(ភ្នំពេញ)៖ មេបញ្ជាការយោធាដែលក្មេងជាងគេបំផុតនៅលើពិភពលោក បានជាប់ក្នុងកំណត់ត្រាពិភពលោក (Guinness Worlds Record) បន្ទាប់ពីកើតមានព្រឹត្តិការណ៍ចាប់ចំណាប់ខ្មាំងមួយនៅប្រទេសថៃ នាឆ្នាំ២០០០។
នៅអំឡុងឆ្នាំ២០០០ ក្រុមជនជាតិភាគតិចការែន ដែលបដិសេធមិនចូលរួមជាមួយសហភាពមីយ៉ាន់ម៉ា បានបង្កើតកងទ័ពព្រៃមួយក្រុមដែលគេស្គាល់ថា «កងទ័ពព្រះ God's Army» ដែលដឹកនាំដោយកូនភ្លោះ២នាក់មានត្រឹមអាយុ១២ឆ្នាំ ម្នាក់ឈ្មោះ Luther និងម្នាក់ទៀតឈ្មោះ Johnny Htoo។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០០ មេបញ្ជាការយោធាដែលក្មេងទាំង២រូបនេះ បានបញ្ជាឱ្យកងទ័ពព្រះរបស់ខ្លួនចាប់មនុស្ស៧០០នាក់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល២៤ម៉ោង នៅមន្ទីពេទ្យមួយក្នុងខេត្តរាជបុរី (Ratchaburi) ភាគខាងលិចប្រទេសថៃ និងបានទាមទារឱ្យគ្រូពេទ្យព្យាបាលយុទ្ធមិត្តដែលរងរបួសនៅឯមូលដ្ឋានភ្នំរបស់ពួកគេ។
ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងនៅពេលក្រោយក្នុងប្រតិបត្តិការយោធារបស់កងកុម្មង់ដូនៃប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០០០។ ក្នុងប្រតិបត្តិការបាញ់តតាំងដើម្បីរំដោះចំណាប់ខ្មាំងនោះ មានកងទ័ពព្រះចំនួន៣នាក់ត្រូវបានសម្លាប់ ក្នុងចំណោម១០នាក់។ យោធាថៃបានអះអាងថា កងទ័ពរបស់ព្រះ ត្រូវបានបង្កើតឡើងនៅពេលដែលក្រុមបំបែកខ្លួនបានចាកចេញពីសហភាពជាតិការែន (Karen) ក្នុងឆ្នាំ១៩៩៧៕