(ភ្នំពេញ)៖ មនុស្សភាគច្រើនប្រើប្រាស់ថ្មស្អុយ ឬកាល់ស្យូមកាបួ (CaC2) ក្នុងការបន្ទុំផ្លែស្វាយ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ តើការប្រើថ្មស្អុយក្នុងការបន្ទុំផ្លែស្វាយបង្កឱ្យមានផលប៉ះពាល់អ្វីខ្លះ?
ថ្មស្អុយនេះ នៅពេលដែលគេយកទៅលាយទឹក វាក៏ប្រតិកម្ម ហើយបង្កើតបានជាឧស្ម័នមួយហៅថា អេទីន (ethyne) ឬអាសេទីឡែន (acethylene)។ ឧស្ម័ននេះមានឥទ្ធិពលដូចអេទីឡែនដែរ ដែលជួយឱ្យស្វាយឆាប់ទុំជាងមុន និងទុំបានស្មើគ្នាល្អ។ ទោះបីជាយ៉ាងណា ការបន្ទុំស្វាយជាមួយថ្មស្អុយធ្វើឱ្យប៉ះពាល់ដល់រសជាតិ និងក្លិនរបស់ស្វាយ និងធ្វើឱ្យលក្ខណៈរូបគីមីរបស់វាប្រែប្រួលថែមទៀតផង។
ផ្អែកទៅលើសុវត្ថិភាពវិញ យោងទៅតាមអត្ថបទស្រាវជ្រាវមួយបានឱ្យដឹងថា ក្នុងថ្មស្អុយមានសមាសធាតុមិនសុទ្ធ ដូចជា អាសេនិច (Arsenic) រួមទាំងសារធាតុមានគ្រោះថ្នាក់ និងបង្កជំងឺថែមទៀតផង។ ទោះជាយ៉ាងណា មានការសិក្សាថាផលប៉ះពាល់រយៈពេលវែង ធ្វើឱ្យមានបញ្ហាដល់បេះដូង និងមហារីកផងដែរ ហើយក៏មានរបាយការណ៍មួយផ្សេងទៀតបញ្ជាក់ផងដែរថា ការប៉ះពាល់ផ្ទាល់នឹងថ្មស្អុយធ្វើឱ្យមានការរលាកស្បែកថែមទៀតផង។ ដូច្នេះសូមជៀសវាងនូវការប្រើប្រាស់ថ្មស្អុយដើម្បីបន្ទុំស្វាយ ព្រោះវាអាចប៉ះពាល់សុខភាពអ្នកទាំងអស់គ្នា៕
បើលោកអ្នកចង់បន្ទុំផ្លែស្វាយតាមបែបធម្មជាតិ លោកអ្នកអាចយកស្វាយទុំ១ដាក់ក្បែរស្វាយមិនទាន់ទុំ១កេស នោះស្វាយទាំងនោះនឹងទុំព្រមៗគ្នា ហើយទុំលឿនជាងមុនផងដែរ ដែលនេះជាការទុំបែបធម្មជាតិ៕
ប្រភព៖ គេហទំព័រ Hindustan Times