(ភ្នំពេញ)៖ តិចសាស់ (Texas state) គឺជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅតំបន់កណ្តាលភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ជាទូទៅ គេដឹងថា តិចសាស់ គឺជារដ្ឋទី២៨របស់សហរដ្ឋអាមេរិក (បច្ចុប្បន្នមាន៥០រដ្ឋ) ប៉ុន្តែមិនសូវមានអ្នកដឹងទេថា នៅមុននេះ តិចសាស់ក៏ធ្លាប់ជាសាធារណរដ្ឋ ឬប្រទេសឯករាជ្យមួយដែរ។

ក្នុងសម័យអាណានិគមនិយមអឺរ៉ុប ចក្រភពអេ​ស្ប៉ា​ញ គឺជា​ប្រទេសដំបូងគេដែលកាន់កាប់គ្រប់គ្រងទឹកដីតិចសាស់នេះ​ ដោយបានចូលទៅគ្រប់គ្រងនៅឆ្នាំ១៧១៦ ហើយក៏បានបង្កើតទីក្រុងមួយឈ្មោះថា San Antonio (សាន់ អាន់តូនីញ៉ូ)។ បន្ទាប់មក បារាំង ដែលកំពុងគ្រប់គ្រងទឹកដីល្វីស្យាណា (Louisiana) ក៏បានដណ្ដើមយកតិចសាស់ពីអេស្ប៉ាញ។ ក្រោយទទួលបានជ័យជម្នះក្នុងសង្គ្រាមឯករាជ្យម៉ិកស៉ិក (Mexican War of Independence) ប្រទេសថ្មីហើយធំមួយនេះក៏បានបណ្ដេញពួកអឺរ៉ុបចេញ ហើយគ្រប់គ្រងទឹកដីតិចសាស់ជំនួសវិញ។

រហូតដល់ឆ្នាំ១៨៣៥ បដិវត្តតិចសាស់ក៏បានផ្ទុះឡើង រហូតឈានដល់ការប្រកាសឯករាជ្យពីប្រទេសម៉ិកស៉ិក និងបង្កើតសាធារណរដ្ឋតិចសាស់ (Republic of Texas) ជាផ្លូវការ នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៨៣៦។ ប្រទេសម៉ិកស៉ិកតែងតែគំរាមកំហែងផ្នែកយោធានិងសេដ្ឋកិច្ចចំពោះសាធារណរដ្ឋតិចសាស់ ដែលកាន់តែធ្វើឱ្យតិចសាស់ខិតទៅជិតសហរដ្ឋអាមេរិក។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨៤៥ តិចសាស់ក៏សម្រេចចូលរួមជាមួយសហរដ្ឋអាមេរិកជារដ្ឋទី២៨ ពោលតិចសាស់ឈរជាប្រទេសឯករាជ្យបានត្រឹមប្រមាណ១០ឆ្នាំប៉ុណ្ណោះ។ ការបញ្ចូលរដ្ឋនេះក៏បាននាំទៅដល់សង្រ្គាមម៉ិកស៊ិក-អាមេរិកក្នុងឆ្នាំ១៨៤៦ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន រដ្ឋតិចសាស់មានព្រំប្រទល់ខាងកើតជាប់រដ្ឋល្វីស្យាណា (Louisiana state) នៅភាគឦសានជាប់រដ្ឋអាកាន់សាស់ (Arkansas state) នៅភាគខាងជើងជាប់រដ្ឋអូក្លាហូម៉ា (Oklahoma state) នៅភាគពាយព្យនិងខាងលិចជាប់រដ្ឋញូវម៉ិកស៊ិក (New Mexico state) និងនៅភាគនិរតីនិងខាងត្បូងជាប់ជាមួយប្រទេសម៉ិកស៉ិក។ រដ្ឋតិចសាស់ក៏ជាប់នឹងឈូងសមុទ្រម៉ិកស៊ិកនៅភាគអាគ្នេយ៍ដែរ។ គ្របដណ្តប់លើផ្ទៃដី ៦៩៥,៦៦០គីឡូម៉ែត្រក្រឡា និងមានប្រជាជនជាង៣០លាននាក់ គិតត្រឹមឆ្នាំ២០២៣ វាជារដ្ឋធំជាងគេទី២ ទាំងតំបន់ និងចំនួនប្រជាជន៕