(ភ្នំពេញ)៖ ក្រុមសត្វកំប្រុក (Squirrels) គឺមានកំប្រុកអត់ស្លាបជាប្រភេទដែលនៅក្នុងអម្បូរ Sciuridae និងកំប្រុកមានស្លាបស្ថិតនៅក្នុងអម្បូរ Pteromyida ខណៈនៅប្រទេសកម្ពុជាគឺនៅមានវត្តមានក្រុមសត្វទាំងនេះច្រើន ដែលយើងអាចនៅប្រទះឃើញនៅតាមដើមឈើ ក្នុងព្រៃ ចម្ការជាដើម។
អ្នកវិទ្យាសាស្ត្របញ្ជាក់ថា សត្វកំប្រុកមានស្លាបមិនមែនជាឆ្មាបានោះឡើយ។ សត្វកំប្រុកមានវត្តមាននៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក។ ទម្លាប់នៃការរស់នៅរបស់វាមានលក្ខណៈខុសប្លែកពីក្រុមកំប្រុកគ្មានស្លាប ដោយក្រុមកំប្រុកគ្មានស្លាបចូលចិត្តរកចំណីនៅពេលថ្ងៃ រីឯក្រុមមានស្លាបវិញចូលចិត្តស្វែងរកចំណីនៅពេលយប់។ កំប្រុកភាគច្រើនរស់នៅលើដើមឈើ និងភាគតិចចូលចិត្តបន្ស៊ាំជីវិតរស់នៅលើដី។ កំប្រុកជាប្រភេទតិណាសី ប៉ុន្តែមានប្រភេទមួយចំនួនចូលចិត្តស៊ីសត្វល្អិតតូចៗ និងពងសត្វផងដែរ។ មានប្រភេទកំប្រុកជាច្រើនដែលបានផ្លាស់ពណ៌សម្បុរទៅតាមតំបន់ ឬទីជម្រកដែលវារស់នៅ និងជូនកាលវាប្ដូរពណ៌ពេលវារស់នៅក្នុងតំបន់តែមួយ។ កំប្រុកមានស្លាបមានភ្នាសនៅជើងមុខនិងជើងក្រោយដែលអាចឱ្យវាហើរសំកាំងបានរហូតដល់ទៅរាប់រយម៉ែត្រពីទីកន្លែងមួយទៅកន្លែងមួយទៀត។
១. កំប្រុកធំ
សត្វកំប្រុកធំមានឈ្មោះជាភាសាអង់គ្លេសថា Black Giant Squirrel និងមានឈ្មោះវិទ្យាសាស្ត្រថា Ratufa bicolor។
* ភិនភាគ៖ កំប្រុកធំមានប្រវែងក្បាលដល់ដងខ្លួនចាប់ពី៣៧០-៤០៥មីលីម៉ែត្រ កន្ទុយប្រវែងពី៤២៥-៥០០មីលីម៉ែត្រ និងមានទម្ងន់រហូតដល់១៥០ក្រាម។ ផ្នែកពោះមានពណ៌ចាប់ពីពណ៌ពងមាន់រហូតដល់ពណ៌ទឹកក្រូច និងផ្នែកខ្នងមានពណ៌ខ្មៅ ឬពណ៌ត្នោតចាស់។ បំពង់កនិងថ្ពាល់មានពណ៌ភ្លឺដែលខណ្ឌដាច់ពីគ្នាដោយឆ្នូតពណ៌ខ្មៅ។
* ជីវសាស្ត្រ៖ ប្រភេទនេះច្រើនរស់នៅលើដើមឈើខ្ពស់ៗដែលមានគម្របព្រៃក្រាស់ៗ ហើយសម្បូររស់នៅតាមដងទន្លេ ស្ទឹង។ វាជាសត្វដែលមានការផ្លាស់ទីយ៉ាងរហ័សរហួន។ ចំណីអាហាររបស់វាមានផ្នែឈើ គ្រាប់ធញ្ញជាតិ ស្លឹកឈើ សត្វល្អិត និងសត្វតូចផ្សេងៗទៀត។ សម្បុករបស់វាមានរាងមូលស្ថិតនៅផ្នែកខាងចុងមែកឈើតូចៗព័ទ្ធដោយស្លឹកឈើ។ សត្វញីមានដោះ៣គូ និងមានកូនម្ដងពី១-២ក្បាល។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា ប្រភេទនេះមានរស់នៅខេត្តកោះកុង ពោធិ៍សាត់ មណ្ឌលគិរី និងខេត្តព្រះវិហារ ហើយក៏ត្រូវបានរកឃើញផងដែរនៅទូទាំងតំបន់ឥណ្ឌូចិន (រាប់ទាំងកម្ពុជា វៀតណាម ឡាវ ថៃ និងភូមាផង) កោះស៊ូម៉ាត្រា និងកោះជ្វា។
* ស្ថានភាពអភិរក្ស៖ កំប្រុកធំរស់នៅមានដង់ស៊ីតេកម្រិតទាប ហើយគេកម្រជួបប្រទះនៅក្នុងព្រៃធម្មជាតិណាស់។ ប្រភេទនេះអាចប្រឈមនឹងការរងគ្រោះថ្នាក់ពីការបាត់បង់ទីជម្រក និងការទាក់ចាប់ ឬបរបាញ់។
២. កំប្រុកពោះប្រផេះ
សត្វកំប្រុកពោះប្រផេះមានឈ្មោះជាភាសាអង់គ្លេសថា Grey-bellied Squirrel និងមានឈ្មោះវិទ្យាសាស្ត្រថា Callosciurus caniceps។
* ភិនភាគ៖ កំប្រុកពោះប្រផេះមានរោមទន់ ហើយនៅផ្នែកខាងលើមានពណ៌ត្នោត និងផ្នែកខាងក្រោមមានពណ៌ប្រផេះស្រាល ឬពណ៌ស។ វាមានកន្ទុយសំពោងរង្វើលបង្កប់ដោយជួរពណ៌ខ្មៅលាយពណ៌ស។ កំប្រុកពោះប្រផេះមានបាតជើងទូលាយ ហើយនៅផ្នែកខាងលើស្បែកជើងគ្មានរោមទេ។
* ជីវសាស្ត្រ៖ កំប្រុកពោះប្រផេះជាសត្វរាត្រីចរ ហើយវាចូលចិត្តរស់នៅតាមតំបន់ព្រៃរបោះ វាលស្មៅ ចម្ការកៅស៊ូ ដូងប្រេង រួមទាំងព្រៃកោងកាងផងដែរ។
* របាយរស់នៅ៖ កំប្រុកពោះប្រផេះមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ប្រភេទនេះក៏មាននៅប្រទេសម៉ាឡេស៊ី កោះស៊ូម៉ាត្រា កោះជ្វា និងកោះប័រណេអូ។
* ស្ថានភាពអភិរក្ស៖ កំប្រុកពោះប្រផេះជាប្រភេទមានរស់នៅច្រើនបង្គួរតាមតំបន់ព្រៃរបោះ និងចម្ការឈើដទៃទៀត។
៣. កំប្រុកពណ៌
សត្វកំប្រុកពណ៌មានឈ្មោះជាភាសាអង់គ្លេសថា Variable Squirrel និងមានឈ្មោះវិទ្យាសាស្ត្រថា Callosciurus finlaysonii។
* ភិនភាគ៖ កំប្រុកពណ៌មានប្រវែងក្បាលដល់ដងខ្លួនចាប់ពី១៩០-២៣០មីលីម៉ែត្រ កន្ទុយមានប្រវែងពី២២៥-២៤០មីលីម៉ែត្រ និងមានការប្រែពណ៌ពីពណ៌សទៅពណ៌ទឹកក្រូច ឬពណ៌ខ្មៅ និងចម្រុះពណ៌ក៏មាន។ ប្រភេទនេះភាគច្រើនត្រូវបានរកឃើញនៅភាគនិរតីប្រទេសកម្ពុជា ហើយភាគច្រើនមានពណ៌ក្រហមទឹកក្រូច។ ចំពោះភូមិភាគខាងជើង សត្វកំប្រុកពណ៌មានពណ៌ក្រហមត្នោត ដោយមានបង្កង់ពណ៌សនៅគល់កន្ទុយ។
* ជីវសាស្ត្រ៖ ប្រភេទនេះច្រើនរស់នៅលើដើមឈើខ្ពស់ៗដែលមានទីជម្រកផ្សេងៗគ្នាជាច្រើននៅតាមព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ព្រៃរបោះ និងចម្ការ។ វាធ្វើសម្បុកពីមែកឃើតូចៗនិងស្លឹកឈើនៅលើមែកឈើធំៗ ឬក្នុងប្រហោងឈើ។ ចំណីអាហាររបស់វាមានផ្លែឈើ គ្រាប់ផ្លែឈើ ធុញ្ញជាតិ និងសត្វល្អិត។ វាជាសត្វរហ័សរហួន និងផ្លាស់ទីពីដើមឈើមួយទៅដើមឈើមួយទៀតបានយ៉ាងរហ័ស។ វាអាចមានជីវិតរស់នៅរហូតដល់អាយុ២៧ឆ្នាំ។ សត្វញីមានដោះ២គូ និងមានកូនម្ដងចាប់ពី១-២ក្បាល។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា សត្វកំប្រុកពណ៌មានវត្តមាននៅក្នុងខេត្តកោះកុង ពោធិ៍សាត់ មណ្ឌលគិរី ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងតំបន់ព្រៃការពារនៃខេត្តព្រះវិហារ។ ប្រភេទនេះក៏មានរស់នៅប្រទេសភូមា ថៃ និងភាគខាងត្បូងប្រទេសវៀតណាមដែរ។
* ស្ថានភាពអភិរក្ស៖ កំប្រុកពណ៌មានដង់ស៊ីតេរស់នៅច្រើនបង្គួរ និងមានអត្រាបន្តពូជឆាប់រហ័ស និងរងគ្រោះថ្នាក់តូចពីមជ្ឈដ្ឋានដែលវារស់នៅ។
៤. កំប្រុកឆ្នូតខ្នង
សត្វកំប្រុកឆ្នូតខ្នងមានឈ្មោះជាភាសាអង់គ្លេសថា Pallas Squirrel និងមានឈ្មោះវិទ្យាសាស្ត្រថា Callosciurus erythraeus។
* ភិនភាគ៖ កំប្រុកឆ្នូតខ្នងមានប្រវែងដងខ្លួនពី២០០-២៦០មីលីម៉ែត្រ និងមានប្រវែងកន្ទុយ១៩មីលីម៉ែត្រ និងមានមាឌតូចមធ្យម។ នៅលើខ្នងនិងកន្ទុយមានពណ៌ត្នោតប្រផេះ ដោយមានឆ្នូតធំពណ៌ក្រហមជាំពីកដល់គល់កន្ទុយផងដែរ។
* ជីវសាស្ត្រ៖ កំប្រុកឆ្នូតខ្នងរស់នៅក្នុងព្រៃស្រោង និងព្រៃរបោះដែលមានរយៈកម្ពស់រហូតដល់១០០០ម៉ែត្រ។ វាក៏ត្រូវបានរកឃើញផងដែរនៅក្នុងព្រៃឫស្សីក្រាស់ តំបន់វាលទំនាប។ វារស់នៅតែឯងៗ ឬជាក្រុមតូចៗ។ ដោយធ្វើសម្បុកនៅលើមែកឈើខ្ពស់ៗ។ ចំណីរបស់ពួកវាមានផ្លែឈើ គ្រាប់ធុញ្ញជាតិ មើមរុក្ខជាតិ និងសត្វល្អិត។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា កំប្រុកឆ្នូតខ្នងមានវត្តមានក្នុងតំបន់អភិរក្សជីវចម្រុះកែវសីមានៅខេត្តមណ្ឌលគិរី។ ប្រភេទនេះក៏ត្រូវបានឃើញផងដែរនៅភាគខាងកើតប្រទេសឥណ្ឌា ប៊ូតង់ ភាគខាងត្បូងប្រទេសចិន ភូមា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ីជាដើម។
* ស្ថានភាពអភិរក្ស៖ កំប្រុកឆ្នូតខ្នងមានដង់ស៊ីតេរស់នៅច្រើនបង្គួរ មានអត្រាបន្តពូជខ្ពស់ និងរងគ្រោះថ្នាក់តិចតួចពីមជ្ឈដ្ឋានដែលពួកវារស់នៅ។
៥. កំប្រុកស្លាបធំ
សត្វកំប្រុកស្លាបធំមានឈ្មោះជាភាសាអង់គ្លេសថា Giant Flying Squirrels និងមានឈ្មោះវិទ្យាសាស្ត្រថា Petauristta spp.។ គ្រប់ប្រភេទកំប្រុកស្លាបធំទាំងអស់ ជាទូទៅ គឺវាហោះសំកាំង មិនមែនហើរបក់ស្លាប់ដូចសត្វបក្សីនោះទេ។ តាមសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញវត្តមានឱ្យឃើញថាមានប្រភេទកំប្រុកស្លាបមួយចំនួនមានវត្តមាននៅប្រទេសកម្ពុជា ដោយមានកំប្រុកស្លាប២ប្រភេទត្រូវបានគេកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថា ដោយការសម្គាល់លើប្រវែងចុងរោមពណ៌ខ្មៅទៅកាន់ចុងកន្ទុយ។ ប្រភេទកំប្រុកកន្ទុយក្រហមវិញមានរោមចុងកន្ទុយដុះវែងប្រហែលពាក់កណ្ដាលនៃប្រវែងកន្ទុយរបស់វា។
* ភិនភាគ៖ ប្រភេទទាំង២នេះមានប្រវែងក្បាលដល់ដងខ្លួនប្រហែល៤០០មីលីម៉ែត្រ និងកន្ទុយមានប្រវែងប្រហែល៤២០មីលីម៉ែត្រ។ វាមានមាឌធំជាងគេបង្អស់នៅក្នុងចំណោមក្រុមសត្វកំប្រុក។
* ជីវសាស្ត្រ៖ ប្រភេទនេះចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ និងជាសត្វរាត្រីចររកស៊ីចំណីពេលយប់។ ចំណីអាហាររបស់ពួកវាមានផ្លែឈើ ស្លឹកឈើ និងមើលរុក្ខជាតិ។ ពួកវាធ្វើសម្បុកនៅក្នុងប្រហោងឈើ ឬតាមច្រាំងថ្មចោទ។ សត្វញីកូនម្ដងបានតែមួយគត់។
* របាយរស់នៅ៖ កំប្រុកស្លាបធំមានវត្តមានស្ទើរតែគ្រប់ប្រភេទព្រៃទាំងអស់នៅប្រទេសកម្ពុជា ជាពិសេសព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង។
* ស្ថានភាពអភិរក្ស៖ កំប្រុកស្លាបធំមានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាហើរ ឬរស់នៅជាក្រុមតាមទីជម្រកដែលវារស់នៅណាស់ ហើយប្រភេទនេះកំពុងប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រកដែលវារស់នៅ ការទាក់ចាប់ ឬបរបាញ់យកសាច់ធ្វើជាអាហារ និងការលក់ដូរ។
៦. កំប្រុកស្លាបតូច
សត្វកំប្រុកស្លាបតូចមានឈ្មោះជាភាសាអង់គ្លេសថា Small Flying Squirrels និងមានឈ្មោះវិទ្យាសាស្ត្រថា Hylopetes spp.។
សព្វថ្ងៃ កំប្រុកស្លាបតូច នៅមិនទាន់មានការសិក្សាបែងចែកឱ្យបានច្បាស់នៅឡើយទេ ទោះបីមានការប៉ាន់ស្មានថាពួកវាប្រហែលស្ថិតនៅក្នុងអម្បូរ Hylopetes ដែលអាចមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងក្នុងព្រៃនៃប្រទេសកម្ពុជាក៏ដោយ។
* ភិនភាគ៖ កំប្រុកស្លាបថ្ពាល់ក្រហមមានប្រវែងដងខ្លួនពី១៣០-១៨៤មីលីម៉ែត្រ និងមានប្រវែងកន្ទុយពី១០០-១៤០មីលីម៉ែត្រ។ ពួកវាជាប្រភេទដែលមានមាធតូច ខណៈខ្លួនរបស់វាមានពណ៌ក្រហមត្នោត និងថ្ពាល់ពណ៌ក្រហម។ ផ្នែកខាងក្រោមមានពណ៌ប្រផេះស្រាល កន្ទុយមានរាងសំប៉ែត និងមានពណ៌ទឹកក្រូច។
* ជីវសាស្ត្រ៖ ប្រភេទនេះត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃស្រោងដែលមានរយៈកម្ពស់រហូតដល់ទៅ១០០០ម៉ែត្រ។ ពួកវាធ្វើសម្បុកនៅក្នុងប្រហោងឈើដែលមានកម្ពស់យ៉ាងហោចណាស់៤មីលីម៉ែត្រពីដី។ ចំណីអាហារសំខាន់របស់វាគឺផ្លែឈើ។ សត្វញីកូនម្ដងពី១-២ក្បាល។
* របាយរស់នៅ៖ ប្រភេទកំប្រុកស្លាបតូចនេះក៏ជាប្រភេទសត្វរាត្រីចរ និងរស់នៅក្នុងប្រហោងឈើដូចកំប្រុកស្លាបធំដែរ ប៉ុន្តែពេលខ្លះយើងអាចឃើញពួកវានៅពេលព្រលប់ផងដែរ។ ពួកវាមានភាពធន់ ឬបន្ស៊ាំក្នុងការរស់នៅតាមប្រភេទព្រៃដែលរិចរិល និងអាចឃើញរស់នៅតាមភូមិនិងទីប្រជុំជនមួយចំនួនដែលមានដើមឈើ។
* ស្ថានភាពអភិរក្ស៖ កំប្រុកស្លាបតូចមានដង់ស៊ីតេរស់នៅច្រើនបង្គួរ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកវាកំពុងតែទទួលរងការគំរាមកំហែងយ៉ាងខ្លាំងផងដែរទៅលើការបាត់បង់ទីជម្រក និងរស់នៅលាក់ខ្លួននៅតាមតំបន់ស្ងាត់ដាច់ស្រយាលក្នុងព្រៃប្រទេសកម្ពុជា។
៧. កង្ហិច
សត្វកង្ហិចមានឈ្មោះជាភាសាអង់គ្លេសថា Striped Squirrels និងមានឈ្មោះវិទ្យាសាស្ត្រថា Tamiops spp.។
* ភិនភាគ៖ កង្ហិចមានប្រវែងក្បាលដល់ដងខ្លួនពី១០៥-១២៣មីលីម៉ែត្រ និងកន្ទុយប្រវែងពី១១៤-១៣០មីលីម៉ែត្រ។ វាមានមាឌតូចដែលមានលក្ខណៈសម្គាល់ត្រង់មានឆ្នូតពណ៌ខ្មៅ និងពណ៌ពងមាន់នៅលើខ្នង។ សម្បុរនៅសងខាងមានពណ៌ត្នោតស្រាល ផ្នែកពោះមានពណ៌ភ្លឺព្រលែត។ មានឆ្នូតមួយពណ៌លឿងស្រាលចាប់ពីច្រមុះកាត់តាមក្រោមភ្នែកបន្តរហូតដល់គុម្ពកន្ទុយ។ កន្ទុយមានពណ៌ខ្មៅ និងមានឆ្នូតពណ៌លឿងស្រាល។
* ជីវសាស្ត្រ៖ ប្រភេទនេះរស់នៅលើដើមឈើខ្ពស់ៗ ហើយធ្វើបម្លាស់ទីយ៉ាងរហ័ស។ វាត្រូវបានគេរកឃើញនៅក្នុងព្រៃវាលទំនាប និងព្រៃខ្ពង់រាប ដែលមានរយៈកម្ពស់ប្រហែល៧០០ម៉ែត្រ ព្រមទាំងនៅតាមសួនផ្កា និងចម្ការនានា។ វាចូលចិត្តរស់នៅតែឯង ឬជាក្រុមតូចៗ។ វាធ្វើសម្បុកនៅក្នុងប្រហោងឈើ។ ចំណីរបស់ពួកវាមានផ្លែឈើ បន្លែ សត្វល្អិត។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា កង្ហិចមានវត្តមាននៅខេត្តពោធិ៍សាត់ កោះកុង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនៅខេត្តព្រះវិហារ និងតំបន់ផ្សេងៗទៀត ហើយវាក៏ត្រូវបានរកឃើញនៅប្រទេសថៃ ឡាវ និងភាគខាងត្បូងវៀតណាមដែរ។
* ស្ថានភាពអភិរក្ស៖ កំប្រុកស្លាបតូចមានរស់នៅស្ទើរគ្រប់ទីកន្លែង មានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់។
៨. កង្ហែន
សត្វកង្ហែនមានឈ្មោះជាភាសាអង់គ្លេសថា Berdmore's Squirrel និងមានឈ្មោះជាភាសាអង់គ្លេសថា Menetes berdmorei។
* ភិនភាគ៖ កង្ហែនមានប្រវែងដងខ្លួនពី១៨៤-២១០មីលីម៉ែត្រ និងកន្ទុយមានប្រវែងពី១៤០-១៧៥មីលីម៉ែត្រ។ វាមានមាឌមធ្យម និងមានលក្ខណៈខុសគ្នាពីកង្ហិចដោយសារទំហំ។ ក្បាលមានពណ៌ប្រផេះមានឆ្នូតពណ៌ខ្មៅ ហើយមានពណ៌ពងមាន់នៅលើខ្នងនិងចំហៀងខ្លួន ចំណែកពោះមានពណ៌ប្រផេះភ្លឺ។ កន្ទុយមានប្រវែងខ្លីជាងប្រវែងក្បាលដល់ដងខ្លួន ច្រមុះរបស់វាវែងបន្តិច ហើយចំពោះសត្វញីមានដោះ៣គូ។
* ជីវសាស្ត្រ៖ សត្វប្រភេទនេះភាគច្រើនរស់នៅលើដី និងរកចំណីអាហារដោយប្រើច្រមុះដ៏វែងរបស់វានៅលើដីដែលសម្បូរទៅដោយកម្ទេចកម្ទីស្លឹកឈើជាច្រើន។ វាចូលចិត្តរស់នៅតាមព្រៃ និងចម្ការផ្សេងៗ។ ចំណីអាហាររបស់ពួកវាមានគ្រាប់ធុញ្ញជាតិ ផ្លែឈើ និងពពួកសត្វឥតឆ្អឹងកង។
* របាយរស់នៅ៖ នៅប្រទេសកម្ពុជា កង្ហែនមានវត្តមាននៅខេត្តកោះកុង ពោធិ៍សាត់ ឧទ្យានជាតិវីរជ័យនៅខេត្តរតនគិរី និងតំបន់ផ្សេងៗទៀត។ កង្ហែនក៏មានវត្តមាននៅប្រទេសភូមា ភាគខាងត្បូងប្រទេសចិន ភាគខាងត្បូងឡាវ និងប្រទេសថៃ។
* ស្ថានភាពអភិរក្ស៖ កង្ហែនមានរស់នៅស្ទើរគ្រប់ទីកន្លែង មានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់។
សូមជម្រាបថា ក្រុមសត្វកំប្រុកមានធ្មេញស្រួចៗ ដែលអាចបង្កឱ្យមានរបួស ឬដំបៅក្លាយបាន ព្រោះមានកំប្រុកខ្លះមានមេរោគឆ្លងពីសត្វល្អិតចង្រៃនៅលើបន្លែ ផ្លែឈើជាចំណីអាហាររបស់ពួកវា។ ម្យ៉ាងទៀត អ្នកស្រាវជ្រាវអង្កេតសត្វកំប្រុកខ្លះអាចសម្គាល់ពីវត្តមានសត្វកំប្រុកនៅក្នុងតំបន់មួយបាន តាមរយៈរោមជម្រុះរបស់ពួកវា៕