(ភ្នំពេញ)៖ ខ្លោងទ្វារបុរាណ គឺជារចនាសម្ពន្ធដ៏សំខាន់របស់កំពែងរាជធានី ឬបន្ទាយទ័ពនាសម័យបុរាណ ដោយមាននាទីជាច្រកចេញចូលរាជធានីបុរាណ ឬបន្ទាយទាំងនោះ។ នៅតំបន់អាស៊ីអាគ្នេយ៍ គេឃើញមានខ្លោងទ្វារបុរាណជាច្រើនទម្រង់ ដែលមានភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរបច្ចុប្បន្ន ហើយជាពិសេសត្រូវបានគេយកជាគំរូប្លង់ក្នុងការសាងសង់ខ្លោងទ្វារសម័យទំនើប ឬក៏ជាអត្តសញ្ញាណជាតិ។

ខាងក្រោមនេះជាខ្លោងទ្វារបុរាណស្អាតៗប្លែកៗនៅតាមប្រទេសសមាជិកអាស៊ាន៖

១. ខ្លោងទ្វារក្រុងអង្គរធំ
រាជធានីអង្គរធំ ឬយសោធរបុរៈទី៣ គឺជារាជធានីចុងក្រោយគេបង្អស់នាសម័យអង្គរ ហើយបច្ចុប្បន្នស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ តាមពិតទៅ មុនមានវត្តមានក្រុងអង្គរធំនេះ គឺមានរាជធានី២រួចទៅហើយ ដែលត្រូវបានកសាងឡើងនៅទីតាំងជាន់គ្នា និងក្បែរខាងគ្នានោះ គឺរាជធានីយសោធរបុរៈទី១ (ក្រុងអង្គរទី១) ដែលមានភ្នំបាខែងនៅចំកណ្ដាល កសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ចុងសតវត្សទី១០ និងរាជធានីយសោធរបុរៈទី២ (ក្រុងអង្គរទី២) ដែលមានប្រាសាទបាពួននៅចំកណ្ដាល កសាងឡើងក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ដើមសតវត្សទី១១។ លុះដល់រាជ្យព្រះបាទជ័យវរ្ម័នទី៧ ចុងសតវត្សទី១២ ព្រះអង្គក៏បានកសាងរាជធានីថ្មីដែលធំជាងរាជធានីមុនៗ ហើយដែលពង្រីកលើទីតាំងនៃរាជធានីចាស់ទាំង២ខាងលើ និងមានប្រាសាទបាយ័ននៅចំកណ្ដាល។ រាជធានីយសោធរបុរៈទី៣នេះដែរ គ្របដណ្តប់លើផ្ទៃដីទំហំ៩គីឡូម៉ែត្រក្រឡា បែរមុខទៅទិសខាងកើត និងមានខ្លោងទ្វារដល់ទៅ៥ឯណោះ ក្នុងនោះមានខ្លោងទ្វារជ័យ ខ្លោងទ្វារខ្មោច (ខាងកើត) ខ្លោងទ្វារតាកាវ (ខាងលិច) ខ្លោងទ្វារទន្លេអុំ (ខាងត្បូង) និងខ្លោងទ្វារដីឆ្នាំង (ខាងជើង)។

២. ខ្លោងទ្វារសារាផា (Tharaba)
ខ្លោងទ្វារសារាផា គឺជាច្រកចូលក្រុងបុរាណបាកាន ប្រទេសមីយ៉ាន់ម៉ា ដែលជារាជធានីដ៏រឹងមាំរបស់រាជាណាចក្របាកាន ចាប់ពីសតវត្សទី៩-១៣។ បច្ចុប្បន្នក្រុងបុរាណមួយនេះនៅសេសសល់ប្រាសាទឥដ្ឋ អារាម និងចេតិយជាង២២០០កន្លែង។

៣. ខ្លោងទ្វារគន្ថីពិនតរៈ (Candi bentar)
Candi bentar ឬច្រកផ្លូវបំបែក គឺជាច្រកទ្វារចូលរបស់ជនជាតិជ្វា និងបាលីបុរាណ ដែលត្រូវបានរកឃើញជាទូទៅនៅច្រកចូលនៃបរិវេណសាសនា វិមាន ឬទីបញ្ចុះសពនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ Candi bentar ត្រូវបានរកឃើញជាទូទៅនៅក្នុងកោះ Java, Bali និង Lombok។

៤. ខ្លោងទ្វារក្រុងវ៉េ (Meridian Gate)
ខ្លោងទ្វារនេះគឺនៅច្រកខាងត្បូងនៃអតីតរាជវាំងក្រុងវ៉េ នៃប្រទេសវៀតណាម ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៨៣៣ តាមរចនាបថរាជវង្សង្វៀន ក្រោមការគ្រប់គ្រងរបស់អធិរាជមីងម៉ាង (Minh Mạng)។

៥. ខ្លោងទ្វារបន្ទាយហ្វតសាំងទីយ៉ាហ្គោ (Fort Santiago)
បន្ទាយ Fort Santiago គឺស្ថិតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៥៧១ ដោយទេសាភិបាលជនជាតិអេស្ប៉ាញ Miguel López de Legazpi ដើម្បីជាបន្ទាយទ័ពការពារទីក្រុងម៉ានីល ដែលទើបបង្កើតថ្មីក្នុងសម័យអាណានិគមអេស្ប៉ាញនៅប្រទេសហ្វីលីពីន។