(ភ្នំពេញ)៖ ណាប៉ូឡេអុង បូណាប៉ាត (Napoleon Bonaparte) ដែលយើងស្គាល់ថាជា «អធិរាជណាប៉ូឡេអុង» នោះ គឺមានអំណាចខ្លាំងណាស់នាអំលុងចុងសតវត្សទី១៨ ដល់ដើមសតវត្សទី១៩។ ព្រះអង្គមានព្រះអគ្គមហេសី២អង្គ (បន្តបន្ទាប់គ្នា) ដែលប្រពន្ធទី១មានឈ្មោះថា ហ្សូសេហ្វីន ដឺ បូហារណេស (Josephine de Beauharnais) និងព្រះមហេសីទី២មានព្រះនាមថា ម៉ារី ល្វី (Marie Louise) ព្រមទាំងស្នំមួយចំនួនទៀត។
* មេត្រីភាពជាមួយប្រពន្ធទី១
ប្រពន្ធទី១របស់ព្រះចៅណាប៉ូឡេអុង (រៀបការនៅឆ្នាំ១៧៩៦) គឺនាងហ្សូសេហ្វីន ដឺ បូហារណេ (Josephine de Beauharnais) ជាស្ត្រីមេម៉ាយមានកូន២នាក់រួចទៅហើយ ដោយកូនច្បងមានឈ្មោះថា អឺហ្សែន ដឺ បូហាណេ (Eugene de Beauharnais) និងកូនទី២ឈ្មោះថា ហ័រតង់ស៍ ដឺ បូហាណេ (Hortense de Beauharnais)។
១. អឺហ្សែន ដឺ បូហាណេ (Eugene de Beauharnais)
អឺហ្សែន ដឺ បូហាណេ កើតនៅឆ្នាំ១៧៨១។ លោកជាកូនរបស់មេទ័ពបារាំង អាឡិចសង់ ដឺ បូហារណេ (Alexandre de Beauharnais) ជាមួយនាងហ្សូសេហ្វីន ដឺ បូហារណេ។ ដោយសារអាឡិចសង់ត្រូវពលីក្នុងសមរភូមិ ក៏ធ្វើឱ្យហ្សូសេហ្វីនក្លាយជាស្ត្រីមេម៉ាយ ហើយក្រោយមកក៏បានរៀបការជាមួយណាប៉ូឡេអុង នៅឆ្នាំ១៧៩៦ ដែលកាលណោះនៅជាមេទ័ពបារាំងនៅឡើយ។ ក្នុងជីវិតការងាររបស់អឺហ្សែន គឺលោកបាននក្លាយជាអនុប្រធានរដ្ឋនៃប្រទេសអ៉ីតាលី ជាមួយនឹងភក្ដីភាពស្មោះស្ម័គ្រចំពោះព្រះចៅណាប៉ូឡេអុងជាព្រះបិតា ឬឪពុកចុង។ ប៉ុន្តែបន្ទាប់ពីការដួលរលំរាជបល្ល័ង្ករជ្ជកាលទី១របស់ព្រះចៅណាប៉ូឡេអុង នៅឆ្នាំ១៨១៤ ព្រះអង្គម្ចាស់ អឺហ្សែន ដឺ បូហាណេ ត្រូវបានគេនិរទេសឱ្យទៅរស់នៅអាណាចក្រប៉ាវ៉ារីយ៉ា (Kingdom of Bavaria) ដែលបច្ចុប្បន្នស្ថិតនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ហើយបានទទួលមរណភាពនៅឆ្នាំ១៨២៤។
២. ហ័រតង់ស៍ ឌឺ បូហារណេ (Hortense de Beauharnais)
ហ័រតង់ស៍ ឌឺ បូហារណេ កើតនៅឆ្នាំ១៧៨៣ ជាកូនស្រីទី២របស់អាឡិចសង់ ដឺ បូហារណេ ជាមួយនាងហ្សូសេហ្វីន ឌឺ បូហារណេ។ នាងហ័រតង់ស៍បានរៀបអភិសេកជាមួយព្រះអនុជរបស់ព្រះចៅណាប៉ូឡេអុង គឺព្រះអង្គម្ចាស់ល្វី បូណាប៉ាត (Louis Bonaparte) នៅឆ្នាំ១៨០២។ ក្រោយមក ព្រះអង្គម្ចាស់ល្វី បូណាប៉ាត ក៏ទទួលបានព្រះរាជក្រឹត្យតែងតាំងជាក្សត្រសោយរាជ្យនៅប្រទេសហូឡង់ (King of Holland) ខណៈព្រះនាងហ័រតង់ស៍ក៏បានក្លាយជាម្ចាស់ក្សត្រីហូឡង់ (Queen of Holland) ផងដែរ។ ព្រះម្ចាស់ក្សត្រីអង្គនេះហើយដែលជាព្រះមាតារបស់ព្រះចៅណាប៉ូឡេអុងទី៣ (Napoleon III) អធិរាជដ៏ខ្លាំងក្លានៃចក្រភពបារាំង។ បន្ទាប់ពីការដាក់រាជ្យរបស់ព្រះចៅ ល្វី បូណាប៉ាត និងការចាកចេញពីប្រទេសហូឡង់ ម្ចាស់ក្សត្រីហ័រតង់ស៍ក៏ត្រូវបានគេនិរទេសឱ្យទៅរស់នៅភូមិជនបទមួយនៃប្រទេសស្វីសសព្វថ្ងៃ ហើយបានសោយទិវង្គតនៅឆ្នាំ១៨៣៧។
គួរជម្រាបថា នៅពេលណាប៉ូឡេអុងបានក្លាយជាព្រះចៅអធិរាជនៃចក្រភពបារាំង ទ្រង់ក៏បានតែងតាំង ហ្សូសេហ្វីន ដឺ បូហារណេ (Josephine de Beauharnais) ជាព្រះរាជអគ្គមហេសី និងជាព្រះមាតាជាតិ។ ប៉ុន្តែហ្សូសេហ្វីនមិនបានធ្វើខ្លួនឱ្យសមប្រកបនឹងឋានៈជាក្សត្រសោះឡើយ ដោយព្រះនាងបានខ្ជះខ្ជាយព្រះរាជ្យទ្រព្យរបស់រាជការទៅលើរបស់របរប្រណីតៗ គ្រឿងសម្អាងថែរក្សាសម្ផស្ស ហាក់មិនសូវខ្វាយខ្វល់អំពីព្រះស្វាមីរបស់ខ្លួនដែលកំពុងធ្វើសង្គ្រាមនៅឆ្ងាយនោះឡើយ។ ដូច្នេះហើយទើបនៅឆ្នាំ១៨១០ ព្រះចៅណាប៉ូឡេអុងបានទម្លាក់ព្រះអគ្គមហេសី ហ្សូសិហ្វីន ពីឋានៈព្រះមាតាជាតិ ហើយក្រោយមកក៏បានលែងលះជាមួយនាងដាច់ស្រឡះតែម្ដង។ រឿងដែលគួរឱ្យសោកស្ដាយនោះ គឺព្រះចៅណាប៉ូឡេអុងមិនមានបុត្រជាមួយប្រពន្ធទី១ ហ្សូសិហ្វីន នោះឡើយ។