(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា គេសង្កេតឃើញមានក្រុមសត្វប្រមា (Porcupines) ចំនួន២ប្រភេទ រួមមាន៖ សត្វប្រមា និងសត្វប្រមោញ ដែលពួកវាតែងតែរស់នៅតាមតំបន់ជនបទស្ងាត់ ជាពិសេសនៅតាមព្រៃធម្មជាតិ ខណៈសត្វកកេរទាំង២នេះមានវត្តមានរស់នៅដោយកម្របំផុត ពីព្រោះពួកវាភាគច្រើនត្រូវគេបរបាញ់យកសាច់និងក្រពេះសម្រាប់ធ្វើជាអាហារ និងឱសថបុរាណ ហើយរងការគំរាមកំហែងពីសត្វស្រុកដូចជាឆ្កែ និងសត្វមំសាសីដទៃទៀត ដូចជា ជ្រូកព្រៃ ខ្លារខិនជាដើម។
ប្រភេទសត្វប្រមា និងប្រមោញ មានភាពងាយស្រួលក្នុងការសម្គាល់ដោយពិនិត្យមើលកាំរបស់វា (ម្ជុលស្រួចៗនៅលើខ្នង)។ ខាងក្រោមនេះជាការរៀបរាប់ពីលក្ខណៈភិនភាគ លក្ខណៈជីវសាស្ត្រ និងការរស់នៅរបស់ក្រុមសត្វប្រមាទាំង២ប្រភេទនោះ៖
១. ប្រមា ឬកាំប្រមា
សត្វប្រមា ឬកាំប្រមា មានឈ្មោះជាភាសាអង់គ្លេសថា East Asian Porcupine និងមានឈ្មោះវិទ្យាសាស្ត្រថា Hystrix brachyura ដែលជាប្រភេទសត្វងាយរងគ្រោះថ្នាក់ (VU) នៅលើពិភពលោក។
* ភិនភាគ៖ សត្វប្រមា គឺជាសត្វកកេរធំមួយក្នុងចំណោមសត្វកកេរដទៃទៀត ដែលមានជើងមុខ-ក្រោយខ្លីៗ និងម្រាមជើងធំខ្លី។ ដងខ្លួនខ្លី ត្រចៀកតូច កន្ទុយធំខ្លី។ ជាទូទៅ វាមានពណ៌ខ្មៅ មានដងខ្លួននិងកន្ទុយគ្របដណ្តប់ទៅដោយកាំរឹងវែង១រាងដូចបន្លា។ សត្វប្រមាមានដងខ្លួនចាប់ពីក្បាលដល់ពាក់កណ្ដាលដងខ្លួនគ្របដណ្តប់ដោយកាំខ្លី១ដែលមានលក្ខណៈដូចរោម និងផ្នែកនៅសល់គ្របដណ្តប់ដោយកាំវែង១។ កាំប្រមាភាគច្រើនមានពណ៌ខ្មៅនៅផ្នែកកណ្តាល ដោយឡែកខាងចុងនិងគល់នៃកាំវិញមានពណ៌ស។ កាំកន្ទុយប្រមាមានលក្ខណៈពិសេសម្យ៉ាង ដោយខាងក្នុងកាំមានប្រហោងអាចបន្លឺសំឡេងបាននៅពេលវាអង្រួនខ្នង។ ពេលមានការគំរាមកំហែង វាបំបាស់កាំរបស់វាឡើងលើ ដើម្បីសម្លុតកម្លាចសត្រូវដែលចង់យាយីជីវិតវា។ ប្រមាមានទំហំដងខ្លួនធំជាងប្រមោញ តែមានកន្ទុយខ្លីជាង និងពុំមានកញ្ចុំនៅចុងកន្ទុយដូចប្រមោញទេ។
* ជីវសាស្ត្រ៖ ប្រមារស់នៅក្នុងរូងដីក្នុងតំបន់ព្រៃគ្រប់ប្រភេទ និងក្បែរតំបន់កសិកម្ម។ វាជាប្រភេទសត្វដែលចិញ្ចឹមជីវិតដោយស៊ីផ្លែឈើជ្រុះពីដើម ឫសឈើ មើមរុក្ខជាតិ និងរុក្ខជាតិតូចៗផ្សេងៗ។ ជាទូទៅ
វាជាប្រភេទសត្វដែលចេញរកស៊ីនៅពេលយប់ ហើយសម្ងំនៅក្នុងរូងនៅពេលថ្ងៃ។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា ប្រមាគឺជាសត្វដែលមានជាមធ្យមស្ទើរគ្រប់ទីកន្លែង។ វារស់នៅក្នុងព្រៃគ្រប់ប្រភេទនៅតំបន់អាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងកោះប័រណេអូ។ ប្រភេទនេះទទួលរងនូវការបរបាញ់ដើម្បីយកសាច់បរិភោគ ម្យ៉ាងកាំនិងក្រពះជាតម្រូវការខាងផ្នែកអាជីវកម្មដើម្បីធ្វើជាឱសថ។
* ស្ថានភាពអភិរក្ស៖ ប្រហែលជាមកពីប្រមាមានកាំសម្រាប់ការពារខ្លួនពីសត្រូវ និងសម្បូរចំណីស៊ីហើយមើលទៅ ទើបវាមានដង់ស៊ីតេរស់នៅច្រើនបង្គួរនៅប្រទេសកម្ពុជា ប៉ុន្តែប្រភេទនេះត្រូវបានចុះក្នុងបញ្ជីសៀវភៅក្រហមនៃអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ (VU) នៅលើពិភពលោក ដោយសារការគំរាមកំហែងរបស់សត្វឆ្កែ ឬការបរបាញ់ដើម្បីយកក្រពះនិងកាំរបស់វាយកទៅលក់។
២. ប្រមោញ
សត្វប្រមោញ មានឈ្មោះជាភាសាអង់គ្លេសថា Asiatic Brush-tailed Porcupine និងមានឈ្មោះវិទ្យាសាស្ត្រថា Atherurus macrourus តែសូមកុំច្រឡំជាមួយសត្វកាំប្រមាឱ្យសោះ ដ្បិតសត្វទាំង២ប្រភេទនេះមានភិនភាគស្រដៀងគ្នា។
* ភិនភាគ៖ ប្រមោញមានរូបរាងដូចប្រមាដែរ តែខុសត្រង់ប្រមោញមានទំហំខ្លួនតូចជាងប្រមា។ វាមានដងខ្លួនគ្របដណ្ដប់ដោយរោមដែលមានលក្ខណៈដូចប្រមាដែរ តែវាមានប្រវែងខ្ចីតូចជាងប្រមាបន្តិច ផ្នែកខាងលើនៃដងខ្លួនមានកាំរាងសំប៉ែត។ នៅផ្នែកខាងលើខ្នងមានរោមបន្លាពណ៌ត្នោតចាស់ហើយវែង ចំណែកនៅខាងក្រោមពោះមានរោមខ្លីពណ៌ត្នោតខ្ចី កន្ទុយរបស់វាតូច ហើយនៅចុងកន្ទុយមានរោមបន្លាជាកញ្ចុំដូចអំបោស។
* ជីវសាស្ត្រ៖ ប្រមោញធ្វើរូងរស់នៅក្នុងព្រៃ ឬតំបន់ចម្ការ ជាពិសេសនៅតំបន់ភ្នំ។ ប្រមោញជាប្រភេទសត្វដែលរកស៊ីនៅពេលយប់ដូចប្រមាដែរ ហើយពេលថ្ងៃវាសម្ងំលាក់ខ្លួននៅក្នុងរូង ឬល្អាងថ្ម។ ពេលខ្លះវារស់ជាហ្វូងនៅក្នុងរូងតែមួយពី២-៣ឆ្នាំ។ ប្រមោញអាចរត់បានយ៉ាងលឿន និងហែលទឹកបានយ៉ាងស្ទាត់ជំនាញទៀតផង។ ចំណីអាហាររបស់ប្រមោញមានដូចជាឫសឈើ មើមឈើ ផ្លែឈើដែលជ្រុះ គ្រាប់ធញ្ញជាតិ ដំណាំក្នុងចម្ការ សំបកឈើប្រភេទខ្លះ ឆ្អឹងសាកសពជាដើម។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា ប្រមោញជាប្រភេទសត្វមានស្ទើរគ្រប់ទីកន្លែង។ វាមានវត្តមាននៅអាស៊ីអាគ្នេយ៍ និងកោះស៊ូម៉ាត្រា។
* ស្ថានភាពអភិរក្ស៖ ដោយសារសត្វនេះរស់នៅតាមតំបន់ព្រៃ ចម្ការ និងជើងភ្នំ ដូច្នេះអាចរងគ្រោះថ្នាក់ពីការទាក់ចាប់ ការបណ្ដើរសត្វឆ្កែឱ្យតាមរកខាំប្រមោញនៅក្នុងព្រៃ ការបំពុលជាដើម៕