសម្រេច ហើយក្រុមបះបោរបានចាប់ព្រះកាយព្រះចៅល្វីទី១៦ រួមទាំងអគ្គមហេសី ម៉ារីអង់ទាន់ណែត (Marie Antoinette) យកទៅប្រហារជីវិតដោយកាត់ព្រះកេសា។ ព្រឹត្តិការណ៍ទម្លាយបន្ទាយប៉ាស្ទីនេះ ក៏បានធ្វើឱ្យមានរបត់នយោបាយយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។
អំលុងពេល១០ខែក្រោយពេលនោះ ព្រឹត្តិការណ៍ Reign of Terror ក៏បានកើតឡើង ដែលពោរពេញទៅដោយការបង្ហូរឈាម។ នៅទីបញ្ចប់ ជនដែលត្រូវគេចោទថាជាខ្មាំងបដិវត្តន៍ប្រមាណជាង១៧,០០០នាក់ត្រូវបានប្រហារជីវិត ហើយយ៉ាងហោចណាស់១០,០០០នាក់ទៀតបានស្លាប់នៅក្នុងពន្ធនាគារ ពេលរង់ចាំការជំនុំជម្រះ។ ការស្លាប់របស់លោក Maximilien de Robespierre (ម៉ាកហ្ស៉ីមីលីយៀង ឌឺ រ៉ូបេសពែររ៉េ) គឺជាការចាប់ផ្តើមសម័យកាលថ្មីមួយទៀត ដោយប្រជាជនបារាំងនាំគ្នាបះបោរប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាជ្រុលហួសហេតុ។
មកដល់ខែសីហា ឆ្នាំ១៧៩៥ អំណាចប្រតិបត្តិបានធ្លាក់ទៅក្នុងដៃគណៈកម្មាធិការ Directory ដែលមានសមាជិក៥នាក់ និងត្រូវបានតែងតាំងដោយសភា ប៉ុន្តែស្ថានភាពប្រទេសមិនបានប្រសើរឡើងទេ។ បន្ទាប់ពីឆ្លងកាត់ទុក្ខលំបាក អំពើពុករលួយ និងភាពមិនស្កប់ស្កល់រយៈពេល៤ឆ្នាំទៀត ជម្លោះក៏បានឈានដល់ទីបញ្ចប់នៅឆ្នាំ១៧៩៩ ពេលដែលមេទ័ពណាប៉ូឡេអុងបូណាផាតបានដណ្តើមអំណាចឡើងគ្រប់គ្រងប្រទេសបារាំងតាមរយៈរដ្ឋប្រហារ។ បដិវត្តបារាំងមានការគួរឱ្យកត់សម្គាល់ខ្លាំង ត្រង់វាលុបបំបាត់របបរាជានិយមបារាំង ដែលបានដឹកនាំប្រទេសនេះជាច្រើនសតវត្សរ៍ ហើយវាបានបង្ហាញអំពីអំណាចរបស់ប្រជាជន និងសមត្ថភាពរបស់ពួកគេក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ៕