(ភ្នំពេញ)៖ ដោយសារធ្វើសង្រ្គាមបរាជ័យជាបន្តបន្ទាប់ រាជវង្សឆេង (Qing Dynasty) បានបាត់បង់ឥទ្ធិពលយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី មិនយូរប៉ុន្មាន ប្រជានុរាស្ត្រដែលធ្លាប់នៅក្រោមការត្រួតត្រារបស់រាជការឆេងមានគំនិតបះបោរ។ ជាលទ្ធផល នៅអំលុងដើមសតវត្សទី២០ សម្ពន្ធបដិវត្តន៍ (Revolutionary Alliance) ត្រូវបានបង្កើតឡើងក្នុងគោលបំណងលុបបំបាត់របបអធិរាជនៅប្រទេសចិន។
ស៊ុន យ៉ាត់សេន ត្រូវបានគេចាត់ទុកជាបិតាបដិវត្តន៍នេះ។ ការបះបោរមួយចំនួនត្រូវបានចាប់ផ្តើមឡើង ប៉ុន្តែសុទ្ធតែត្រូវបានបង្ក្រាបរាបទៅវិញដោយកងទ័ពរាជការ។ បន្ទាប់មក នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩១១ ការបះបោរមួយនៅស្រុកអ៊ូឆាង (Wuchang) ក៏បានប្រែក្រឡាស់ស្ថានការណ៍។
ក្នុងគោលបំណងបញ្ឈប់ការបង្ហូរឈាម រាជវង្សឆេងបានចាប់ផ្តើមពិភាក្សាអំពីលទ្ធភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រហូតឈានទៅដល់ការតែងតាំង យ័ន ស៉ឺខាយ (Yuan Shikai) ជានាយករដ្ឋមន្ត្រី។ ទោះបីជាមានការសន្យាអំពីការធ្វើកំណែទម្រង់ក៏ដោយ ប្រជាជននៅតាមខេត្តជាច្រើនបាននាំគ្នាប្រកាសភក្តីភាពចំពោះសម្ពន្ធបដិវត្តន៍ដែលដឹកនាំដោយលោក ស៊ុន យ៉ាតសេន។ តំណាងសម្ពន្ធតាមបណ្តាខេត្តទាំងអស់នោះបានប្រមូលផ្តុំគ្នាសម្រាប់សមាជជាតិលើកដំបូង ជាពេលដែលពួកគេបានបោះឆ្នោតជ្រើសរើសលោក ស៊ុន យ៉ាត់សេន ជាប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណរដ្ឋចិន។
នៅឆ្នាំ១៩១២ ព្រះចៅអធិរាជចិន ភ័យី (Puyi) ក៏បានដាក់រាជ្យ ដែលជាការនាំមកនូវទីបញ្ចប់នៃរបបចក្រពត្តិនៅប្រទេសចិន និងការគ្រប់គ្រងរយៈពេលជាច្រើនសតវត្សរ៍នៃរាជវង្សឆេង។ បន្ទាប់ពីលោក យ័ន ស៉ឺខាយ បានយល់ព្រមចំពោះការបង្កើតសាធារណរដ្ឋនេះ ដរាបណាលោកត្រូវគេតែងតាំងជាប្រធានាធិបតីផ្លូវការទីមួយ។ បដិវត្តន៍ឆ្នាំ១៩១១ គឺជាពេលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រចិន ដោយសារតែវាបានត្រួសត្រាយផ្លូវសម្រាប់បដិវត្តកុម្មុយនិស្តចិននៅឆ្នាំ១៩៤៩ ដែលជាការបះបោរដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការគ្រប់គ្រងរបស់លោក ម៉ៅ សេទុង៕