(ភ្នំពេញ)៖ មានទំហំប្រមាណ២,៥០០,០០០គីឡូម៉ែត្រក្រាឡា ខ្ពស់រាបទីបេដែលជាប់ជាមួយជួរភ្នំហិមាល័យនោះ គឺជាតំបន់ខ្ពស់បំផុតរបស់ពិភពលោក ដែលជាទូទៅគេហៅថា «ដំបូលពិភពលោក» ខណៈយន្តហោះទាំងឡាយមិនអាចហោះហើរឆ្លងកាត់បាននោះឡើយ។
មានហេតុផលចម្បង៤យ៉ាង ដែលធ្វើឱ្យយន្តហោះមិនអាចហោះកាត់ពីលើខ្ពស់រាបទីបេបាន៖
* ហេតុផលចម្បងទី១៖
ខ្ពស់រាបទីបេមានកម្ពស់ជាមធ្យម៤,៥០០ម៉ែត្រ ដែលសម្បូរទៅដោយភ្នំខ្ពស់ច្រូងច្រាង តួយ៉ាងដូចជាភ្នំ Everest ដែលមានកម្ពស់ដល់ទៅ៨,៨៤៨ម៉ែត្រ។ យន្តហោះធុនពាណិជ្ជកម្មហោះហើរបានក្នុងរយៈកម្ពស់១០,០០០ម៉ែត្រ ប៉ុន្តែនៅពេលមានអាសន្ន យន្តហោះទាំងនោះត្រូវបន្ទាបខ្លួនមកនៅត្រឹមរយៈកម្ពស់៣,០០០ម៉ែត្រ ដែលកម្ពស់នេះគឺទាបជាងកម្ពស់មធ្យមរបស់ខ្ពស់រាបទីបេទៅទៀត ដូច្នេះគេមិនអាចប្រថុយបើកហោះហើរឆ្លងកាត់តំបន់នេះឡើយ។
* ហេតុផលចម្បងទី២៖
អាកាសធាតុនៅខ្ពស់រាបទីបេ មិនអាចព្យាករណ៍ទុកមុនបានឡើយ ពេលខ្លះមានខ្យល់បកខ្លាំង ដែលធ្វើឱ្យមានហេតុរង្គើយន្តហោះខ្លាំងជាងធម្មតា ហើយនៅពេលខ្លះទៀតក៏មានការផ្លាស់ប្ដូរអាកាសធាតុភ្លាមៗដែរ ដែលជាបញ្ហាប្រឈមខ្លាំងបំផុតក្នុងការហោះហើរ។
* ហេតុផលចម្បងទី៣៖
កង្វះអាកាសយានដ្ឋានក្នុងតំបន់ខ្ពង់ខ្ពស់ទីបេ ក្នុងនោះមានតែអាកាសយានដ្ឋានខ្នាតតូច៥កន្លែងប៉ុណ្ណោះនៅជុំវិញតំបន់នោះ រួមមាន៖ ១-អាកាសយានដ្ឋានឡាសាកុងការ (Lhasa Gonggar Airport) ២-អាកាសយានដ្ឋាន Shigatse Peace Airport ៣-អាកាសយានដ្ឋាន Nyingchi Mainling Airport ៤-អាកាសយានដ្ឋាន Ngari Gunsa Airport និង៥-អាកាសយានដ្ឋាន Chamdo Bangda Airport ដែលមិនអាចធានាក្នុងការចុះចតភ្លាមៗរាល់ពេលមានអាសន្ននោះឡើយ។
* ហេតុផលចម្បងទី៤៖
ខ្ពង់រាបទីបេ គឺដាច់ស្រយាលធំធេងខ្លាំងណាស់ ហើយដោយសារបរិយាកាសដ៏អាក្រក់របស់វា មិនមានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសច្រើនទេ។ នេះធ្វើឱ្យអ្នកបើកយន្តហោះពិបាកទំនាក់ទំនង និងរុករកតាមតំបន់។ បើគ្មានការគាំទ្រពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសខ្លាំង ការហោះហើរលើខ្ពង់រាបកាន់តែមានគ្រោះថ្នាក់។
សរុបមក ទោះបីជាខ្ពង់រាបទីបេជាផ្នែកដ៏គួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតនៃពិភពលោកក៏ដោយ ភូមិសាស្ត្រដ៏លំបាក និងលក្ខខណ្ឌអាកាសធាតុខ្លាំងរបស់វា ធ្វើឱ្យយន្តហោះភាគច្រើនមិនអាចចូលទៅដល់បាន។ តំបន់នេះនៅតែជាកន្លែងអាថ៌កំបាំង និងការផ្សងព្រេង ប៉ុន្តែត្រូវបានជៀសវាងដោយក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន ដោយសារហានិភ័យធ្ងន់ធ្ងរពាក់ព័ន្ធនឹងការហោះហើរ៕