(បាងកក)៖ ចាប់ពីបដិវត្តសៀមឆ្នាំ១៩៣២ រាជាណាចក្រស្យាម ឬប្រទេសសៀមបានប្ដូររបបពីរាជានិយមផ្ដាច់ការមកប្រកាន់របបរាជានិយមអាស្រ័យសភាវិញ។ ចាប់ពីឆ្នាំ១៩៣២រហូតដល់ឆ្នាំ២០២៤នេះ ប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្នមាននាយរដ្ឋមន្ត្រីដឹកនាំប្រទេសចំនួន៣៨រូបហើយ ដោយខ្លះកើតចេញពីការបោះឆ្នោត និងខ្លះទៀតកើតចេញពីការធ្វើរដ្ឋប្រហារ ហើយខ្លះទៀតជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងនាយករដ្ឋមន្ត្រីស្ដីទីចុងអាណត្តិ។ ប្រទេសនេះក៏ល្បីឈ្មោះខាងធ្វើរដ្ឋប្រហារញឹកញាប់ជាងគេដែរ។

ខាងក្រោមនេះជាឈ្មោះនាយករដ្ឋមន្ត្រីថៃទី១-១០៖

* នាយករដ្ឋមន្ត្រីទី១ គឺព្រះពញាមនោបករណ៍និតិធាតា (Phraya Manopakorn Nitithada) កាន់តំណែងចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៣២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៣៣ (រយៈពេល៣៥៨ថ្ងៃ)។ ព្រះពញាមនោបករណ៍និតិធាតា ជាបក្ខជនមកពីគណបក្សឯករាជ្យ ដែលបានឡើងកាន់អំណាចបន្ទាប់ពីបដិវត្តសៀមឆ្នាំ១៩៣២។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅប្រជាធិបុក (Prajadhipok) ឬព្រះចៅរាមាទី៧។

* នាយករដ្ឋមន្ត្រីទី២ គឺព្រះពញាពហលពលពយុហសេនា (Phahonphonphayuhasena) លោកបានធ្វើរដ្ឋប្រហារទម្លាក់ព្រះពញាមនោបករណ៍និតិធាតាពីតំណែង ហើយបានកាន់តំណែងចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៣២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៣៨ (រយៈពេល៥ឆ្នាំ និង១៧៨ថ្ងៃ)។ ព្រះពញាពហលពលពយុហសេនា គឺជាមេបញ្ជាការកងទ័ពភូមិន្ទសៀម មានគោរមងារជា «មហាសេនាបតី» ក្រោយបដិវត្តសៀមឆ្នាំ១៩៣២ កងទ័ពភូមិន្ទសៀមក៏បានបង្កើតឱ្យមានគណបក្សនយោបាយមួយដើម្បីចូលរួមក្នុងការបោះឆ្នោត ដែលមានឈ្មោះថា គណបក្សរាស្ត្រសាទរ ឬគណៈរាស្ត្រសាទរ (Khana Ratsadon ឬ People's Party)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅប្រជាធិបុក (Prajadhipok) ឬព្រះចៅរាមាទី៧ និងបន្តដល់រជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។

* នាយករដ្ឋមន្ត្រីទី៣ គឺសេនាប្រមុខ ប្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) កាន់តំណែងចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៣៨ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៤៤ (រយៈពេល៥ឆ្នាំ និង២២៩ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សរាស្ត្រសាទរ (People's Party)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។

* នាយករដ្ឋមន្ត្រីទី៤ គឺលោក ខួង អភ័យវង្ស (Khuang Aphaiwong) កាន់តំណែងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩៤៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៥ (រយៈពេល១ឆ្នាំនិង៣០ថ្ងៃ)។ ដូនតារបស់ អភ័យវង្ស គឺមានឈរជ័រជាជនជាតិខ្មែរ ដោយកាលពីសម័យឧដុង្គ ដូនតារបស់លោកជាឧត្តមមន្ត្រីមួយរូបដែលមានឈ្មោះថា ឧកញ៉ាចក្រី បែន មានទំនោរខាងសៀម។ មន្ត្រីខ្មែរក្បត់រូបនេះបានជួយមេទ័ពសៀម ចក្រីដួង (អនាគតជាស្ដេចរាមាទី១) វាយកាន់កាប់រាជធានីឧដុង្គរបស់ខ្មែរបានសម្រេច ហើយឧកញ៉ាចក្រី ប៉ែន ក៏ត្រូវបានរាជវាំងក្រុងរតនកោសិន្ទ្រប្រទានគោរមងារថ្មីថា ចៅពញាអភ័យវង្ស និងទទួលបានការតែងតាំងជាចៅហ្វាយខេត្តបាត់ដំបង (សៀមហៅ ព្រះដំបង) គ្រប់គ្រងលើមណ្ឌលបូព៌ារបស់សៀមតាំងពីឆ្នាំ១៧៩៥មក។ ប៉ុន្តែក្រោយពេលបារាំងទាមទារខេត្តធំៗទាំង៤ពីសៀមមកឱ្យខ្មែរវិញ (បាត់ដំបង សៀមរាប សិរីសោភ័ណ និងចុងកាល់) ជាថ្នូរនឹងការដោះដូរជាមួយខេត្តត្រាច (ជាប់សមុទ្រ) និងតំបន់ប៉ាក់សេ (ជាប់ឡាវ) នាឆ្នាំ១៩០៧នោះមក គ្រួសារត្រកូលអភ័យវង្សដែលណោះដល់ជំនាន់ ឈុំ អភ័យវង្ស ឬកថាថន ឈុំ ក៏បានផ្លាស់ប្ដូរទីលំនៅទៅកាន់ខេត្តចន្ទបុរី ប្រទេសថៃវិញ ហើយរស់នៅទីនោះរហូតរៀងមក។

* នាយករដ្ឋមន្ត្រីទី៥ គឺលោក ទវី បុណ្យកេតុ (Thawi Bunyaket) កាន់តំណែងចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៤៥ (រយៈពេល១៧ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សរាស្ត្រសាទរ (People's Party)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។

* នាយករដ្ឋមន្ត្រីទី៦ គឺហ្មមរាជវង្ស​ សេនីយ៍ ប្រមោជ (Seni Pramoj) កាន់តំណែងចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៦ (រយៈពេល១៣៦ថ្ងៃ)។ នាយករដ្ឋមន្ត្រីរូបនេះមកពីក្រុមចលនាថៃសេរី (Free Thai Movement)។ អំឡុងពេលកាន់តំណែងរបស់លោក គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។

* នាយករដ្ឋមន្ត្រីទី៧ គឺលោក ខួង អភ័យវង្ស (Khuang Aphaiwong) កាន់តំណែងលើកទី២ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៦ (រយៈពេល៥២ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សឯករាជ្យ ដែលជាគណបក្សដើមរបស់គណបក្សប្រជាធិបតេយ្យនៅប្រទេសថៃបច្ចុប្បន្ន។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។

* នាយករដ្ឋមន្ត្រីទី៨ គឺលោក ព្រឹទ្ធិ ភ្នំយង្គ (Pridi Banomyong) កាន់តំណែងចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៦ (រយៈពេល៥២ថ្ងៃ)។ លោកក៏មកពីក្រុមចលនាថៃសេរីដូច សេនីយ៍ ប្រមោជ ដែរ។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨ និងបន្តដល់រជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។

* នាយករដ្ឋមន្ត្រីទី៩ គឺលោក ថ្វ័ល្យ ទម្រង់នាវាស្វស្ដី (Thawan Thamrongnawasawat) កាន់តំណែងចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៧ (រយៈពេល១ឆ្នាំនិង៧៩ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សរាស្ត្រសាទរ (People's Party) របស់ពួកយោធា។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅភូមិពលអតុល្យតេជះ (Bhumibol Adulyadej) ឬព្រះចៅរាមាទី៩។ លោក ថ្វ័ល្យ ទម្រង់នាវាស្វស្ដី ត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារនាឆ្នាំ១៩៤៧ ក្រោមការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ ហើយគណបក្សប្រឆាំង គឺគណបក្សឯករាជ្យរបស់លោក ខួង អភ័យវង្ស ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួស។

* នាយករដ្ឋមន្ត្រីទី១០ គឺលោក ភិន ជល្ហវ័ន (Phin Choonhavan) លោកគឺជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នចន្លោះពេល២ថ្ងៃ (ថ្ងៃទី៨-១០ ខែវិច្ឆិកា ឆ្នាំ១៩៤៧) ក្រោយរដ្ឋប្រហារទម្លាក់លោក ថ្វ័ល្យ ទម្រង់នាវាស្វស្ដី និងមុនការចូលកាន់តំណែងរបស់បេក្ខជនមកពីបក្សប្រឆាំង ខួង អភ័យវង្ស។

សូមរង់ចាំអានបន្តនៅភាគ២!