(ភ្នំពេញ)៖ នៅវីដេអូភាគ៥នេះ លោក សរ រិទ្ធី បេក្ខជនបណ្ឌិតទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលខ្លួនមកបកស្រាយនូវចំណេះដឹងទូទៅខ្លីមួយទៀត ដែលពាក់ព័ន្ធនឹងសារៈសំខាន់របស់ទស្សនវិជ្ជាសម្រាប់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជានៅក្នុងសង្គមជាតិនីមួយៗ។
លោក សរ រិទ្ធី បានឱ្យដឹងថា ទស្សនវិជ្ជា គឺពិតជាមានសារសំខាន់បំផុតចំពោះអ្នកសិក្សាទស្សនវិជ្ជា សម្រាប់បញ្ញាវន្តគ្រប់គ្នា ពីព្រោះទស្សនវិជ្ជាបង្រៀនឱ្យមនុស្សចេះគិត ចេះវិភាគ ចេះប្រើបញ្ញាញាណ អភិវឌ្ឍគំនិតឱ្យកាន់តែទូលំទូលាយ។ លោកលើកឡើងនូវទស្សនៈមួយថា «កាលណាយើងមានគំនិត ទើបយើងមានកំណើត គំនិតយើងកើត ទើបកំណើតយើងមាន»។
លោកបន្តថា ទស្សនវិជ្ជាទាមទារការរៀនសូត្រឱ្យបានច្បាស់លាស់ រៀនសូត្របែបវិទ្យាសាស្ត្រ ដោយទស្សនវិជ្ជាក៏ជាមុខវិជ្ជាវិទ្យាសាស្ត្រ អីចឹងហើយបានជាគេប្រើពាក្យថា PHD។ PHD ខុសពីពាក្យ Dr.។ Dr. ជាបណ្ឌិតដែរ តែជាបណ្ឌិតតាមជំនាញនីមួយៗ រីឯ PHD គឺលើសមួយកម្រិតទៀត ដោយសារមានការបន្ថែមនូវការសិក្សាលើទស្សនវិជ្ជានេះឯង។
លោក សរ រិទ្ធី បានបន្តទៀតថា មុខវិជ្ជាទស្សនវិជ្ជានឹងជួយជំរុញឯកទេសនៃមុខវិជ្ជារបស់និស្សិត ឬបេក្ខជនម្នាក់ៗឱ្យកាន់តែស៊ីជម្រៅ និងមានលក្ខណៈវិទ្យាសាស្ត្រ។ ម្យ៉ាងក៏ជួយការពារនូវវិរុទ្ធទាំងឡាយដែលអាចកើតឡើងដោយការវាយតម្លៃមិនត្រឹមត្រូវ ទៅដល់អ្នកសិក្សាស្រាវជ្រាវផងដែរ។
សម្រាប់លោកដែលជាអ្នកស្រាវជ្រាវ ជាបញ្ញាវន្តដែលសិក្សាពីទស្សនវិជ្ជានេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ការយល់ដឹងនៅក្នុងសង្គម ការយល់ដឹងរបស់មនុស្សឱ្យស្គាល់ខុសត្រូវ ស្គាល់ល្អអាក្រក់ សំខាន់គឺស្គាល់ពីខ្លួនឯង។ លោកថា «ការស្គាល់ខ្លួន គឺជាគតិបណ្ឌិត» ដូច្នេះទស្សនវិជ្ជា គឺបង្រៀនឱ្យមនុស្សចេះឆ្លុះមើលខ្លួនឯង ឱ្យមនុស្សចេះគិតពិចារណាខ្លួនឯង ជាជាងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។
បើតាមលោក សរ រិទ្ធី នៅលើពិភពលោកយើងនេះ មានមនុស្សច្រើនណាស់ ប្រសិនបើយើងចង់ប្រៀបធៀបជាមួយអ្នកដទៃ គឺប្រៀបធៀបមិនអស់ទេ ដូច្នេះត្រូវរៀនប្រៀបធៀបជាមួយខ្លួនឯងឱ្យយល់ថា ខ្លួនយើងនៅថ្ងៃនេះយ៉ាងម៉េច ហើយត្រៀមខ្លួនយ៉ាងណានៅថ្ងៃស្អែក។
បេក្ខជនបណ្ឌិតរូបនេះបានជំរុញលើកទឹកចិត្តដល់អ្នកសិក្សាគ្រប់គ្នា មនុស្សគ្រប់គ្នាសូមកុំអាក់ខាននូវការសិក្សាឱ្យសោះ បានន័យថា ត្រូវរៀនរហូត សូម្បីតែអ្នកប្រាជ្ញ ខុង ជឺ ក៏នៅទុកខ្លួនគាត់ជាសិស្សដែរ ដូច្នេះយើងដែលមិនមែនជាអ្នកប្រាជ្ញដូចគាត់ ត្រូវតែមានការសិក្សាថែមទៀតគ្រប់ពេលដែលយើងអាចមានឱកាស៕