(ភ្នំពេញ)៖ យើងអាចដឹងតាមរយៈឯកសារដែលពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ខ្មែរ ពិសេសវប្បធម៌ខ្មែរសម័យដើម ដែលឃើញមានការបញ្ចុះសពក្នុងមឈូសឱ្យអង្គុយចោងហោង។ តើមានមូលហេតុអ្វីបានជាខ្មែរសម័យដើមបញ្ចុះសពក្នុងមឈូស ឬក្នុងក្រឡឱ្យអង្គុយចោងហោងយ៉ាងដូច្នេះ?
នាបុព្វសម័យ ខ្មែរមានជំនឿ ហើយជំនឿទាំងនោះជាមធ្យោបាយធ្វើឱ្យខ្មែរមានសាមគ្គីធម៌រវាងគ្នា ព្រោះថាកាលបើគេមានជំនឿដូចគ្នា ការប្រាស្រ័យទាក់ទងក៏មានភាពស្និទ្ធស្នាលក្នុងសង្គម។ លើសពីនេះទៀត ជំនឿញ៉ាំងឱ្យមនុស្សដឹងបុណ្យ ដឹងបាប ស្គាល់សេចក្ដីល្អ អាក្រក់។ ការគោរពជឿទៅលើព្រលឹង ខ្មោច អារក្ស អ្នកតា ឬជំនឿលើធម្មជាតិបានក្លាយទៅជាទំនៀមទម្លាប់ដែលផ្តិតភ្ជាប់ក្នុងរូបភាពអារ្យធម៌ពិបាករំលាយ។ ការកប់ឧបករណ៍ប្រើប្រាស់ ម្ហូបអាហារក្នុងផ្នូរខ្មោចបង្ហាញឱ្យយើងដឹងថាបុព្វបុរសខ្មែរជំនាន់ដើមមានសីលធម៌ គោរពអ្នកដែលបាត់បង់ជីវិតទៅហើយ ពោលគឺគេដឹងខុសដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប។ ទាំងនេះជាហេតុដែលបណ្តាលឱ្យខ្មែរនាសម័យនោះយកសពរបស់គ្រួសារលោហិតទៅកប់ ដោយភ្ជាប់ជាមួយសពនូវសំណែនផ្សេងៗសម្រាប់បរិភោគ ឬប្រើប្រាស់ទៅបរលោក។ ក្នុងវប្បធម៌នីមួយៗ មនុស្សតែងមានទស្សនវិជ្ជាដែលជាប្រដាប់សញ្ជឹងត្រិះរិះ ហើយទស្សនវិជ្ជាមានទាក់ទងក្នុងទំនៀមទម្លាប់ទាំងអស់។ ជាក់ស្តែង ការណ៍ដែលបុព្វបុរសខ្មែរយើងកប់ខ្មោចឱ្យអង្គុយចោងហោងក្នុងក្រឡ ឬមឈូសបញ្ជាក់ឱ្យឃើញថា មនុស្សដែលស្លាប់ទៅអាចចាត់ទុកថាជាទារកនៅក្នុងផ្ទៃម្តាយមុនកើត។ បើគេយកខ្មោចទៅកប់ក្នុងដីដូចទារកនៅក្នុងផ្ទៃម្តាយ មានន័យថា ក្រោយពេលស្លាប់ជីវិតមិនសាបសូន្យនោះទេ។ គេជឿថារូបរាងកាយមនុស្សស្លាប់មែន ប៉ុន្តែព្រលឹងមិនស្លាប់ទេ ព្រលឹងត្រូវចាប់ជាតិឡើងវិញ។ ទស្សនៈនេះហើយដែលធ្វើឱ្យពួកគេសាកល្បងពន្យល់កំណើតនៃសត្វលោក ឬមនុស្សតាមទស្សនៈរបស់ខ្លួន ហើយចំពោះបញ្ហាដែលទាក់ទងទៅនឹងវេទកថានេះយើងមានរឿងព្រេងខ្មែរជាច្រើនជាសក្ខីភាពស្រាប់។
នៅក្នុងទំនាក់ទំនង គេតែងប្រើប្រាស់ភាសាជាមធ្យោបាយផ្សព្វផ្សាយចំណេះវិជ្ជា ទំនៀមទម្លាប់ប្រពៃណីនិងបង្ហាញអំពីមនោសញ្ចេតនាផ្សេងៗ។ ខ្មែរបានបង្កើតភាសាសម្រាប់ប្រាស្រ័យទាក់ទងគ្នាមុនក្លិង្គចូលស្រុក។ ភាសាខ្មែរស្ថិតក្នុងអំបូរខ្មែរ-មន តែមានការវិវត្តក្រោមឥទ្ធិពលវេយ្យាករណ៍សំស្ក្រឹតនិងបាលីខុសពីជនជាតិខ្មែរដទៃទៀតដែលរស់នៅតាមតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល ហើយដែលមានទំនាក់ទំនងនឹងវប្បធម៌បរទេស។ លុះមកដល់សម័យក្លិង្គចូលស្រុកនៅដើមសតវត្សទី១ ខ្មែរបានខ្ចីអក្សរបល្លវៈដែលជាអក្សរឥណ្ឌាខាងត្បូង មកកត់ត្រាផ្សព្វផ្សាយពាក្យពេចន៍និងវាចារបស់ខ្លួនឱ្យបានពេញលេញ។ ម៉្យាងជនជាតិខ្មែរចេះកម្លាយមេពាក្យដើមបង្កើតពាក្យថ្មីដោយប្រើមេបទជ្រែក និងបទចុងដូចពួកមនដែរ ដែលដើមឡើយជាជនជាតិមួយរួមជាតិសាសន៍ជាមួយខ្មែរ។ ឯជនជាតិយួន លាវ និងម៉េវ ដែលមានទីលំនៅដើមនៅឯស្រុកចិន ពួកគេទាំងនោះពុំមានវិធីបង្កើតពាក្យដូចអំបូរខ្មែរ-មនទេ។ នេះជាហេតុដែលគេពុំអាចបញ្ចូលភាសារបស់ពួកគេក្នុងអំបូរខ្មែរ-មនបាន។ ម៉្យាងវិញទៀត ខ្មែរ និងខ្មែរលើ (ព្នង ខា ព័រ ស្អូច សម្រែ គ្រឹង ទំពួន ព្រៅជាដើម) ជាជនជាតិតែមួយ តែក្រុមមនុស្សទាំងអស់នោះខុសពីខ្មែរដែលរស់នៅតាមវាលទំនាប ពុំបានទទួលវប្បធម៌ឥណ្ឌាឡើយ ហើយរស់នៅតាមរបៀបបុរាណប្រហាក់ប្រហែលនឹងខ្មែរជំនាន់មុនឥណ្ឌាចូលស្រុក។
សរុបសេចក្តីមក វិសាលភាពនៃវប្បធម៌ខ្មែរសម័យដំបូងមានទំហំធំធេងណាស់។ វប្បធម៌នេះហើយជាឫសគល់ដំបូងនៃវប្បធម៌បច្ចុប្បន្ន។ លោក អ៉ីម៉ាញូអ៊ែល កង់ (Immanuel Kant) សង្គមវិទូអាល្លឺម៉ង់បានពោលថា «អ្នកស្លាប់ជាមាគ៌ានៃអ្នករស់»។ ប្រទេសខ្មែរយើងពិតជាមានឫសគល់នៃវប្បធម៌យ៉ាងច្បាស់លាស់ណាស់។ ប៉ុន្តែទោះជារឹងមាំយ៉ាងណាក៏ដោយ ក៏ប្រទេសក្នុងលោកគ្មានប្រទេសណាមួយគេចផុតអំពីការទទួលយកឥទ្ធិពលវប្បធម៌ពីខាងក្រៅនោះទេ សូម្បីតែកោះតូចតាចក៏ទទួលឥទ្ធិពលពីខាងក្រៅដែរ។ សង្គមវិទូជាច្រើនទទួលស្គាល់ថាមនុស្សគ្រប់រូបមានវប្បធម៌ផ្សេងៗគ្នា។ វប្បធម៌ជាការរៀនសូត្រ ជាផលិតផលរួមរបស់ក្រុមជាការផ្ទេរពីជំនាន់មួយទៅជំនាន់មួយនិងការយកលំនាំតាមគ្នាទៅវិញទៅមក។ បុព្វបុរសជំនាន់ដើមមានជំនឿលើតូតឹម ពោលគឺវត្ថុ សត្វ រុក្ខជាតិឬបាតុភូតធម្មជាតិដទៃទៀត ដែលគេយកមកគោរពជាតំណាងក្រុមបក្សសម្ពន្ធ ឬសង្គមណាមួយ។ ខ្មែរសម័យគោកធ្លកជឿថា ដូនតាឬបុព្វបុរសរបស់ពួកគេគឺជាសត្វត្រកួតឬសត្វនាគ ដែលជាម្ចាស់នគរគោកធ្លក។ សត្វត្រកួត ឬសត្វនាគនេះ គឺជាសត្វដើមសន្តតិវង្សដែលមានឥទ្ធិពលអំណាចស័ក្តិសិទ្ធិអាចនាំមកនូវភាពសុខសប្បាយនិងមានវឌ្ឍនភាពដល់ពួកគេ។ យើងអាចប្រៀបធៀបតូតឹមនឹងព្រលឹង ឬកម្លាំងធម្មជាតិឬក៏វិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរខ្លះនៅតាមព្រៃភ្នំមិនបរិភោគសាច់ត្រកួតទេ ព្រោះគេជឿថា សត្វនេះជាតំណាងព្រលឹងដូនតារបស់ពួកគេដែលបានចែកឋានទៅ។ ប្រសិនបើមាននរណាសម្លាប់សត្វត្រកួត អំពើនេះពិតជានាំមកនូវចង្រៃឧបទ្រពសៅហ្មងពុំខាន។ ដើម្បីរំដោះគ្រោះកម្មនេះគែត្រូវធ្វើបុណ្យឆ្លងឬបុណ្យកាត់គ្រោះ។
មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត ពួកខ្មែរលើដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃក៏នៅមានជំនឿបែបនេះដែរ។ ពួកនេះចែកព្រលឹងជា៣ប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួនមនុស្ស៦ខែមុនពេលស្លាប់ ឯព្រលឹងតូចចេញទៅនៅពេលស្លាប់ និងព្រលឹងខ្លះទៀតស្លាប់៦ខែហើយទើបព្រមចេញ។ កាលណាមនុស្សស្លាប់ទៅ គេយកសាកសពទៅកប់ ហើយគេយកគ្រឿងប្រដាប់ដែលបុគ្គលនោះធ្លាប់ប្រើទៅកប់ជាមួយដែរដើម្បីទុកឱ្យបុគ្គលនោះប្រើប្រាស់តទៅទៀត។ ជំនឿដែលថា មនុស្សស្លាប់ទៅមិនសូន្យនេះ គឺមានន័យថាព្រលឹងអ្នកស្លាប់នោះក្លាយមកជាអារក្ស អ្នកតា អ្នកដូននេះឯង។ អ្នកតាគឺជាព្រលឹងនៃជនដែលស្លាប់ទៅហើយៗនៅថែរក្សាមើលការខុសត្រូវ មើលសុខទុក្ខកូនចៅតទៅទៀត។ សរុបសេចក្តីមក នៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ ជនជាតិខ្មែរយើងមានជំនឿលើព្រលឹងនិយម ពោលគឺព្រលឹងបុព្វបុរសរបស់ខ្លួន៕
ប្រភព៖ សៀវភៅជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុក របស់រាជបណ្ឌិត្យសភាកម្ពុជា