(ភ្នំពេញ)៖ អូឡាំពិក គឺជាព្រឹត្តិការណ៍ប្រកួតកីឡាលក្ខណៈអន្តរជាតិ ដែលមានការចូលរួមពីសំណាក់អត្តពលិកមកពីគ្រប់ទិសទីជុំវិញពិភពលោក ហើយជាធម្មតាត្រូវប្រារព្ធឡើងរៀងរាល់៤ឆ្នាំម្តង ហើយអ្នកប្រហែលបានកត់សម្គាល់ឃើញហើយថា និមិត្តសញ្ញារបស់អូឡាំពិក គឺជាកងចំនួន៥ដែលនៅព័ន្ធជាប់គ្នា។ សំណួរសួរថា តើនិមិត្តសញ្ញារបស់អូឡាំពិកនេះមានន័យយ៉ាងណាខ្លះ?
និមិត្តសញ្ញាខាងលើត្រូវបានរចនាឡើងដោយអ្នកអប់រំ និងប្រវត្តិវិទូជនជាតិបារាំង គឺលោក ពែរ៉េ ដឺ គូប៊ែរតាំង (Pierre de Coubertin) ដែលជាសហស្ថានិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានទី២របស់ស្ថាប័ននេះ។ លោក គូប៊ែរតាំង ត្រូវគេស្គាល់ថាជាបិតានៃប្រភេទកីឡាអូឡាំពិកសម័យទំនើប។
កងទាំង៥របស់អូឡាំពិក តំណាងឱ្យទ្វីបទាំង៥ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកនាពេលនោះ រួមមាន ទ្វីបអាហ្រ្វិក ទ្វីបអាស៉ី ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអូសេអានី (អូស្រ្តាលី)។
ចំណែកពណ៌នីមួយៗនៃកងទាំង៥នោះ រួមមាន ពណ៌ខៀវ ពណ៌លឿង ពណ៌ខ្មៅ ពណ៌បៃតង និងពណ៌ក្រហម រួមជាមួយផ្ទៃពណ៌សនៃទង់អូឡាំពិក គឺតំណាងឱ្យពណ៌ដែលមាននៅតាមទង់ជាតិប្រទេសទាំងឡាយ គិតត្រឹមពេលដែលវាត្រូវបានបង្កើតឡើងជានិមិត្តសញ្ញាផ្លូវការរបស់អូឡាំពិកកាលពីឆ្នាំ១៩១៥៕