(ភ្នំពេញ)៖ បន្ទាប់ពីបរាជ័យក្នុងរឿងស្នេហាជាមួយអតីតព្រះរាជអគ្គមហេសី ហ្សូសេហ្វីន ដឺ បូហារណេ (Josephine de Beauharnais) ព្រះចៅណាប៉ូឡេអុងក៏បានជួបស្នេហាជាមួយព្រះរាជអគ្គមហេសីទី២ គឺព្រះនាង ម៉ារី ល្វី (Marie Louise) ដែលជាព្រះនាងម្ចាស់នៃចក្រភពអូទ្រីស។
* មេត្រីភាពជាមួយមហេសីទី២
មុនពេលលើកទ័ពចូលឈ្លានពានចក្រភពរុស្ស៉ី ព្រះចៅណាប៉ូឡេអុងបានចូលទៅវាយលុកចក្រភពអូទ្រីសនៅឆ្នាំ១៨១០ ជាមុនសិន។ ប៉ុន្តែក្នុងពេលច្បាំងជាមួយកងទ័ពអូទ្រីសនោះ ព្រះអង្គបានទតឃើញព្រះនាងម្ចាស់មួយអង្គមានព្រះភក្ត្រល្អស្រស់សោភា គួរឱ្យចង់នែបនិត្យប្រតិព័ទ្ធ។ ព្រះនាងម្ចាស់អង្គនេះមានព្រះនាមថា ម៉ារី ល្វី (Marie Louise) ដែលជាព្រះរាជបុត្រីរបស់អធិរាជអូទ្រីស គឺព្រះចៅហ្វ្រង់ស៉ីសទី២ (Francis II)។ ព្រះចៅណាប៉ូឡេអុងបានចូលខ្លួនចែចូវព្រះនាង ម៉ារី ហើយអ្នកទាំងពីរក៏បានរៀបអភិសេកជាមួយគ្នានៅឆ្នាំ១៨១០។ តាំងពីពេលនោះមក ព្រះរាជអគ្គមហេសី ម៉ារី ក៏ទទួលបានគោរមងារជាសម្ដេចព្រះមាតាជាតិនៃចក្រភពបារាំងវិញម្ដង។ នៅឆ្នាំ១៨១១ សហព័ទ្ធក្សត្រទាំងទ្វេក៏ទទួលបានបុត្រាមួយអង្គមានព្រះនាមថា ណាប៉ូឡេអុង ហ្វ្រង់ស័រ ហ្សូសេប ឆាលស៍ បូណាប៉ាត (Napoléon François Joseph Charles Bonaparte) ដែលយើងស្គាល់ថាជា «ព្រះចៅណាប៉ូឡេអុងទី២»។
១. ណាប៉ូឡេអុងទី២ (Napoleon II)
ព្រះអង្គត្រូវបានប្រសូត្រនៅឆ្នាំ១៨១១។ ទ្រង់ត្រូវបានព្រះចៅណាប៉ូឡេអុងជាព្រះបិតា ត្រាស់បង្គាប់តែងតាំងជាក្សត្រសោយរាជ្យនៅប្រទេសអ៉ីតាលី។ ក្រោយមក ព្រះអង្គក៏បានក្លាយជាអធិរាជនៃចក្រភពបារាំង បន្ទាប់ពីព្រះបិតាត្រូវគេទម្លាក់ពីរាជបល្ល័ង្កនៅឆ្នាំ១៨១៥ ប៉ុន្តែទ្រង់មិនដែលគ្រប់គ្រងរាជ្យកិច្ចដោយផ្ទាល់នោះទេ ឬក៏សឹងតែមិនពាក់ព័ន្ធនឹងរាជ្យកិច្ចនោះឡើយ។ បន្ទាប់មកទៀត ព្រះអង្គក៏បានដាក់រាជ្យ ហើយបានផ្លាស់ទៅរស់នៅរាជធានីវ្យែននៃចក្រភពអូទ្រីសវិញ ក្រោមការត្រួតពិនិត្យពីសំណាក់រាជវង្សអូទ្រីសរបស់ព្រះមាតាទ្រង់។ ជាអកុសល ព្រះចៅណាប៉ូឡេអុងទី២បានសោយទិវង្គតនៅឆ្នាំ១៨៣២ ក្នុងព្រះជន្មាយុ២១វស្សា ដោយជំងឺរបេង។