(ភ្នំពេញ)៖ បើតាមលក្ខខណ្ឌភូមិសាស្ត្រ អាស៊ីអាគ្នេយ៍ដែនគោកអាចលាតសន្ធឹងលើផ្ទៃដីនៅចន្លោះទន្លេយ៉ាងត្ស៊ឺ (Yangtze) នៅប្រទេសចិន និងទន្លេជីនឌ្វីន (Chindwin) នៅប្រទេសមីយ៉ាន់ម៉ា។ ប្រវត្តិនៃការកកើតភូមិសាស្ត្រតំបន់នេះមានការផ្លាស់ប្តូររូបរាងជាបន្តបន្ទាប់។
យោងតាមសៀវភៅ «វប្បធម៌ដំបូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក» បានឱ្យដឹងថា នៅសម័យហូឡូស៊ីន (The Holocene) កម្ពស់ទឹកសមុទ្រឡើងខ្ពស់ ធ្វើឱ្យដីមួយភាគធំដែលធ្លាប់ជាអាស៊ីអាគ្នេយ៍ដែនគោកលិចចូលទៅក្នុងសមុទ្រ។ សព្វថ្ងៃ សមុទ្របានញែកដីគោកដាច់ចេញពីកោះស៊ូម៉ាត្រា កោះជ្វា និងកោះបរណេអូ ដែលជាហេតុធ្វើឱ្យជម្រៅទឹកកាន់តែរាក់ គឺកម្រលើសពី៣៦ម៉ែត្រណាស់។ បាតសមុទ្រនៅតែបង្ហាញឱ្យឃើញស្នាមផ្លូវទឹកទន្លេ ដែលលិចកប់ចូលទៅក្នុងសមុទ្រ។ ការសិក្សាពីសណ្ឋានដីនៅដៃសមុទ្រមលង្កា និងសមុទ្រចិនខាងត្បូង បង្ហាញឱ្យឃើញពីកម្រិតទឹកសមុទ្រឡើងយ៉ាងឆាប់រហ័ស។ កាលពី១០,០០០ឆ្នាំមុន ទឹកសមុទ្រមានកម្ពស់ពី៤០ដល់៦០ម៉ែត្រ ទាបជាងកម្ពស់ទឹកសមុទ្របច្ចុប្បន្ន ធ្វើឱ្យលេចចេញតំបន់ដ៏ធំមួយដែលជាតំបន់វាលទំនាបមានទន្លេធំ២ហូរកាត់ គឺទន្លេចៅពញា និងទន្លេមេគង្គ។
១០០០០ឆ្នាំមុន តំបន់អាស៊ីអាគ្នេយ៍សម្បូរណ៍ទៅដោយជួរភ្នំធំៗជាច្រើន និងតំបន់ទំនាបលិចទឹកយ៉ាងធំដែលមានទន្លេសំខាន់ៗ និងដៃទន្លេជាច្រើនហូរកាត់។ នៅប្រហែល៥០០០ឆ្នាំក្រោយមក តំបន់ទំនាបលិចទឹកនោះស្ទើរតែលិចកប់ទៅក្នុងទឹកសមុទអស់។ នៅរវាង៨០០០មក៦០០០ឆ្នាំមុន កម្ពស់ទឹកសមុទ្រឡើងចាប់ពីក្រោម១២.៨ដល់១.២ម៉ែត្រ បើធៀបជាមួយច្រាំងសមុទ្របច្ចុប្បន្ន។ រយៈកាលក្រោយមក ចាប់ពី៥០០០មក៤០០០ឆ្នាំមុន ច្រាំងទ្វីបកាន់តែខ្ពស់ នាំឱ្យទឹកសមុទ្រមានកម្ពស់ពី២.៥ដល់៥.៨ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកសមុទ្រសព្វថ្ងៃ។ មកដល់៤០០០ឆ្នាំមុន កម្ពស់ទឹកសមុទ្រចាប់ស្រកចុះមកនៅប្រហែលនឹងច្រាំងសមុទ្រសព្វថ្ងៃ ហើយជួនកាលឡើងឬស្រកតិចតួចប៉ុណ្ណោះ។ នៅអំឡុងពេលដែលកម្ពស់ទឹកសមុទ្រឡើងកាលពី៧០០០មក១០០០ឆ្នាំមុន តំបន់វាលទំនាបនៅទន្លេក្រហម ទន្លេមេគង្គ និងទន្លេចៅពញាសព្វថ្ងៃ គ្របដណ្តប់ដោយសមុទ្ររាក់ៗ។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានការប្រែប្រួលលក្ខណៈភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍។
យើងអាចដឹងបានអំពីការកកើតនៃភូមិលំនៅតាមច្រាំងសមុទ្រ ពេលដែលកម្ពស់ទឹកសមុទ្រនៅនឹង បន្ទាប់មកចាប់ផ្តើមធ្លាក់ទៅវិញ ជាហេតុនាំឱ្យតំបន់ទំនាបលេចឡើងជាថ្មីម្តងទៀត ដែលសព្វថ្ងៃនេះ វាគ្របដណ្ដប់ទៅដោយស្រទាប់ដីឥដ្ឋសមុទ្រ។ ជ្រលងទន្លេដ៏សំខាន់៣ដែលយើងស្គាល់សព្វថ្ងៃថាមានមនុស្សមករស់នៅច្រើនក្នុងទីនោះ គឺមានស្លាកស្នាមផ្លូវទឹកចាស់ៗពីមុន។ ជ្រលងទន្លេនីមួយៗចាក់បង្គរទៅជាដីសណ្ដដ៏មានសក្ដានុពលនាពេលថ្មីៗ៕
ប្រភព៖ សៀវភៅវប្បធម៌ដំបូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក របស់រាជបណ្ឌិត្យសភាកម្ពុជា