(ភ្នំពេញ)៖ ក្រៅពីកូនដើមទាំង២រូប និងកូនបង្កើតទាំង៣អង្គនោះ ព្រះចៅណាប៉ូឡេអុងក៏មានក្មួយនិងចៅមួយចំនួនទៀតដែរ ដែលនៅបន្តអធិរាជភាពរបស់រាជវង្សណាប៉ូឡេអុង។
១. ណាប៉ូឡេអុង ឆាលស៍ បូណាប៉ាត (Napoleon Charles Bonaparte)
ព្រះអង្គម្ចាស់ណាប៉ូឡេអុង ឆាលស៍ បូណាប៉ាត ត្រូវបានប្រសូត្រនៅឆ្នាំ១៨០២ ព្រះអង្គជាបុត្រទី១របស់ព្រះចៅល្វី បូណាប៉ាត (Louis Bonaparte) ជាក្សត្រនៃហូឡង់ (ព្រះអនុជរបស់ព្រះចៅណាប៉ូឡេអុង) និងម្ចាស់ក្សត្រីហ័រតង់ស៍ ឌឺ បូហារណេ (Hortense de Beauharnais) ដែលត្រូវជាកូនដើមរបស់ព្រះចៅណាប៉ូឡេអុង។ តាមពិតទៅ ព្រះអង្គម្ចាស់ណាប៉ូឡេអុង ឆាលស៍ បូណាប៉ាត អាចនឹងត្រូវឡើងសោយរាជ្យនៅចក្រភពបន្តពីព្រះចៅណាប៉ូឡេអុង ប៉ុន្តែជាអកុសល ទ្រង់បានសោយទិវង្គតនៅត្រឹមព្រះជន្ម៤វស្សា នៅឆ្នាំ១៨០៧។
២. ណាប៉ូឡេអុង ល្វី បូណាប៉ាត (Napoleon Louis Bonaparte)
ព្រះអង្គម្ចាស់ណាប៉ូឡេអុង ល្វី បូណាប៉ាត ត្រូវបានប្រសូត្រនៅឆ្នាំ១៨០៤ ព្រះអង្គជាបុត្រទី២របស់ព្រះអង្គជាបុត្រទី១របស់ព្រះចៅល្វី បូណាប៉ាត (Louis Bonaparte) និងម្ចាស់ក្សត្រីហ័រតង់ស៍ ឌឺ បូហារណេ (Hortense de Beauharnais)។ ទ្រង់បានក្លាយជាក្សត្រនៅហូឡង់បន្ទាប់ព្រះចៅល្វី បូណាប៉ាត ជាព្រះបិតា ប៉ុន្តែនៅពេលអំណាចអធិរាជរបស់ព្រះចៅណាប៉ូឡេអុងត្រូវបានផ្ដួលរំលំ ព្រះចៅណាប៉ូឡេអុង ល្វី បូណាប៉ាត ក៏ត្រូវបានពួកហូឡង់និរទេសទៅដល់ទឹកដីអ៉ីតាលី ហើយក៏បានសោយទិវង្គតនៅឆ្នាំ១៨១៣។
៣. ព្រះចៅណាប៉ូឡេអុងទី៣ (Napoleon III)
ព្រះអង្គមានព្រះនាមដើមហៅថា ល្វី ណាប៉ូឡេអុង បូណាប៉ាត (Louis Napoleon Bonaparte) ត្រូវបានប្រសូត្រនៅឆ្នាំ១៨០៨។ ក្នុងជីវិតការងាររបស់ទ្រង់ ល្វី ណាប៉ូឡេអុង បូណាប៉ាត បានក្លាយជាប្រធានាធិបតីដំបូងរបស់ប្រទេសបារាំង ហើយក្រោយមកក៏បានឡើងធ្វើជាព្រះចៅអធិរាជនៃចក្រភពបារាំង ដោយមានព្រះបរមនាមសម្រាប់រាជ្យថា ព្រះចៅណាប៉ូឡេអុងទី៣ ចាប់ពីឆ្នាំ១៨៤៨-១៨៧០។ បន្ទាប់ពីបរាជ័យក្នុងសង្គ្រាមបារាំង-ព្រូស៉ីស (Franco-Prussian wars) ព្រះអង្គក៏ត្រូវបានក្រុមសភាផ្ដួលរំលំរាជបល្ល័ង្ក ហើយក៏បាននិរទេសទ្រង់ឱ្យទៅរស់នៅប្រទេសអង់គ្លេស រហូតដល់សោយទិវង្គតនៅឆ្នាំ១៨៧៣៕