(ភ្នំពេញ)៖ គេថា «មនុស្សមិនមែនញៀនកាហ្វេទេ គ្រាន់តែអត់កាហ្វេមិនបាន»។ ពិតណាស់ ៥០០ឆ្នាំមុនក៏ធ្លាប់មានការសង្ស័យថាកាហ្វេជាសារធាតុញៀនដែរ តែក្រោយមកកាហ្វេក៏រួចខ្លួនវិញ ហើយបានក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់មនុស្សទូទាំងពិភពលោក។ តើអ្នកដឹងទេថា កាហ្វេមានប្រវត្តិយ៉ាងដូច្នេះ? មានប្រភពមកពីណា?

ប្រវត្តិនេះអាចនិយាយថា វាបានចាប់ផ្ដើមតាំងពីឆ្នាំ៨៥០មុនគ្រិស្ដសករាជ នៅលើខ្ពង់រាបមួយនៃប្រទេសអេត្យូពី (ប៉ែកខាងកើតទ្វីបអាហ្វ្រិក)។ នៅពេលនោះ មានបុរសគង្វាលម្នាក់ឈ្មោះថា ខាល់ឌី (Kaldi) បានឃើញហ្វូងពពែរបស់គាត់មានអាការចម្លែកៗ ដោយពួកវាមានអារម្មណ៍សប្បាយៗ លោតចុះឡើង មានថាមពលខ្លាំងជាងធម្មតា ហើយនៅពេលយប់មិនព្រមដេកទាល់តែសោះ។ ខាល់ឌី កត់សម្គាល់ថា ការណ៍ដែលហ្វូងពពែមានអាការបែបនេះ គឺបន្ទាប់ពីពួកវាបានស៉ីផ្លែរុក្ខជាតិម្យ៉ាងក្រហមៗដូចបឺរីយ៉ាងអីចឹង។ ខាល់ឌី ក៏បានបេះផ្លែក្រហមៗទាំងនោះមកបរិភោគដែរ ហើយនៅពេលសារជាតិផ្លែរុក្ខជាតិនោះជ្រាបចូលពេញខ្លួន ធ្វើឱ្យគាត់មានអារម្មណ៍ស្រស់ស្រាយ។ ផ្លែរុក្ខជាតិនេះហើយដែលយើងស្គាល់ថា «កាហ្វេ» នោះឯង។ ក្រោយមក ខាល់ឌី ក៏បានរាយការណ៍ពីការរកឃើញរបស់គាត់ទៅកាន់អាចារ្យមូស្លីមក្នុងភូមិរបស់គាត់។

ទោះយ៉ាងណា គេមិនដឹងថាមនុស្សយើងចេះទទួលទានកាហ្វេតាំងពីឆ្នាំណាឱ្យពិតប្រាកដនោះទេ ប៉ុន្តែបើតាមកំណត់ត្រាប្រវត្តិសាស្ត្រនៅទសវត្សឆ្នាំ១៤០០ ប្រជាជននៅក្នុងប្រទេសអេត្យូពីតែងតែដើរបេះផ្លែកាហ្វេនៅក្នុងព្រៃយកមកបរិភោគប្រចាំថ្ងៃ ពីព្រោះកាហ្វេមានសារធាតុកាហ្វេអ៉ីនជាច្រើនដែលគេនិយមទទួលទាន ហើយក៏ដើម្បីលក់ដូរទ្រទ្រង់ជីវភាពផងដែរ។ ក្រោយមកទៀត មនុស្សម្នាក៏ចេះយកស្លឹកកាហ្វេមកឆុងទឹកផឹកដូចទឹកតែ ឬលាយផ្លែកាហ្វេជាមួយប័រនិងអំបិលធ្វើជាអាហារសម្រន់ ឬក៏យកគ្រាប់កាហ្វេមកលីងសម្ងួត ហើយច្រោះនឹងទឹកក្ដៅ ធ្វើជាភេសជ្ជៈប៉ូវកម្លាំង។ យូរៗទៅ ការទទួលទានកាហ្វេក៏បានរីកសាយភាយទៅដល់មជ្ឈិមបូព៌ា ពិសេសនៅទសវត្សឆ្នាំ១៤៥០ ប្រជាជននៅទីនោះក៏បានបង្កើតរោងចក្រផលិតភេសជ្ជៈកាហ្វេសម្រាប់លក់ចែកចាយនៅក្នុងមជ្ឈដ្ឋានពួកគេ។ ប្រជាជនមូស្លីមនៅមជ្ឈិមបូព៌ាមានការនិយមទទួលទានភេសជ្ជៈកាហ្វេនេះណាស់ ពួកគេតែងតែទៅហាងលក់កាហ្វេអង្គុយផឹកកាហ្វេជជែកគ្នាពីនេះពីនោះ ពេលមានកម្មវិធីផ្សេងៗគេទទួលទានកាហ្វេទស្សនាការសម្ដែង (ប្រៀបដូចការទទួលទានសុរាក្នុងកម្មវិធីបច្ចុប្បន្នអីចឹងដែរ) និយាយរួម ហាងកាហ្វេជាទីផ្លាស់ព័ត៌មានទៅមក ពីព្រោះតែមនុស្សប្រមូលផ្ដុំភាគច្រើននៅទីនោះ។ តាមរយៈការពេញនិយមនៅឧបទ្វីបអារ៉ាប់នេះហើយ ដែលរំលេចបាននូវឈ្មោះថា «កាហ្វេអារ៉ាប៊ីកា»

គួរជម្រាបថា សម្រាប់ឥស្លាមសាសនិកតែងតែធ្វើដំណើរទៅកាន់ទីក្រុងម៉េក្កះ (Mecca) ដើម្បីចូលរួមក្នុងពិធីបុណ្យរាម៉ាដន។ តាមរយៈទំនៀមទម្លាប់នេះ ក្រុមបុព្វជិតឥស្លាមនៃប្រទេសយេមែនក៏បានធ្វើព្យុហយាត្រាទៅកាន់ទីក្រុងម៉េក្កះនេះដែរ។ ក្នុងពេលទៅដល់ទីនោះ ក្រុមបុព្វជិតយេមែនបានស្គាល់នូវរសជាតិភេសជ្ជៈកាហ្វេលើកដំបូង គឺពិតជាជក់ចិត្តខ្លាំង។ ពេលត្រឡប់មកយេមែនវិញ ពួកគេក៏បានណែនាំឱ្យសាសនិកមូស្លីមបញ្ចូលភេសជ្ជៈកាហ្វេសម្រាប់ការទទួលទានក្នុងពិធីកម្មសាសនា។ នៅឆ្នាំ១៥០០ ប្រជាជនក្នុងប្រទេសយេមែនបានធ្វើកសិកម្មដាំដុះកាហ្វេយ៉ាងច្រើនឡើងៗ ហើយបាននាំចេញទៅក្រៅប្រទេសតាមរយៈកំពង់ផែអាល់ម៉ុកហា (Al-Mokha)។ ចាប់ពីពេលនោះមក កាហ្វេក៏បាននាំចូលទៅដល់ប្រទេសឥណ្ឌា កោះម៉ាឡាកានៃប្រទេសម៉ាឡេស៊ី កោះជ្វានិងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ផ្សេងទៀតនៃអាស៉ីអាគ្នេយ៍។

នៅសតវត្សទី១៦ កាហ្វេក៏បានពង្រីកប្រជាប្រិយភាពទៅប្រទេសផ្សេងទៀត ដូចជា អេហ្ស៊ីប ស៊ីរី អ៉ីរ៉ង់ (ពែរ្ស) និងតួកគី ដែលកាលនោះជាចក្រភពអូតូម៉ង់។ ប្រជាជនអូតូម៉ង់ក៏ចេះយកគ្រាប់កាហ្វេមកលីង និងកិនចេញជាម្សៅ ហើយឆុងជាមួយនឹងទឹកក្ដៅ ធ្វើជាភេសជ្ជៈសម្រាប់ទទួលទាន (ទឹកកាហ្វេខ្មៅងងឹត)។ អ្នកស្រុកអូតូម៉ង់ ពួកគេចូលចិត្តអង្គុយទទួលទានកាហ្វេនៅតាមទៀមកាហ្វេ ឬនៅជិតវិហារឥស្លាម។ បន្ទាប់ពីនោះមក ការទទួលទានកាហ្វេក៏បានឆ្លងទៅដល់ទ្វីបអឺរ៉ុបបណ្ដើរៗ។ អ្នកជំនួញអឺរ៉ុបដែលតែងតែចេញចូលរកស៊ីនៅទឹកដីអូតូម៉ង់នោះ បានចាប់អារម្មណ៍ចំពោះការទទួលទានភេសជ្ជៈកាហ្វេ ឃើញមានចាប់ពីឧបទ្វីបអារ៉ាប់រហូតដល់ទីក្រុងអ៉ីស្ដង់ប៊ុល ដែលជាចំណុចតភ្ជាប់រវាងទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី ហើយក៏បាននាំចូលកាហ្វេទៅលក់ដូរនៅតំបន់របស់ពួកគេ។ ស្របពេលដែលកាហ្វេទៅដល់តំបន់អឺរ៉ុប មនុស្សមួយចំនួនបានប្រតិកម្មនឹងភេសជ្ជៈថ្មីនេះ ព្រោះគេសង្កេតឃើញថា អ្នកទទួលទានកាហ្វេមានអាការដូចជាញៀន ឬស្រវឹង។ បុព្វជិតកាតូលិកបានថ្កោលទោសកាហ្វេ នៅពេលដែលវាចូលដល់ទីក្រុងវេនីស (Venice) អំឡុងឆ្នាំ១៦១៥ ខណៈក្រុមអ្នកប្រកាន់សាសនាទាំងនោះមានការភ័យខ្លាចថា «កាហ្វេអាចជាគ្រឿងអន្តរាយដែលបង្កើតដោយសាតាំង»។ តុលាការកាតូលិកក៏បានដាក់សំណុំរឿងកាហ្វេក្នុងការស៉ើបអង្កេត។ ក្នុងពេលធ្វើកោសលវិច័យនោះ សម្ដេចប៉ាបកាតូលិក Pope Clement VIII បានសម្រេចចិត្តភ្លក្សរសជាតិភេសជ្ជៈកាហ្វេផ្ទាល់ខ្លួនគាត់ ហើយបានកត់សម្គាល់ថាភេសជ្ជៈនេះពិតជាពេញចិត្តណាស់។ ក្រោយពីការពិនិត្យយ៉ាងម៉ត់ចត់ពីអ្នកជំនាញ តុលាការសាសនាក៏បានអនុញ្ញាតឱ្យប្រជាជនអាចទទួលទានកាហ្វេបានដូចធម្មតា។ បន្ទាប់ពីនោះមក កាហ្វេក៏បានរីកសាយភាយទៅដល់ប្រទេសអូទ្រីស បារាំង អាល្លឺម៉ង់ ហូឡង់ជាដើម។

រំលងមកដល់ឆ្នាំ១៦៥០ ហាងកាហ្វេដ៏ធំដំបូងមួយក៏បានបង្ហាញវត្តមាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ រយៈពេល១៣ឆ្នាំក្រោយមក ហាងកាហ្វេក៏ត្រូវបានពង្រីករហូតដល់៣០០ទីតាំងក្នុងទីក្រុងឡុងដ៍។ ទន្ទឹមនឹងនោះ ព្រះចៅឆាលទី២ (Charles II) នៃចក្រភពអង់គ្លេស បានព្យាយាមហាមឃាត់មិនឱ្យប្រជាជនទទួលទានកាហ្វេនោះឡើយ ប៉ុន្តែក៏នៅតែហាមមិនឈ្នះ ពីព្រោះតែពួកបញ្ញាវន្តបណ្ឌិតតែងតែនិយមទទួលទានកាហ្វេជាទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃទៅហើយ។

ជាការពិតណាស់ ប្រវត្តិសាស្ត្រពិភពលោកជំនាន់នោះ គឺជាសម័យកាលអាណានិគមអឺរ៉ុបដែលកំពុងវាតទីនៅទូទាំងពិភពលោក។ ក្រុមមហាអំណាចអឺរ៉ុបបានប្រើប្រាស់កម្លាំងពលកម្មទាសករនៅទ្វីបអាហ្វ្រិក ទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកឡាទីន (ខាងត្បូង) ឱ្យធ្វើកសិកម្មដាំដុះកាហ្វេយ៉ាងច្រើន ពីព្រោះតែពួកនាយទុនទាំងនោះទទួលបានប្រាក់ចំណេញច្រើនពីការធ្វើពាណិជ្ជកម្មកាហ្វេ។ ទីផ្សារសំខាន់របស់កាហ្វេនាជំនាន់នោះ គឺលក់ទៅកាន់ទីផ្សារអឺរ៉ុប។ ពួកថៅកែបានឱ្យគេដុតព្រៃយកដីធ្វើចម្ការកាហ្វេ បណ្ដេញក្រុមជនជាតិដើម ឬក៏សម្លាប់ពួកគេ ដើម្បីយកទីតាំងដែលអំណោយសម្រាប់ការដាំកាហ្វេ។ គិតត្រឹមសតវត្សទី១៨ កាហ្វេបានរីកសាយភាយស្ទើរទូទាំងពិភពលោកទៅហើយ៕

អត្ថបទ៖ អាន គុន្ធធារ៉ា
ប្រភព៖ គេហទំព័រកាហ្វេ NCA