(ភ្នំពេញ)៖ កន្ថឹក (Treeshrew) ជាថនិកសត្វដែលស្ថិតនៅក្នុងអម្បូរ Tupaiidae វាមានរូបរាងស្រដៀងគ្នាទៅនឹងសត្វកំប្រុកដែរ ដែលមានរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាង និងតំបន់មួយចំនួនទៀត ខណៈនៅកម្ពុជាអ្នកវិទ្យាសាស្ត្រសង្កេតឃើញមានសត្វកន្ថឹក២ប្រភេទ រួមមាន៖ កន្ថឹក និងកន្ថឹកក្បាលឆ្នូត។
កន្ថឹកមានវត្តមានរស់នៅតាមតំបន់ឥណ្ឌូម៉ាឡាយូ មានរូបរាងស្រដៀងគ្នាទៅនឹងសត្វកំប្រុកដែរ ពីព្រោះវាមានទំហំប្រហាក់ប្រហែលគ្នា មានភ្នែកធំ កន្ទុយសំពោងវែង មាត់ប្រែងស្រួចវែង។ ទោះបីជាវាស្ថិតនៅក្នុងអម្បូរ Tupaiidae ក៏ដោយ តែពួកវាពិតជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអម្បូរពានរផងដែរ ដូចនេះហើយទើបប្រភេទទាំងនេះត្រូវបានគេចុះក្នុងបញ្ជីសាយតេសទាំងអស់។ ប្រភេទមួយចំនួនរស់នៅលើដើមឈើ ឯប្រភេទមួយចំនួនទៀតរស់នៅនិងរកចំណីអាហារនៅលើដី។ កន្ថឹកក៏ជាសត្វដែលរកចំណីនៅពេលថ្ងៃ ដោយវាស៊ីរុក្ខជាតិនិងសត្វល្អិតផ្សេងៗជាច្រើន។
ខាងក្រោមនេះជាប្រភេទកន្ថឹកដែលមានរស់នៅលើទឹកដីកម្ពុជា៖
១. កន្ថឹកក្បាលឆ្នូត
កន្ថឹកក្បាលឆ្នូត ជាពាក្យហៅតាមភាសាខ្មែរ តែបើជាភាសាអង់គ្លេស Northern smooth-tailed treeshrew ដែលមានឈ្មោះវិទ្យាសាស្ត្រថា Dendrogale murina។
* ភិនភាគ៖ កន្ថឹកក្បាលឆ្នូត មានប្រវែងក្បាលនិងដងខ្លួនពី១១៥-១៣៥មីលីម៉ែត្រ កន្ទុយមានប្រវែងចាប់ពី១០៥-១៣០មីលីម៉ែត្រ និងមានទម្ងន់ចាប់ពី៣៥-៥៥ក្រាម។ ប្រភេទនេះគេអាចសម្គាល់បានដោយសារវាមានច្រមុះស្រួចវែង កន្ទុយវែង និងមានរោមខ្លី។ រោមនៅលើដងខ្លួនខ្លី និងរលោង។ ខ្នងមានសម្បុរប្រផេះចាស់រហូតត្នោតចាស់ ហើយពោះនិងផ្នែកសងខាងដងខ្លួនមានពណ៌ត្នោត។ មានឆ្នូតពណ៌ខៅ្មជាច្រើនលាតចាប់ពីច្រមុះកាត់តាមក្រោមភ្នែករហូតដល់គុម្ពត្រចៀក និងមានឆ្នូតពណ៌សអមសងខាង។ សត្វឈ្មោលមានទំហំធំ និងពណ៌ភ្លឺជាងសត្វញី។
* ជីវសាស្ត្រ៖ កន្ថឹកក្បាលឆ្នូតភាគច្រើនរស់នៅតាមគុម្ពោតព្រៃតូចៗ និងគុម្ពឫស្សី ព្រៃស្រោង និងព្រៃរបោះ។ វាជាសត្វរកស៊ីនៅពេលថ្ងៃ ហើយចំណីអាហាររបស់វាមានដូចជាផ្លែឈើ និងសត្វល្អិត ជាពិសេសពពួកអណ្ដើកមាស កន្ទា និងកញ្ចែជាដើម។ ប្រភេទនេះមានការបន្លឺសំឡេងឮខ្លាំង។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា កន្ថឹកក្បាលឆ្នូតមានវត្តមាននៅក្នុងខេត្តកោះកុង មណ្ឌលគិរី និងតំបន់ភូមិភាគខាងជើង។ ប្រភេទនេះក៏មានវត្តមាននៅប្រទេសវៀតណាម ឡាវ និងថៃភាគខាងកើតដែរ។ ស្ថានភាពអភិរក្ស គេមិនទាន់ដឹងស្ថានភាពអភិរក្សពួកវាពិតប្រាកដនៅឡើយទេ ក៏ប៉ុន្តែវាទំនងមិនមែនជាប្រភេទទទួលរងការគំរាមកំហែងជាសកលនោះទេ។
២. កន្ថឹក
ប្រភេទនេះបើតាមភាសាអង់គ្លេស Northern treeshrew និងមានឈ្មោះវិទ្យាសាស្ត្រថា Tupaia belangeri។
* ភិនភាគ៖ ប្រភេទនេះមានប្រវែងក្បាលនិងដងខ្លួនចាប់ពី១៣៥-២០៥មីលីម៉ែត្រ កន្ទុយមានប្រវែងពី១២៥-១៩៥មីលីម៉ែត្រ និងមានទម្ងន់ពី៨៣-១៨៥ក្រាម។ វាមានរូបរាងដូចកំប្រុក ដោយសារមានកន្ទុយវែងសំពោង និងមានច្រមុះវែងហើយស្រួច។ ខ្នងនិងកន្ទុយមានពណ៌ត្នោតចាស់ ចំណែកឯពោះមានពណ៌ត្នោតស្រាល។ ដូចគ្នានឹងប្រភេទផ្សេងទៀតដែរ នៅក្នុងអម្បូរនេះវាមានឆ្នូតតូចពណ៌លឿងស្រាលនៅលើស្មា។
* ជីវសាស្ត្រ៖ ប្រភេទនេះត្រូវបានប្រទះឃើញនៅតាមទីជម្រកផ្សេងៗជាច្រើនចាប់ពីព្រៃស្រោងព្រៃរបោះ ចុល្លព្រឹក្ស ចម្ការ។ វាភាគច្រើនរស់នៅលើដើមឈើ តែវារកចំណីនៅលើដី។ វាជាសត្វទិវាចរ (រកស៊ីនៅពេលថ្ងៃ) ហើយចំណីអាហាររបស់វា រួមមាន៖ សត្វល្អិត ពីងពាង ជន្លេន ផ្លែឈើជាដើម។
* របាយរស់នៅ៖ ប្រភេទនេះមានវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រៃប្រទេសកម្ពុជា។ ពួកវាក៏មានត្រូវគេប្រទះឃើញផងដែរនៅប្រទេសបង់ក្លាដេស ភូមា ថៃ តំបន់ឥណ្ឌូចិន ចិនភាគខាងត្បូង និងរដ្ឋអាសាម (ភាគឦសានឥណ្ឌា)។ ចំពោះស្ថានភាពអភិរក្ស សត្វកន្ថឹកប្រភេទនេះគឺស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ៕