(ភ្នំពេញ)៖ ថនិកសត្វគ្រប់ប្រភេទទាំងអស់ផ្តល់កំណើតជាកូន ហើយចិញ្ចឹមកូនដោយទឹកដោះ ថនិកសត្វភាគច្រើនមានរោម សូម្បីតែថនិកសត្វរស់នៅក្នុងទឹកដូចជាពពួកផ្សោត និងបាឡែន ក៏មានរោមនៅលើដងខ្លួនដែរ ប៉ុន្តែវាមិនបញ្ចេញច្បាស់ឱ្យយើងសង្កេតមើលបានពីចម្ងាយដូចថនិកសត្វរស់នៅលើគោកឡើយ។ តើការកំណត់ឈ្មោះប្រភេទថនិកសត្វជាភាសាខ្មែរធ្វើឡើងយ៉ាងដូច្នេះ និងជួបបញ្ហាអ្វីខ្លះ?
យោងតាមឯកសារចាស់ ប្រទេសកម្ពុជាមានវត្តមានថនិកសត្វចំនួន២១២ប្រភេទ ដែលក្នុងនោះថនិកសត្វថ្នាក់ធំសំខាន់ៗ ដូចជា គោព្រៃ រមាស ដំរី ខ្ទីង ទន្សោង រមាំង ប្រើស ខ្លាធំ ខ្លារខិន ខ្លាឃ្មុំ ដែលមានវត្តមានរស់នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងប្រភេទថនិកសត្វរស់នៅក្នុងទឹកប្រៃ និងទឹកសាបមួយចំនួន ដូចជា ផ្សោត បាឡែន និងជ្រូកទឹកជាដើម។
សត្វព្រៃ និងរុក្ខជាតិ មិនគ្រាន់តែចូលរួមចំណែកក្នុងការរក្សាតុល្យភាពធម្មជាតិ ទ្រទ្រង់ជីវិតរស់នៅ និងបង្កើនផាសុកភាពសម្រាប់មនុស្សតែប៉ុណ្ណោះទេ វាថែមទាំងមានសារៈសំខាន់សម្រាប់បំណងប្រាថ្នា និងតម្រូវការផ្នែកអារម្មណ៍របស់មនុស្ស និងសង្គមថែមទៀត។ តាមរយៈការជំរុញឱ្យមានកម្មវិធីទេសចរណ៍ធម្មជាតិ ពពួកសត្វព្រៃបានដើរតួនាទីយ៉ាងសំខាន់ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ប៉ុន្តែគួរឱ្យស្តាយធនធានជីវចម្រុះទាំងនេះបាននិងកំពុងទទួលរងគ្រោះថ្នាក់ ដែលមានប្រភេទសត្វពខ្លះបានបាត់បង់ក្នុងកម្រិតមួយគួរឱ្យភ្ញាក់ផ្អើល។ ក្រៅពីនេះ ការបំផ្លាញទីជម្រក ការធ្វើអាជីវកម្មលើសំណាកសត្វព្រៃ ការរាលដាលនៃជំងឺទៅលើការរស់នៅរបស់ពពួកថនិកសត្វព្រៃ គ្រោះធម្មជាតិ និងការបំពុល គឺជាកត្តាចម្បងនៃការបាត់បង់ជីវចម្រុះ និងពពួកថនិកសត្វគ្រប់ប្រភេទនៅកម្ពុជា។
រហូតមកទល់ពេលនេះ នៅមានប្រភេទសត្វព្រៃមួយចំនួន ដូចជា សត្វគោព្រៃ និងរមាស ដែលអ្នកធម្មជាតិវិទ្យានៅមិនទាន់ហ៊ានអះអាងច្បាស់លាស់ពីការនៅបន្តវត្តមានជាក់ស្តែងរបស់ពួកវានៅឡើយទេ។ បច្ចុប្បន្ន អ្នកសិក្សាស្រាវជ្រាវថនិកសត្វនិយមប្រើវិធីសាស្ត្រមួយចំនួន ដូចជា ការចុះសម្ភាសជាមួយប្រជាជនដែលមានបទពិសោធន៍និងរស់នៅក្នុងតំបន់ព្រៃឈើ និងសត្វព្រៃ ការប្រើវិធីសាស្ត្រត្រង់ស៊ិក និងការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ។ល។
* ការកំណត់ហៅឈ្មោះប្រភេទថនិកសត្វជាភាសាខ្មែរ
ប្រទេសកម្ពុជាសម្បូរទៅដោយសត្វព្រៃច្រើនប្រភេទ ដូចជា ពពួកថនិកសត្វ ឧរង្គសត្វសត្វស្លាប និងប្រភេទជីវចម្រុះផ្សេងទៀត។ សត្វស្លាបចំនួន៥៣៥ប្រភេទ (សត្វស្លាបនៃប្រទេសកម្ពុជាឆ្នាំ២០០៣) និងថនិកសត្វ៨៨ប្រភេទ (ថនិកសត្វនៅកម្ពុជាឆ្នាំ២០០០) ត្រូវបានបោះពុម្ពជាលើកដំបូង។ យោងតាមសៀវភៅថនិកសត្វនៃប្រទេសកម្ពុជា បានកំណត់ឈ្មោះនៃប្រភេទសត្វនីមួយៗមានបញ្ចូលរូបភាពច្បាស់សម្រាប់ឱ្យអ្នកអាន សិស្ស និស្សិត និងសត្តវិទូ ឬអ្នកស្រាវជ្រាវ ងាយស្រួលសម្គាល់ និងកំណត់ចំណាំ។ ក្នុងការបោះពុម្ពផ្សាយសៀវភៅខាងលើនេះ ផលលំបាកមួយដែលក្រុមអ្នករៀបរៀងបានជួបប្រទះ គឺការកំណត់ហៅឈ្មោះប្រភេទសត្វព្រៃនីមួយៗជាភាសាខ្មែរ។
បញ្ហានេះបណ្តាលមកពីកត្តាចំនួន២៖
* កត្តាទី១៖ ប្រភេទសត្វព្រៃមួយចំនួននៅពុំទាន់មានឈ្មោះជាភាសាខ្មែរ ឬភាសាតាមតំបន់ (Local Name) នៅឡើយ គឺមានតែភាសាអង់គ្លេស និងឈ្មោះជាឡាតាំង ឬឈ្មោះវិទ្យាសាស្ត្រប៉ុណ្ណោះ (English Name and Scientific Name)។ អ្នកសិក្សាស្រាវជ្រាវខ្លះមានទស្សនៈផ្សេង ដោយមិនដាក់ឈ្មោះតាមភាសាអង់គ្លេស ឈ្មោះឡាតាំងដែលមានស្រាប់ទាំងនោះទេ ព្រោះពួកគេបានចុះជួបសម្ភាសជាមួយប្រជាជនតាមមូលដ្ឋាន ឬតាមតំបន់ដែលមានពពួកសត្វពរស់នៅ ហើយបានហៅឈ្មោះសត្វនូវពាក្យតែមួយដូចគ្នា, ឧទាហរណ៍ ប្រភេទថនិកសត្វថ្នាក់តូច (Small Mammals) ដូចជា ពពួកអំបូរកន្ថឹក សំពោច ប្រចៀវ កំប្រុកជាដើម ដែលភាគច្រើនសត្វនីមួយៗពុំទាន់មានឈ្មោះជាភាសាខ្មែរច្បាស់លាស់នៅឡើយ ឬសូម្បីតែឈ្មោះតាមមូលដ្ឋាន តាមតំបន់ផ្សេងៗក្នុងប្រទេសក៏ពុំទាន់មានដែរ គឺគ្រាន់តែហៅតាមឈ្មោះទូទៅតែមួយថាជាកំប្រុកៗ ឬប្រចៀវៗជាដើម។ ម្យ៉ាងទៀត នៅមានប្រភេទថនិកសត្វជាច្រើនទៀត ដែលការហៅឈ្មោះរបស់ពួកវានៅមិនទាន់ច្បាស់លាស់នៅឡើយទេ, ឧទាហរណ៍ អ្នកស្រុកនៅខេត្តមណ្ឌលគិរី និងរតនគិរី ហៅប្រភេទសត្វមួយថា ឆ្មាបា (Sunda Colugo, Cynocephalus variegatus) ចំណែកឯប្រជាជនមួយចំនួននៅភូមិភាគខាងជើង ហៅ កំប្រុកធំ ឬកំប្រុកស្លាបធំ ថាជា ឆ្មាបា ទៅវិញ។ តាមពិតកំប្រុកធំមានឈ្មោះអង់គ្លេស និងឡាតាំង ថា Black Giant Squirrel, Ratufa bicolor រីឯកំប្រុកស្លាបធំមានឈ្មោះអង់គ្លេស
និងឡាតាំង ថា Indian Giant Flying Squirrel, Petaurista philippensis)។ ទោះជាយ៉ាងនេះក្តី អ្នកនិពន្ធបានសម្រេចយក Sunda Colugo ហៅជាភាសាខ្មែរថា ឆ្មាបា ដោយផ្អែកលើសណ្ឋានរូបសាស្ត្រ និងជីវសាស្ត្រ។
* កត្តាទី២៖ ជាទូទៅ ប្រជាជនមូលដ្ឋានមួយចំនួននៅតែមានការភ័ន្តច្រឡំក្នុងការប្រើប្រាស់ឈ្មោះ បើទោះជាប្រភេទសត្វមួយចំនួននោះត្រូវបានគេស្គាល់ និងដឹងឮរួចហើយក៏ដោយ ដូចជា ប្រភេទសត្វទន្សោង (Banteng) តែអ្នកខ្លះបែរជាច្រឡំថា គោព្រៃ (Kouprey) ទៅវិញ នោះក៏បណ្តាលមកពីការហៅរបស់អ្នកកវីនិពន្ធមួយចំនួនដែលតែងតែភ្ជាប់ពាក្យ ទន្សោង ជាមួយគោព្រៃ នៅក្នុងបទចម្រៀង កំណាព្យ ឬប្រលោមលោកជាដើម ដែលនាំឱ្យមានការច្រឡំថា ទន្សោង និងគោព្រៃ ជាប្រភេទសត្វតែមួយ។ ការប្រើពាក្យ «ទន្សោងគោព្រៃ» ភ្ជាប់គ្នាបែបនេះ ព្រោះថាទន្សោងជាសត្វដែលមានរូបរាងដូចគោបេះបិទ គ្រាន់តែផ្នែកគូទរបស់វាមានពណ៌ស
ហើយសត្វប្រភេទនេះរស់នៅក្នុងព្រៃ ជាហេតុធ្វើឱ្យគេច្រឡំហៅថាគោព្រៃតែម្តង។ ការហៅទាំងច្រឡំបែបនេះ ធ្វើឱ្យមានការច្រឡំតៗគ្នារហូតដល់ប្រជាពលរដ្ឋដែលរស់នៅទីប្រជុំជន ទីក្រុង តំបន់ទំនាបកណ្ដាល ដែលមិនធ្លាប់បានឃើញសត្វព្រៃ ក៏ហៅទាំងច្រឡំតគ្នា។ នេះជាកង្វល់នអ្នកសិក្សាស្រាវជ្រាវ និងអភិរក្សសត្វព្រៃនៅកម្ពុជា រួមទាំងអ្នកជំនាញបរទេសផងដែរ។ ហេតុនេះការស្គាល់ប្រភេទសត្វព្រៃទាំងអស់នោះ គឺអាស្រ័យទៅលើការវិភាគចេញពីភាសាអង់គ្លេស ដោយផ្អែកលើឈ្មោះដែលមានស្រាប់ ( លក្ខណរូបសាស្ត្រ លក្ខណជីវសាស្ត្រ និងភូមិសាស្រ្តដែលវារស់នៅ) និងឈ្មោះវិទ្យាសាស្ត្រ។
ការយល់ដឹង និងការប្រើប្រាស់ឈ្មោះសត្វដែលមានស្រាប់ ភាគច្រើនតែងតែផ្តោតទៅលើប្រភេទសត្វធំៗ និងប្រភេទមួយចំនួនដែលមានការជួបប្រទះញឹកញាប់ ធ្វើឱ្យប្រជាជនមានលទ្ធភាពដាក់ឈ្មោះប្រភេទសត្វទាំងនោះបាន ឬហៅតៗគ្នារហូតមក។ ប្រភេទសត្វមួយចំនួនធំនៅក្នុងសៀវភៅថនិកសត្វនេះ ត្រូវបានដាក់ឈ្មោះដោយក្រុមអ្នកសត្តសាស្ត្រខ្មែរ ដើម្បីបំពេញឱ្យបាននូវការហៅឈ្មោះជាភាសាខ្មែរគ្រប់ប្រភេទសត្វទាំងអស់ដែលបានរកឃើញថាមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕