(ភ្នំពេញ)៖ គិតមកដល់ពេលបច្ចុប្បន្ន មានអវកាសយានិកជាច្រើនបានឡើងទៅកាន់ទីអវកាស និងឋានព្រះចន្ទ ប៉ុន្តែក៏មានសត្វជាច្រើនប្រភេទទៀតដែរដែលបានឡើងទៅកាន់ទីអវកាសដូចមនុស្សយើង។ តើអ្នកដឹងទេថា សត្វទាំងនោះជាសត្វអ្វីខ្លះ ហើយមានរឿងអ្វីកើតឡើងខ្លះក្នុងពេលបញ្ជូនពួកវាទៅកាន់លម្ហចក្រវាឡនោះ?
មុនពេលមនុស្សឡើងទៅកាន់ទីអវកាស ពួកគេបានបញ្ជូនសត្វតូចធំច្រើនប្រភេទច្រើនក្បាលឱ្យឡើងទៅសាកល្បងជាមុន ប៉ុន្តែការបញ្ជូននេះពេលខ្លះក៏ទទួលបានជោគជ័យ ពេលខ្លះក៏បរាជ័យ ហើយបានបណ្ដាលឱ្យសត្វទាំងនោះស្លាប់ជាបន្តបន្ទាប់ផងដែរ។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៧ អង្គការណាសារបស់សហរដ្ឋអាមេរិកបានបង្ហោះយានអវកាសឈ្មោះ V2 ចេញពីរដ្ឋញូវម៉ិកស៉ិកទៅកាន់ទីអវកាសលើកដំបូង ដោយនៅក្នុងយានអវកាសនេះក៏មានផ្ទុកនូវបាក់តេរី និងសត្វរុយខ្លះដែរ។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ អាល់បឺតទី២ (Albert II) គឺជាសត្វស្វាទី១ដែលបានឡើងទៅដល់ទីអវកាស ប៉ុន្តែវាបានស្លាប់ក្នុងពេលចុះមកកាន់ផែនដីវិញ។ ក្រោយមក សត្វស្វាចំនួន២ក្បាលទៀត គឺអាល់បឺតទី៣ និងអាល់បឺតទី៤ ក៏បានងាប់បន្តទៀតដែរ ដោយសារការបាញ់រ៉ុក្កែតបញ្ជូនយានទៅកាន់អវកាសត្រូវបរាជ័យ។ គួរជម្រាបថា រហូតមកដល់ពេលនេះ មានសត្វស្វាសរុបចំនួន៣២ក្បាលហើយដែលបានជិះយានឡើងទៅទីអវកាស ហើយស្វាដែលមានភាពល្បីឈ្មោះជាងគេគឺស្វាឈ្មោះ ឈីមផេនហ្ស៉ី (Chimpanzees)។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥០ កណ្តុរមួយក្បាលត្រូវបានគេបញ្ជូនទៅកាន់ទីអវកាសទៀត ប៉ុន្តែវាបានស្លាប់មុនពេលធ្វើដំណើរវិលត្រឡប់មកផែនដីវិញ។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៥៧ សហភាពសូវៀតបានដាក់សត្វឆ្កែ១ក្បាលឈ្មោះ ឡៃកា (Laika) នៅលើផ្កាយរណបស្ពឺតនិកធូ (Sputnik 2)។ សុនខឡៃកាបានជាប់ឈ្មោះជាសត្វដំបូងគេដែលធ្វើដំណើរគោចរជុំវិញភពផែនដីបានសម្រេច ប៉ុន្តែគួរឱ្យស្ដាយឆ្កែដ៏កម្សត់មួយនេះបានស្លាប់នៅពេលយានស្ពឺតនិកធូហោះហើរត្រឡប់មកផែនដីវិញក្នុងថ្ងៃដដែលនោះ។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៦៣ បារាំងបានបញ្ជូនសត្វឆ្មា១ក្បាលដំបូងរបស់ខ្លួនទៅក្នុងលម្ហអវកាស។ វាបានឡើងកម្ពស់១៦០គីឡូម៉ែត្រ ហើយចុះចតដោយសុវត្ថិភាព។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៨ សហភាពសូវៀតបានបញ្ជូនសត្វអណ្តើកចំនួន២ក្បាលឱ្យជិះយានអវកាសឡើងទៅទីអវកាស និងបានធ្វើគោចរជុំវិញព្រះចន្ទ។ ៧ថ្ងៃក្រោយ យាននេះក៏បានវិលត្រឡប់មកកាន់ផែនដីវិញ ហើយសត្វអណ្កើកទាំង២ក្បាលនោះក៏នៅរស់រានផងដែរ។
សូមជម្រាបថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិកសូវៀត គឺលោក យូរី ហ្កាហ្ការីន (Yuri Gagarin) បានក្លាយជាមនុស្សដំបូងគេដែលហោះហើរនៅទីអវកាស។ យានអវកាសដែលលោកបានជិះឡើងទៅនោះមានឈ្មោះថា វ៉ូស្តុកវ័ន (Vostok I)៕
ដោយ៖ អាន គុន្ធធារ៉ា