(ភ្នំពេញ)៖ យោគៈ ឬយូហ្កា (Yoga) មានប្រវត្តិជាង៥០០០ឆ្នាំមកហើយក្នុងទស្សនវិជ្ជាបុរាណឥណ្ឌា ដែលដើមឡើយជាការហាត់ពត់លត់ដំចិត្តគំនិតនិងខ្លួនប្រាណរបស់មនុស្ស។ បច្ចុប្បន្ន យោគៈមានការពេញនិយមណាស់ក្នុងការធ្វើលំហាត់ប្រាណសម្រួលរាងកាយ។

ខាងក្រោមនេះអត្ថប្រយោជន៍ទាំង១០ចំណុចពីការហាត់យោគៈ៖

១. បច្ចេកទេសដកដង្ហើម៖ បច្ចេកទេសដកដង្ហើម ផ្តោតលើការគ្រប់គ្រងដង្ហើម និងអាចជួយពង្រឹងមុខងារសួតយ៉ាងសំខាន់។ បច្ចេកទេសដូចជាការដកដង្ហើមជ្រៅ ការដកដង្ហើមតាមមាត់ និងការដកដង្ហើមឆ្លាស់តាមរន្ធច្រមុះ អាចពង្រីកសមត្ថភាពសួតបង្កើនការស្រូបយកអុកស៊ីសែន និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធផ្លូវដង្ហើម។

២. ពង្រឹងសាច់ដុំប្រព័ន្ធផ្លូវដង្ហើម៖ ក្បាច់យោគៈ ដូចជា Cobra Pose (Bhujangasana), Bridge Pose (Setu Bandhasana) និង Fish Pose (Matsyasana) ដំណើរការនិងពង្រឹងសាច់ដុំផ្សេងៗដែលពាក់ព័ន្ធជាមួយការដកដង្ហើម រួមទាំងសាច់ដុំ diaphragm ដែលជួយយើងដកដង្ហើមចេញដកដង្ហើមចូល និងសាច់ដុំ intercostal ដែលនៅចន្លោះឆ្អឹងជំនី។ សាច់ដុំផ្លូវដង្ហើមរឹងមាំ ជួយបង្កើនសមត្ថភាពនិងប្រសិទ្ធភាពសួត។

៣. ធ្វើឱ្យប្រសើរឡើងរបៀបឈរនិងអង្គុយ៖ របៀបឈរឬអង្គុយដែលមិនមិនល្អ អាចរឹតត្បិតការពង្រីកសួត និងកាត់បន្ថយមុខងារផ្លូវដង្ហើម។ យោគៈជួយកែតម្រូវអតុល្យភាពនៃរបៀបឈរនិងអង្គុយ ដោយលើកកម្ពស់ការតម្រឹម និងការយល់ដឹងអំពីទីតាំងរាងកាយ។ ក្បាច់ដូចជា Mountain Pose (Tadasana) និង Warrior Pose (Virabhadrasana) លើកទឹកចិត្តឱ្យមានការតម្រឹមឆ្អឹងខ្នងត្រឹមត្រូវ ដែលអនុញ្ញាតឱ្យមានការពង្រីកសួត និងរំហូរខ្យល់កាន់តែប្រសើរ។

៤. កាត់បន្ថយភាពតានតឹង៖ ភាពតានតឹងរ៉ាំរ៉ៃអាចធ្វើឱ្យស្ថានភាពផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យមុខងារសួតចុះខ្សោយ។ ការផ្តោតរបស់យោគៈលើការសម្រាកលម្ហែ ការគិតដោយយកចិត្តទុកដាក់ ព្រមទាំងបច្ចេកទេសកាត់បន្ថយស្ត្រេស ដូចជាការធ្វើសមាធិ និងការដកដង្ហើមជ្រៅៗ អាចជួយកាត់បន្ថយភាពតានតឹង ពង្រឹងសុខុមាលភាពផ្លូវចិត្ត និងធ្វើឱ្យសុខភាពផ្លូវដង្ហើមទាំងមូលប្រសើរឡើង។

៥. បង្កើនភាពបត់បែននៃសួត៖ ក្បាច់យោគៈមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពលាតសន្ធឹង និងពង្រីកដើមទ្រូង ព្រមទាំងឆ្អឹងជំនី អាចបង្កើនភាពបត់បែន និងសមត្ថភាពសួត។ ក្បាច់ដូចជា Camel Pose (Ustrasana), Bow Pose (Dhanurasana) និង Cow Pose (Bitilasana) ជំរុញការដកដង្ហើមចូលជ្រៅៗ និងការពង្រីកសួតឱ្យពេញៗ។

៦. បង្កើនរំហូរអុកស៊ីសែន៖ ការហាត់ក្បាច់យោគៈ ដែលផ្តោតលើការដកដង្ហើមដែលត្រូវបានគ្រប់គ្រង និងការធ្វើចលនាដោយប្រយ័ត្នប្រយែង អាចធ្វើឱ្យប្រសើរឡើងនូវរំហូរអុកស៊ីហ្សែនពេញរាងកាយ។ រំហូរអុកស៊ីសែនជួយដល់សុខភាពនៃប្រព័ន្ធផ្លូវដង្ហើមទាំងមូលបង្កើនកម្រិតថាមពល និងកាត់បន្ថយរោគសញ្ញា នៃស្ថានភាពផ្លូវដង្ហើមដូចជាជំងឺហឺត និងជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ជាដើម។

៧. លើកកម្ពស់ relaxation response៖ នៅពេលហាត់យោគៈ វាជំរុញប្រព័ន្ធប្រសាទម៉្យាងហៅថា parasympathetic nervous system ដែលជាលទ្ធផលដាស់ឱ្យមានការឆ្លើយតប ​relaxation response នៃខ្លួនប្រាណរបស់យើង។ ​relaxation response នេះ អាចជួយសម្រាលរោគសញ្ញា ដែលទាក់ទងនឹងស្ថានភាពផ្លូវដង្ហើមដូចជា ដង្ហើមឮសំឡេងហួចៗ ដង្ហើមខ្លី និងតឹងៗទ្រូង។

៨. បង្កើនមុខងារប្រព័ន្ធភាពស៊ាំ៖ ការហាត់យោគៈជាប្រចាំត្រូវបានបង្ហាញថា ជួយពង្រឹងប្រព័ន្ធការពាររាងកាយ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺផ្សេងៗទៀត។ តាមរយៈការពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ យោគៈអាចជួយការពារប្រឆាំងការធ្វើឱ្យស្ថានភាពផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានការជាសះស្បើយលឿនជាងមុនពីជំងឺដែលទាក់ទងនឹងផ្លូវដង្ហើម។

៩. ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃសួត៖ យោគៈជួយលើកទឹកចិត្តដល់បច្ចេកទេសដកដង្ហើម ដែលជួយបង្កើនប្រសិទ្ធភាព និងមុខងារសួត។ តាមរយៈការអនុវត្តលំនាំនៃការដកដង្ហើមដោយដឹងខ្លួន បុគ្គលម្នាក់ៗអាចធ្វើឱ្យប្រសើរឡើងនូវអត្រាផ្លូវដង្ហើម បរិមាណខ្យល់ចេញចូលសួរ និងរំហូរខ្យល់ក្នុងសួតទាំងមូល ដែលនាំឱ្យការផ្លាស់ប្តូរអុកស៊ីសែន និងការបញ្ចេញកាបូនឌីអុកស៊ីតកាន់តែប្រសើរឡើង។

១០. គាំទ្រការកែប្រែទម្លាប់រស់នៅ៖ ការបញ្ចូលយោគៈទៅក្នុងផែនការព្យាបាលគ្រប់ជ្រុងជ្រោយមួយសម្រាប់បញ្ហាជំងឺផ្លូវដង្ហើម អាចគាំទ្រដល់ការកែប្រែរបៀបរស់នៅផ្សេងទៀត ដូចជា ការឈប់ជក់បារី រក្សាទម្ងន់ឱ្យមានសុខភាពល្អ និងជៀសវាងកត្តាជុំវិញទាំងឡាយដែលអាចធ្វើឱ្យរោគសញ្ញាផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ៕