(សៀមរាប)៖ ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួនយល់ថាព្រែកស្រមោចដែលជាព្រែកជីកបុរាណ មានប្រភពចាប់ពីជាប់មាត់ទន្លេសាបត្រង់កំពង់ឃ្លាំងឡើងទៅដល់ភ្នំគូលែន ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។
កន្លងមកក៏ធ្លាប់មានដែរនូវការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះហេតុអ្វីក៏ទទឹងធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ពីកន្លែងផលិតនៅលើភ្នំគូលែនចុះមកទន្លេសាប? ឬ មួយមានតួនាទីជាផ្លូវដឹកថ្មពីអូរថ្មដាប់ដែលជាកន្លែងដាប់ យកថ្មទៅកសាងប្រាសាទនៅ អង្គរ? ចម្ងល់ទាំងនេះហើយដែលក្រុមស្រាវជ្រាវត្រូវធ្វើការស្វែងយល់ថា តើព្រែក ជីកបុរាណនេះមានប្រភពពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?
ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគមន៍។
ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថាព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។ ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាបច្រាល់ចូលក្នុងព្រែក។
យើងពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមក ប្រហែលជាព្រែកជីកនេះមានដំណើរការរអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួន ដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច «ថ្នល់ចែក» ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។
អ្នកស្រុករស់នៅតាមទំនប់ព្រែកជីកមួយចំនួននៅចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះជាផ្លូវទឹកបុរាណមួយដែលមានសំពៅចរាចរណ៍ចុះឡើងចន្លោះពីទន្លេសាបទៅដល់ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទនៅអង្គរដែរ។
នៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ គេបានរកឃើញឃើញកុលាលភាជន៍ខ្លះៗ ដូចជាកុលាលភាជផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាលមុនសម័យអង្គរទៅទៀត៕