(ភ្នំពេញ)៖ ប្រទេសកូរ៉េខាងត្បូងគ្រាំគ្រាពីការត្រួតត្រារបស់ជប៉ុនផង ពីឥទ្ធិពលសង្គ្រាមលោកលើកទី២ផង ពិសេសគឺពីសង្គ្រាមកូរ៉េផង។ ក្រោយបានឯករាជ្យ ទោះបីមានរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ប៉ុន្តែតាមពិតទៅរដ្ឋាភិបាលមានលក្ខណៈអំណាចនិយមខ្លាំងពេក និងមានការកម្ចាត់ភាគីម្ខាងទៀត ហើយកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីផ្តល់ប្រយោជន៍ឱ្យអ្នកដឹកនាំជាច្រើនដង។
ទោះជាយ៉ាងណា ក៏មានមូលហេតុជាច្រើនទៀតដែលធ្វើឱ្យកូរ៉េខាងត្បូងអាចឆ្លងផុតពីវិបត្តិទាំងនោះមកបាន ដូចជា៖
១. ប្រជាជនមានភាពជាអ្នកតស៊ូលើរឿងនយោបាយ។ ជនជាតិកូរ៉េខាងត្បូងមានចំណែករួមក្នុងការទាមទារសិទ្ធិ សេរីភាព និងភាពស្មើគ្នាជាបន្តបន្ទាប់ ទាំងការប្រឆាំងនឹងការរុករានរបស់បរទេសជាច្រើនសម័យ។ ពួកគេដឹងថាការតស៊ូត្រូវចំណាយពេលការអត់ធ្មត់ និងការលះបង់ជីវិតផងដែរ។ ចំណែករឿងការធ្វើការងារ ជនជាតិកូរ៉េខាងត្បូងប្រឹងប្រែងស្មោះត្រង់ចំពោះអង្គភាព ថែមទាំងស្រឡាញ់ការសិក្សា ស័ក្តិសមនឹងប្រើលទ្ធិខុងជឺជាគោលការណ៍របស់ប្រទេសមកជាយូរ។ ហេតុនេះហើយទើបជនជាតិកូរ៉េអាចអភិវឌ្ឍចំណេះដឹងផ្សេងៗបានល្អ និងចូលចិត្តការប្រកួតប្រជែង។ ខណៈជាមួយគ្នានេះក៏មានភាពជាជាតិនិយមខ្ពស់ ចូលចិត្តប្រើរបស់ដែលផលិតក្នុងប្រទេស ធ្វើឱ្យលុយមិនហូរចេញ និងចេះសន្សំសំចៃយ៉ាងខ្លាំង។
២. អ្នកដឹកនាំភាគច្រើន ទោះបីជាហួងហែងតំណែង និងមានអំពើពុករលួយខ្លាំង តែក៏ចង់ឱ្យប្រទេសរីកចម្រើនដោយចិត្តស្មោះ ជាពិសេសក្នុងសម័យប្រធានាធិបតី Park Chung-Hee និង Kim Young-Sam ជាពេលវេលាដែលមានការរៀបចំគ្រឹះនៃការអភិវឌ្ឍប្រទេសសំខាន់ៗជាច្រើនយ៉ាង ដូចជា ការសាងធនធានមនុស្ស ការផ្តល់ការសិក្សាដល់ប្រជាជន ការបង្រៀនតាមតំបន់ឱ្យពឹងលើខ្លួនឯងបាននិងមានភាពរឹងមាំ បង្ក្រាបអំពើពុករលួយ។ល។
៣. ប្រព័ន្ធយុត្តិធម៌បានផល ដូចជា ការវិនិច្ឆ័យរឿងក្ដី ការទាមទារប្រជាធិបតេយ្យ Gwangju។ ហេតុការណ៍នេះកើតឡើងក្នុងឆ្នាំ១៩៨០ នៅស្រុក Gwangju ខេត្តចូលឡាខាងត្បូង។ ក្នុងសម័យដែលឧត្តមសេនីយ៍ Chun Doo-Hwanជាប្រធានាធិបតី រដ្ឋាភិបាលប្រើកម្លាំងទាហានរំសាយបាតុកម្ម និងមានមនុស្សស្លាប់យ៉ាងតិច១៥០នាក់ ដោយប្រជាជននិងសាច់ញាតិអ្នកស្លាប់ព្យាយាមទាមទារយុត្តិធម៌មកគ្រប់រដ្ឋាភិបាល ប៉ុន្តែរឿងក្តីទើបតែទៅមុខក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី Kim Young-Sam ក្នុងឆ្នាំ១៩៩៥ ឬក្រោយពេល Chun Doo-Hwan និងបក្សពួកអស់អំណាចហើយ។ អតីតប្រធានាធិបតី Chun Doo-Hwan និង Roh Tae-Woo ត្រូវដាក់ទោសតាមកំហុសរបស់គេដោយ Chun Doo-Hwan ត្រូវកាត់ទោសជាប់គុកមួយជីវិត។ Roh Tae-Woo ត្រូវជាប់គុក១៧ឆ្នាំ ចំណែកអ្នកដទៃទទួលទោសស្រាលតាមលំដាប់។ រឿងក្តីបញ្ចប់ក្នុងឆ្នាំ១៩៩៧ សរុបទៅចំណាយពេលក្នុងការទាមទារដល់ទៅ១៥ឆ្នាំ។
តាមហេតុការណ៍នេះផ្ដល់ផលល្អចំពោះប្រជាធិបតេយ្យយ៉ាងតិច២ចំណុចគឺ៖ ១-បង្ហាញឱ្យឃើញថា ប្រព័ន្ធយុត្តិធម៌របស់កូរ៉េខាងត្បូងអាចទុកចិត្តបាន មិនលើកលែងអ្នកមានអំណាច ដែលជាគ្រឹះសំខាន់នៃរបបប្រជាធិបតេយ្យ។ ២-ដោះស្រាយបញ្ហាភាពមិនស្មើគ្នារបស់មនុស្សក្នុងខេត្តចូលឡាខាងត្បូង ដែលជាតំបន់ដែលមានភាពខុសគ្នាពីតំបន់ដទៃយ៉ាងខ្លាំង ព្រោះបើតាមប្រវត្តិសាស្ត្រជាដែនដីរបស់ Baekje ដែលតែងតែប្រឆាំងនឹងផ្នែកកណ្ដាល ហើយតែងតែត្រូវរដ្ឋាភិបាលព្រងើយកន្តើយរហូតដើរថយក្រោយ ដូចជា ថ្លៃពលកម្មរបស់ខេត្តនេះទាបជាងខេត្តដទៃ ការធ្វើបាតុកម្មក៏តែងតែកើតឡើងនៅទីនេះ ជាបញ្ហារឿងភូមិភាគនិយម តែប្រព័ន្ធយុត្តិធម៌ជួយរំសាយអារម្មណ៍បែងចែក ធ្វើឱ្យកើតការស្រុះស្រួលគ្នាយ៉ាងពិតប្រាកដ។
៤. វិស័យឧស្សាហកម្មអភិវឌ្ឍនិងរីកចម្រើនបែបលោតផ្លោះ ព្រោះរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹង ចាប់ផ្តើមតាំងពីការកំណត់គម្រោងនយោបាយច្បាស់លាស់ សាងបុគ្គលិក ផ្តល់ចំណេះដឹង ទំនុកបម្រុងលុយ និងរកទីផ្សារឱ្យ ដូចជា នៅពេលរដ្ឋគិតចង់ទំនុកបម្រុងភាពយន្ត រដ្ឋបានកំណត់ក្នុងគម្រោងថានឹងផលិតមួយឆ្នាំប៉ុន្មានរឿង ទំនុកបម្រុងវិជ្ជាជីវៈដែលទាក់ទង ផ្តល់ប្រាក់ឧបត្ថម្ភ នៅពេលថតរួចហើយជួយផ្សព្វផ្សាយក្នុងលក្ខណៈផ្សេងៗ៕