(ភ្នំពេញ)៖ ដំបូងឡើយ គេបានប្រើប្រាស់សារធាតុវិទ្យុសកម្មដែលបានពីរ៉ាដ្យូម (Ra) សម្រាប់ព្យាបាលជំងឺដុំពក និងព្យាបាលជំងឺមហារីកទៀតផង ប៉ុន្តែក្រោយទៀត គេបានដឹងថារ៉ាដ្យូមអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយើង ដោយសារតែកម្រិតវិទ្យុសកម្ម និងប្រតិកម្មគីមីរបស់វាខ្លាំងពេក។ តើអ្នកណាដែលបានរកឃើញសារធាតុវិទ្យុសកម្ម?

រ៉ាដ្យូម ក្នុងទម្រង់ជារ៉ាដ្យូមក្លរីដ (Radium Chloride) ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រ២នាក់ប្ដីប្រពន្ធ គឺលោក ព្យែរ គូរី (ជនជាតិបារាំង) និងអ្នកស្រី ម៉ារី គូរី (ជនជាតិប៉ូឡូញ) នៅឆ្នាំ១៨៩៨ ខណៈអ្នកទាំង២បានចម្រាញ់យកសមាសធាតុរ៉ាដ្យូមក្លរីដនេះចេញពីដុំរ៉ែអ៊ុយរ៉ាញូម (Uranium)។

អ្នកស្រី ម៉ារី គូរី គឺជាស្ត្រីទី១ដែលទទួលបានពានរង្វាន់ណូបែល នៅឆ្នាំ១៩១១។ អ្នកស្រី ម៉ារី គូរី មានឈ្មោះដើមថា ម៉ារៀ ស្កូឡូដូវស្កា Maria Skolodowska កើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៨៦៧ ក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ដែលនៅពេលនោះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ គេហៅឈ្មោះក្រៅរបស់លោកស្រី ម៉ារីគូរី ថា ម៉ាន់យ៉ា។ ម៉ានយ៉ា បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅអាយុ១៥ឆ្នាំ។ ក្នុងនាមជាសិស្សដ៏ឆ្លាតពូកែនិងចេះដឹងម្នាក់ ម៉ាន់យ៉ា ចង់មានអាជីពជាអ្នកវិទ្យាសាស្ត្រ។ នៅឆ្នាំ១៨៩១ ម៉ាន់យ៉ា បានធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីសិក្សាមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យា។ ម៉ាន់យ៉ា បានចាប់ផ្តើមសិក្សានៅស័របន (Sorbonne) ក្នុងឆ្នាំ១៨៩១ និងបានទទួលសញ្ញាបត្រអ្នកជំនាញខាងរូបវិទ្យា និងវិទ្យាសាស្រ្តគណិតវិទ្យា។ ម៉ានយ៉ា បានប្ដូរឈ្មោះនាងថា ម៉ារី ដោយយកលំនាំការប្រកបតាមភាសាបារាំង។ ម៉ារី បានជាប់ការប្រឡងបរិញ្ញាបត្ររូបវិទ្យា ដោយទទួលបានពិន្ទុដ៏ល្អ។ ម៉ារី បានសម្រេចចិត្តប្រឡងយកបរិញ្ញាបត្រគណិតវិទ្យាទៀត។ នៅថ្ងៃដ៏ល្អមួយក្នុងឆ្នាំ១៨៩៤ មិត្តភក្តិជនជាតិប៉ូឡូញម្នាក់បានណែនាំគាត់ឱ្យស្គាល់លោក ព្យែរ គុយរី (Pierre Curie) ដែលបានបង្រៀនរូបវិទ្យានៅសាកលវិទ្យាល័យប៉ារីស។ ព្យែរ ជាបុរសម្នាក់ដែលមានភាពអៀនខ្មាស និងចូលចិត្តធ្វើសកម្មភាពខាងក្នុង។ លោកត្រូវបានទទួលស្គាល់សម្រាប់ស្នាដៃរបស់គាត់លើផលិតសាស្ត្រាវិទ្យា (Crystal Lography) និងម៉ាញេទិច។

មិនយូរប៉ុន្មាន លោក ព្យែរ គុយរី និងអ្នកនាង ម៉ារី បានរៀបការជាមួយគ្នានៅឆ្នាំ១៨៩៥។ បន្ទាប់មក ម៉ារី និង ព្យែរ បានបង្កើតក្រុមដើម្បីធ្វើការស្រាវជ្រាវជាច្រើន។ ការស្រាវជ្រាវពីមុនរបស់គាត់ សហការជាមួយនឹងស្វាមីរបស់គាត់ ជាញឹកញាប់ត្រូវបានធ្វើឡើងស្ថិតក្រោមលក្ខខណ្ឌលំបាក ការរៀបចំមន្ទីរពិសោធន៍មិនល្អ និងពួកគាត់ទាំងពីរត្រូវបង្រៀនច្រើនដើម្បីជីវភាព។

នៅឆ្នាំ១៨៩៧ ម៉ារី បានសម្រេចចិត្តយកសញ្ញាបត្របណ្ឌិតរូបវិទ្យា។ រូបវិទូសញ្ជាតិបារាំង អង់តូ អង់រី ប៊ែកគែរើល ( Antoine Henri Becquerel) ដែលកំពុងសិក្សាពីកាំរស្មីអ៉ិច ថ្មីៗបានសង្កេតឃើញថា អំបិលអ៊ុយរ៉ាញ៉ូម បានធ្វើឲ្យមានការចាប់អារម្មណ៍មួយលើសន្លឹករូបថត ទោះជាវាបានស្ថិតក្នុងស្រោមការពារក៏ដោយ។ ម៉ារី បានគិតថា «តើមានប្រធានបទអ្វីដែលល្អជាងនេះ ដែលអាចយល់ពីថាមពលនៃកាំរស្មីអ៊ុយរ៉ានីញ៉ូមទាំងនេះ»។ ភ្លាមៗនោះ គាត់បានទទួលការអនុញ្ញាតយល់ព្រមពីស្វាមីរបស់គាត់ គឺលោក ព្យែរ ហើយដូច្នេះ ម៉ារី បានចាប់ផ្តើមការស្រាវជ្រាវត្រួសត្រាយផ្លូវរបស់ពួកគេសម្រាប់ប្រភពវិទ្យុសកម្ម។ បន្ទាប់មក ម៉ារី បានសិក្សាពីអ៊ុយរ៉ានីកផងដែរ ជារ៉ែអ៊ុយរ៉ាញ៉ូមម្យ៉ាង ដែលលោកស្រីបានសាកល្បងនូវសកម្មភាពខ្លាំងក្លាច្រើនជាងក្នុងអ៊ុយរ៉ាញ៉ូមតែឯកឯង។ ម៉ារី បានកត់សម្គាល់ឃើញថា សារធាតុផ្សេងមួយទៀត គឺតូរ៉ូមដែលជាធាតុវិទ្យុសកម្ម។ នៅឆ្នាំ១៨៩៨ គាត់បានរកឃើញធាតុវិទ្យុសកម្មខ្ពស់២ទៀត គឺរ៉ាដ្យូម និង ប៉ូឡូញ៉ូម។ ស្វាមីរបស់លោកស្រី គឺលោក ព្យែរ បានសាកល្បងរ៉ាដ្យូមនៅលើស្បែករបស់គាត់។ វាបានបណ្តាលឱ្យក្តៅ និងបន្ទាប់មកបង្កឱ្យមានរបួស ដូច្នេះហើយវាបានបញ្ជាក់ពីអានុភាពវាលើមនុស្ស។

រ៉ាដ្យូម ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលដុំសាច់ពក។ ការព្យាបាលតាមបែបគូរី Curietherapy បានចាប់ផ្ដើមឡើង។ គ្រួសារគូរី បានឈ្នះពានរង្វាន់ណូបែលផ្នែករូបវិទ្យា សម្រាប់របកគំហើញរបស់គាត់។ ពួកគេបានចែករំលែករង្វាន់នេះជាមួយនឹងរូបវិទូបារាំង អង់តូ ដែលបានរកឃើញវិទ្យុសកម្មភាពធម្មជាតិ។ ការប៉ះពាល់នឹងធាតុវិទ្យុសកម្មដ៏យូរបានធ្វើឱ្យ ព្យែរ ទន់ខ្សោយរៀងមក។

នៅឆ្នាំ១៩០៦ ព្យែរ ក៏ត្រូវបានរទេះសេះមួយបុក និងបានបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។ មរណភាពរបស់ស្វាមីលោកស្រី បានធ្វើឱ្យលោកស្រីសោកសៅយ៉ាងខ្លាំង ប៉ុន្តែគាត់មិនបានបាត់បង់ម្ចាស់ការនោះទេ។ គាត់បានបន្តស្នាដៃរបស់គាត់លើសារធាតុវិទ្យុសកម្ម និងបានឈ្នះរង្វាន់ណូបែលគីមីវិទ្យា ក្នុងការវែកញែកធាតុរ៉ាដ្យូម និងការសិក្សាពីលក្ខណៈសម្បត្តិគីមីរបស់វា។

នៅឆ្នាំ១៩១៤ លោកស្រីបានជួយបង្កើតឱ្យមានវិទ្យាស្ថានរ៉ាដ្យូមនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយគាត់ជានាយកដំបូងបង្អស់នៃវិទ្យាស្ថាននេះ។ លោកស្រី ម៉ារី ត្រូវបានគេស្គាល់ថាជាអ្នកស្រី គូរី មកទល់ពេលបច្ចុប្បន្ន។ គាត់ត្រូវបានគេគោរព និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោក។

នៅពេលសង្គ្រាមលោកលើកទី១បានផ្ទុះឡើង លោកស្រីបានគិតថាកាំរស្មីអ៉ិចនឹងអាចជួយដឹងពីទីតាំងរបស់គ្រាប់កាំភ្លើង និងសម្រួលដល់ការវះកាត់។ វាមានសារៈសំខាន់ណាស់ក្នុងការមិនកម្រើកពេលមានរបួស ដូច្នេះលោកស្រីបានបង្កើតរថយន្តកាំរស្មីអ៉ិច ហើយបានបណ្ដុះបណ្ដាលអ្នកចាំនៅមើលថែជាស្ត្រីចំនួន១៥០នាក់។ គាត់និយាយថា «ពួកយើងត្រូវតែធ្វើការៗៗ»

នៅឆ្នាំ១៩២៩ លោកប្រធានាធិបតី ហូវើ (Hoover) នៃសហរដ្ឋអាមេរិក បានផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ដែលបានពីការឧបត្ថម្ភដោយមិត្តភក្តិវិទ្យាសាស្ត្រជនជាតិអាមេរិក ដើម្បីទិញរ៉ាដ្យូមសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍នៅទីក្រុងវ៉ាសូវី។ អ្នកស្រី គូរី បានទទួលសញ្ញាបត្រកិត្តិយសក្នុងផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងច្បាប់ ហើយទទួលបានសមាជិកភាពកិត្តិយសនៃសង្គមអ្នកប្រាជ្ញនៅជុំវិញពិភពលោក។

ឆ្លងកាត់ជីវិតរបស់គាត់ គាត់បានប៉ះពាល់នឹងធាតុវិទ្យុសកម្មក្នុងកម្រិតមិនគួរឲ្យជឿ។ នៅមុនឆ្នាំ១៩៣៤ លោកស្រី គូរី មានការហត់នឿយចំពោះបេសកកម្មរបស់ខ្លួន និងស្ទើរតែពិការភ្នែកទៀតផង។ ម្រាមដៃរបស់លោកស្រីត្រូវខ្លោចដោយសារធាតុរ៉ាដ្យូម។ ចុងក្រោយ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៣៤ អ្នកស្រី ម៉ារី គូរី ក៏បានទទួលរមណភាពដោយសារជំងឺមហារីកឈាម ក្នុងវ័យ៦៧ឆ្នាំ ដែលគេជឿថាបណ្ដាលមកពីការរងនូវវិទ្យុសកម្មច្រើនលើសលុប៕