(បាងកក)៖ ចាប់ពីបដិវត្តសៀមឆ្នាំ១៩៣២ រាជាណាចក្រស្យាម ឬប្រទេសសៀមបានប្ដូររបបពីរាជានិយមផ្ដាច់ការមកប្រកាន់របបរាជានិយមអាស្រ័យសភាវិញ។ ចាប់ពីឆ្នាំ១៩៣២រហូតដល់ឆ្នាំ២០២៤នេះ ប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្នមាននាយរដ្ឋមន្ត្រីដឹកនាំប្រទេសចំនួន៣៨រូបហើយ ដោយខ្លះកើតចេញពីការបោះឆ្នោត និងខ្លះទៀតកើតចេញពីការធ្វើរដ្ឋប្រហារ ហើយខ្លះទៀតជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងនាយករដ្ឋមន្ត្រីស្ដីទីចុងអាណត្តិ។ ប្រទេសនេះក៏ល្បីឈ្មោះខាងធ្វើរដ្ឋប្រហារញឹកញាប់ជាងគេដែរ។

ខាងក្រោមនេះជាឈ្មោះនាយករដ្ឋមន្ត្រីថៃទី២១-៣០៖

* នាយករដ្ឋមន្ត្រីទី២១ គឺហ្មមរាជវង្ស​ សេនីយ៍ ប្រមោជ (Seni Pramoj) កាន់តំណែងលើកទី៣ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ (រយៈពេល១៦៩ថ្ងៃ)។ លោកបានប្ដូរមកជាគណបក្សប្រជាធិបតេយ្យ។

* នាយករដ្ឋមន្ត្រីទី២២ គឺលោក សង័ត ចលយុ (Sangad Chaloryu) ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន កាន់តំណែងបានតែ២ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ១៩៧៦។ លោកជាមេបញ្ជាការយោធា។ ពួកយោធាបានបង្ក្រាបទៅលើការតវ៉ា រហូតដល់មានការបង្ហូរឈាម នាថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ ហើយរបបយោធាក៏បានវិលមកកាន់កាប់ប្រទេសសាជាថ្មី នោះគឺលោក ធនិន ក្រៃវិជ្ជិន្ទ (Thanin Kraivichien)។

* នាយករដ្ឋមន្ត្រីទី២៣ គឺលោក ធនិន ក្រៃវិជ្ជិន្ទ (Thanin Kraivichien) កាន់តំណែងចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ (រយៈពេល១ឆ្នាំ និង១២ថ្ងៃ)។ ជាមេបញ្ជាការយោធា។

* នាយករដ្ឋមន្ត្រីទី២៤ គឺលោក សង័ត ចលយុ (Sangad Chaloryu) លោកជានាយករដ្ឋមន្ត្រីរយៈពេលត្រឹម២១ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៧។ លោកជាមេបញ្ជាការយោធា។

* នាយករដ្ឋមន្ត្រីទី២៥ គឺលោក ក្រៀងស័ក្តិ ចមនន្ទ (Kriangsak Chamanan) កាន់តំណែងចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨០។

* នាយករដ្ឋមន្ត្រីទី២៦ គឺលោកមេបញ្ជាការ ប្រេម ទិនសូឡានន្ទ (Prem Tinsulanonda) កាន់តំណែងចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨០ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៨៨ (រយៈពេល៨ឆ្នាំ និង១៥៤ថ្ងៃ)។ នៅខែមីនា ឆ្នាំ១៩៨០ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ប្រេម ពីតំណែងដែរ តែលោកបានគេចផុតពីការប៉ុនប៉ងនេះ ហើយក៏បានបើកចំហឱ្យមានការចូលរួមពីភាគបក្សនយោបាយនានានៅក្នុងរដ្ឋាភិបាលរបស់លោក។

* នាយករដ្ឋមន្ត្រីទី២៧ គឺលោក ជាតិជ័យ ជល្ហវ័ន (Chatichai Choonhavan) កាន់តំណែងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៨៨ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩១ (រយៈពេល២ឆ្នាំ និង២០៣ថ្ងៃ) មកពីគណបក្សជាតិថៃ។ នៅចុងបញ្ចបនៃតំណែង លោក ជាតិជ័យ ក៏ត្រូវបានចាប់ខ្លួនក្នុងពេលលោកចូលក្រាបបង្គំគាល់ព្រះចៅភូមិពលនៅក្នុងព្រះបរមរាជវាំង។ តំណែងនាយករដ្ឋមន្ត្រីថៃក៏ត្រូវបានជំនួសដោយលោក អនន្ទ ព័ន្យអជ៌ន (Anand Panyarachun)។

* នាយករដ្ឋមន្ត្រីទី២៨ គឺលោក សុន្ទរ គងសំពង្ស (Sunthorn Kongsompong) ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ដល់ទី២ ខែមីនា ឆ្នាំ១៩៩១ ពោលគឺមានរយៈពេល៧ថ្ងៃ មុនការឡើងកាន់តំណែងរបស់លោក អនន្ទ ព័ន្យអជ៌ន (Anand Panyarachun)។ មកពីខាងយោធាភូមិន្ទថៃ។

* នាយករដ្ឋមន្ត្រីទី២៩ គឺលោក អនន្ទ ព័ន្យអជ៌ន (Anand Panyarachun) កាន់តំណែងចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៩១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩២ (រយៈពេល១ឆ្នាំ និង៣៦ថ្ងៃ) មកពីគណបក្សឯករាជ្យ។

* នាយករដ្ឋមន្ត្រីទី៣០ គឺលោក សុចិន្តា ក្រាប្រយូរ (Suchinda Kraprayoon) កាន់តំណែងចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩២ (៤៧ថ្ងៃ) មកពីគណបក្សឯករាជ្យ។